លោកសុខ ឥសាន បញ្ជាក់មូលហេតុដែលមន្រ្ដីបក្សប្រជាជន ធ្វើការនៅ ស្ថាប័នតុលាការ និងកងកម្លាំងប្រដាប់អាវុធ

05-05-2019 6:39 am 2883

លោកសុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា បានបញ្ជាក់អំពីមូលហេតុ ដែលមន្រ្ដីបក្សកាន់អំ​ណា​ចនេះ ធ្វើការនៅស្ថាប័នតុលាការ និងនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធ បន្ទាប់ពីមានការរិះគន់មកបញ្ហានេះមក។

លោកសុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេលេក្រាម ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សឈ្នះឆ្នោត​។ ដូច្នេះ​គណបក្សប្រជានកម្ពុជា មានសិទ្ធិតែងតំាង និងចាត់តាំងការរងារឲ្យមន្ត្រីរបស់ខ្លួនទៅ​តាមសំណូម​ព​រការងារ នៅតាមស្ថាប័នរដ្ឋ​ ដូចជាមន្ត្រីនៅក្នុងស្ថាប័នតុលាការ​ កងកម្លាំងប្រដាប់អាវុធ​ យោធា កងនគរបាល​ និងបណ្តាក្រសួង​ មន្ទីរនានាតាំងពីថ្នាក់ជាតិដល់មូលដ្ឋាន​។  បញ្ហាសំខាន់​ មន្ត្រីរាជការ​នៅទមស្ថាប័ន​អង្គ​ភាព​ ត្រូវបំពេញតួនាទី​ និងភារកិច្ចស្របតាមតួនាទីភារកិច្ចដែលច្បាប់បានកំណត់​។

អ្នកនាំពាក្យបក្សកាន់អំណាច បានសរសេរបន្ត ថា គណបក្សឈ្នះឆ្នោត​មួយណាដូចមួយណា​ មិនយកមន្ត្រីរបស់គណបក្សផ្សេងឲ្យធ្វើការ នៅក្នុងរាជរដ្ឋាភិបាល និងតាមក្រសួងមន្ទីរទេ លើកលែងតែមានការប្រឡង​ជ្រើស​រើស។ លោកថា នៅក្នុងស្ថាប័នតុលាការ​ គណបញ្ជាការកងកម្លាំង ប្រដាប់អាវុធ​ត្រូវចេញពីគណបក្សឈ្នះឆ្នោត​ មិនយកចេញពីគណបក្សប្រឆាំង និងពីគណបកសប្រកួតប្រជែងឡើយ​។

ចំពោះគណបក្សឈ្នះឆ្នោត ក៏តែងតាំងមន្រ្តីយកចេញ ពីជួរយុវជនរបស់ខ្លួនដែរ​ មិនយកយុវជនពីគណបក្សផ្សេងឡើយ។ រីឯរចនាសម្ព័ន្ធរបស់គណបក្សប្រជានកម្ពុជា មានទម្រង់ប្រហាក់ប្រងែល នឹងគណបក្សផ្សេង​ៗ​ដែរ​ គ្រាន់តែប្រើពាក្យទៅតាមចំណុចពិសេស របស់ខ្លួនប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់លោកសុខ ឥសាន។

​អ្នកនាំពាក្យបក្សកាន់អំណាច បានបញ្ជាក់បន្ថែម ថា”ចាប់តាំងពីឆ្នាំ១៩៩៣រហូតមក​ គណបក្សនយោ​បាយទាំងអស់ សុទ្ធតែជាគណបក្សសេរីនិយម​ ក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាតែមួយ ​ដែល​ប្រកាន់​របប​នយោបាយ ប្រជាធិបតយ្យសេរីពហុបក្ស​។ ដូច្នេះ​ការចោទថា គណបក្សប្រជាជនកម្ពុជាកុំមុយនីស្តិ៍ ​គឺមិនត្រឹមត្រូវសោះឡើយ”៕  

ព័ត៌មានផ្សេងទៀត