លោក​សម​រង្ស៊ី​សាទរ​ក្រោយ​តុលាការ​ភ្នំពេញ​កាត់ទោស​ដាក់ពន្ធនាគា​រ​៨​ឆ្នាំ​បន្ថែម​

03-05-2019 6:59 pm 1782
  ស្តាប់
ស្តាប់ជាសំឡេង

​លោក សម រង្ស៊ី នៅ​ល្ងាច​ថ្ងៃទី​៣ ខែ​ឧសភា បាន​ថ្លែង​តាមរយៈ​ហ្វេ​ស​ប៊ុកខ្លួន​ថា ជា​កិត្តិយស​ដែល​លោក​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​បែបនេះ ។ យ៉ាងណាក៏ដោយ ចំពោះ​បទ​ចោទ ញុះញង់​កងទ័ព លោក​នៅតែ​ថ្លែង​សារ​បែប​ផ្គើន​ថា នឹង​នៅតែ​បន្ត​អំពាវនាវ​លើកទឹកចិត្ត​កងកម្លាំងប្រដាប់អាវុធ ឈប់​ស្តាប់​តាម​បញ្ជា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ...

​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ក្នុង​សំណេ​រលើ​ទំព័រ​ហ្វេ​សប៊ុក​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែ​ឧសភា ថា ជា​កិត្តិយស​របស់​លោក​ទៅវិញ​ទេ ដែល​ត្រូវ​បាន​របប​ផ្តាច់ការ​ផ្តន្ទាទោស ឱ្យ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​បែបនេះ ដោយសារតែ​លោក​គ្រាន់តែ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សន្តិវិធី ។ 

​លោក​បញ្ជាក់ថា « នេះ​បង្ហាញថា​ខ្ញុំ កំពុងតែ​ធ្វើ​ត្រូវ​ហើយ ដោយ​ខិតខំ​ទាមទារ​សេរីភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ​ទាំងមូល » ។​

​លោក សម រង្ស៊ី កាល​ពី​ម្សិលមិញ ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស លើ​បទ​ចោទ​ចំនួន​២​ករណី ដោយ​ក្នុង​មួយ​ករណី ត្រូវ​ដាក់​ពន្ធនាគារ​ចំនួន​៤​ឆ្នាំ សរុប​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​ចំនួន​២០​លាន​រៀល ចូល​ជា​ថវិកា​ជាតិ ។​

​បទ​ចោទ​ទីមួយ គឺ​បទ «​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ និង​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព​» និង​បទ​ចោទ​ទី​ពីរ គឺ​បទ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​» ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា កន្លងទៅ ។​

​យ៉ាងណាក៏ដោយ លោក​សម រង្ស៊ី បាន​និយាយថា ចំពោះ​ការចោទប្រកាន់​លើ​បទ​ចោទ​ទីមួយ លោក​នឹង​រឹតតែ​លើកទឹកចិត្ត​កងកម្លាំងប្រដាប់អាវុធ​ថែម​ទៀត សូម​ឈប់​ស្តាប់​និង​ឈប់​ការពារ​រដ្ឋាភិបាល​លោក ហ៊ុន សែន តែ​ត្រូវ​បែរ​ទាំង​ទឹកចិត្ត ទាំង​ចុង​កាំភ្លើង មក​ការពារ​ប្រជារាស្ត្រ​វិញ ហើយ​ចូលរួម​ចលនា​ស្រោចស្រង់​ជាតិ ដោយ​កម្ចាត់​របប​ផ្តាច់ការ​សព្វថ្ងៃ​នៅ​កម្ពុជា ។​

​ចំពោះ​បទ​ចោទ​ទី​ពីរ លោក​ថា លោក​គ្រាន់តែ​និយាយ​ការពិត ដោយ​អះអាង​ថា ព្រះមហាក្សត្រ​សព្វ​ថ្ងៃ គឺជា​ចំណាប់ខ្មាំង​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បង្ខំ​ឱ្យ​ព្រះអង្គ​ប្រថាប់ត្រា លើ​រាល់​ទង្វើ​អាក្រក់​របស់​លោកនាយក​រដ្ឋមន្ត្រី ៕

ព័ត៌មានផ្សេងទៀត