កូរ៉េខាងជើង​​បាញ់​មី​ស៊ី​ល​​​រយៈ​ចម្ងាយ​ខ្លី​យ៉ាងភ្ញាក់ផ្អើល​​​នា​ព្រឹក​ថ្ងៃទី​០៤​​ឧសភា​នេះ​

04-05-2019 9:16 am 1688
  ស្តាប់
រូបភាព​មីស៊ីល​ដែលកូរ៉េខាងជើងបាញ់កន្លងមក
ស្តាប់ជាសំឡេង

​តាម​របាយការណ៍​បញ្ជាក់ពី​កូរ៉េខាងត្បូង​បានឲ្យដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​០៤​ឧសភា​នេះ​កូរ៉េខាងជើង​បាន​ធ្វើតេស្ដ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​​​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ មី​ស៊ី​ល​​នោះ​បាញ់​ចេញពី​តំបន់​ភាគ​ខាងកើត​ប្រទេស គឺ​ចេញពី​តំបន់​Hodo ​​មាន​រយៈ​ចម្ងាយ​ចន្លោះ​ពី​៧០​ទៅ​២០០​គីឡូម៉ែត្រ​។ ខណៈ​នេះ​នៅ​មិនទាន់​កំណត់​អត្ដ​សញ្ញាណ​មី​ស៊ី​ល​បានទេ ដោយ​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បញ្ជាក់ថា ក្រុម​ជំនាញ​របស់ខ្លួន​កំពុង​វិភាគ​ព័ត៌មាន​បន្ថែម​។​

​ការបាញ់​មី​ស៊ី​ល​យ៉ាង​ភ្ញាក់ផ្អើល​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​កិច្ច​ជំនួប​លើក​ទី​ពីរ​រវាង​លោក​គីម ជុង​អ៊ុន​ជាមួយ​លោក​ដូណាល់ ត្រាំ នៅក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២៧-២៨​ខែ​កុម្ភៈ បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។ កូរ៉េខាងជើង​និង​អាមេរិក​ពេលនេះ​កំពុង​ជាប់គាំង​ក្នុង​ដំណើរការ​រំលាយ​នុយក្លេអ៊ែ​រ ព្រោះ​ចរចា​មិនត្រូវ​លើ​លក្ខខណ្ឌ​ដក​ទណ្ឌកម្មសេដ្ឋកិច្ច​។ 

​អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​ដែល​កូរ៉េខាងជើង​ផ្អាក​ធ្វើតេស្ដ​មី​ស៊ី​ល ក្រោយពី​បាន​ជួបចរចា​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ប្រធានាធិបតី​អាមេរិក​។ ជាង​មួយ​ឆ្នាំនេះ​ស្ថានការណ៍​នៅលើ​ឧបទ្វីប​កូរ៉េ​ក៏បាន​ស្ងប់ស្ងាត់ និង​មានរឿង​ល្អៗ​ជាច្រើ​បានកើតឡើង​ក្រោយពេល​លោក​គីម ជុង​អ៊ុន​បាន​ព្រមព្រៀង​ជាមួយ​កូរ៉េខាងត្បូង​និង​អាមេរិក​។ 

​ប៉ុន្ដែ​បញ្ហា​ជាប់គាំង​ធំ​បំផុត​បច្ចុប្បន្ន គឺ​ការរំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បាន​សន្យា​ជាមួយ​កូរ៉េខាងត្បូង​និង​អាមេរិក ប៉ុន្ដែ​ដំណើរការ​រំលាយ​ដើរ​ទៅមុខ​យឺត​បំផុត​។ កូរ៉េខាងជើង​មិន​ពន្លឿន​ការរំលាយ​នុយក្លេអ៊ែរ ដោយសារ​អាមេរិក​មិន​ព្រម​ដក​ទណ្ឌកម្ម​ចេញ​ខ្លះ​។ កូរ៉េខាងជើង​ធ្លាប់​ប្រតិកម្ម​ថា​ប្រសិនបើ​អាមេរិក​មិន​ដក​ទណ្ឌកម្ម កូរ៉េខាងជើង​ក៏​មិន​បំផ្លាញ​អាវុធ​នុយក្លេអ៊ែ​រដែរ​។ កូរ៉េខាងជើង​សង្កត់ធ្ងន់​ថាបើ​ស្ថានភាព​មិន​ស្រួល ខ្លួន​នឹង​វិល​ទៅ​ចាប់ផ្ដើម​កម្មវិធី​នុយក្លេអ៊ែរ​ដូចដើម​។ 

​ដូច្នេះ​តើ​កូរ៉េខាងជើង​ពិតជា​លែង​ខ្វល់​ពី​អ្វីដែល​បាន​សន្យា​មែនឬ​? តើ​នេះ​ជា​សារ​ព្រមាន​ទៅ​អាមេរិក​និង​កូរ៉េខាងត្បូង​ជាថ្មី​?

ព័ត៌មានផ្សេងទៀត