ក្រសួង​ការងារ​៖ គ្រោះថ្នាក់​ការងារ​នៅ​ឆ្នាំ​២០១៨​ថយចុះ​ជា​ង​១៨%

04-05-2019 11:46 am 692
  ស្តាប់
ស្តាប់ជាសំឡេង

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ថ្លែងថា គ្រោះថ្នាក់​ការងារ​នៅក្នុង​ឆ្នាំ​២០១៨ បាន​ថយចុះ​ជាង​១៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​ចូលរួម​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា...

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថ្លែងថា របាយការណ៍​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​បង្ហាញថា គ្រោះថ្នាក់​ការងារ ករណី​ស្លាប់ និង​ការចំណាយ​ទៅលើ​សំណង​ហានិភ័យ​ការងារ​ឆ្នាំ​២០១៨ បាន​ថយចុះ​ស្មើនឹង ១៨,២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៧ កន្លងទៅ ។​

​ក្នុងនោះ គ្រោះថ្នាក់​ការងារ​សរុប​ចំនួន ៣៤.៨០៨​ករណី រួម​មាន​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ មាន​ចំនួន ២៥.២០៦​នាក់ គ្រោះថ្នាក់​ពេល​ធ្វើដំណើរ​ចំនួន ៩.៥៣០​នាក់ និង​ផ្សេងៗ​ចំនួន​៧២​នាក់ ។​

​ដោយឡែក ចំពោះ​ករណី​ដួលសន្លប់​របស់​កម្មករ​និយោជិត បាន​ថយចុះ​ចំនួន​៥៤,៥៥% កើតឡើង​នៅក្នុង​២២​សហគ្រាស​-​គ្រឹះស្ថាន នៅ​ឆ្នាំ​២០១៧ មក​ត្រឹម​១០​សហគ្រាស​-​គ្រឹះស្ថាន នៅ​ឆ្នាំ​២០១៨ ដែល​នេះ បង្ហាញ​ពី​ការយកចិត្តទុកដាក់​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការបង្ការ​សុវត្ថិភាព និង​សុខភាព​ការងារ​នៅ​កន្លែងធ្វើការ ។​

​បើ​តាម​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា តាម​ការប៉ាន់ប្រមាណរ​បស់​អង្គការ​ILO​បានឱ្យដឹងថា កម្មករនិយោជិត​ចំនួន ២,៧៨​លាន​នាក់ បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ការងារ និង​ជំងឺ​វិជ្ជាជីវៈ​ជា​រៀងរាល់ឆ្នាំ នៅលើ​សាកលលោក ។ ក្នុងចំណោម​នោះ មាន​កម្មករ ២,៤​លាន​នាក់​បាន​ស្លាប់ ព្រមទាំង​៣៧៤​លាន​នាក់​ទៀត បាន​ទទួលរង​នូវ​គ្រោះថ្នាក់​ការងារ​ដែល​មិន​បណ្តាលឱ្យ​ស្លាប់ ៕

ព័ត៌មានផ្សេងទៀត