ស្រីលង្កា​​បង្ហាញ​រូបថត​​ជន​បំផ្ទុះ​​គ្រាប់បែក​​កាលពី​ខែ​មុន​​ជា​សាធារណៈ​

03-05-2019 2:35 pm 647
  ស្តាប់
រូបថតជនបំផ្ទុះគ្រាប់បែកអត្ដឃាតនៅស្រីលង្កា
ស្តាប់ជាសំឡេង

​អាជ្ញាធរ​ស្រីលង្កា​បានបង្ហាញ​អត្ដ​សញ្ញាណ​និង​រូបថត​របស់​បុរស​៨​នាក់​ស្ដ្រី​ម្នាក់ ដែល​ជឿជាក់ថា​បានធ្វើ​សកម្មភាព​វាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​កាលពី​ខែ​មុន​ហើយ​។ ការវាយប្រហារ​កាលពី​ថ្ងៃទី​២១​ខែមេសា​នៅ​សណ្ឋាគារ​និង​ព្រះវិហារ​ជាច្រើន​កន្លែង​ក្នុង​រដ្ឋធានី​Colombo រួមទាំង​ទីតាំង​មួយចំនួនទៀត​បានសម្លាប់​មនុស្ស​២៥៣​នាក់ របួស​ប្រមាណ​៥០០​នាក់​ទៀត​។ កាលពី​ថ្ងៃ​ពុធ​ប៉ូលិស​ស្រីលង្កា​បាន​និយាយថា ជន​បំផ្ទុះ​គ្រាប់បែក​អត្ដ​ឃាត​ទាំងអស់ ត្រូវបាន​កំណត់​អត្ដ​សញ្ញាណ​ក្រោយ​ការធ្វើ​តេស្ដ​DNA​។​

​ប៉ូលិស​បាន​ឲ្យដឹងទៀតថា មេដឹកនាំ​ក្រុម​នេះ​មានឈ្មោះ​Mohamed Zahran និង​បុរស​ម្នាក់ទៀត​ជា​អ្នកទទួលខុសត្រូវ​ការ​វាយប្រហារ​នៅ​សណ្ឋាគារ​Shangri-La​។ ចំណែក​បុរស​ពីរ​នាក់​បានធ្វើ​សកម្មភាព​នៅ​សណ្ឋាគារ​ពីរ​កន្លែង​ទៀត​។ ក្រៅពីនេះ​មាន​បុរស​បីនាក់​បាន​បែងចែក​គ្នា​ចូល​វាយប្រហារ​នៅ​ព្រះវិហារ​បី​កន្លែង ខណៈ​សមាជិក​ពីរ​នាក់​ទៀត​មាន​បុរស​ម្នាក់​ស្ដ្រី​ម្នាក់ បាន​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួនឯង​នៅពេល​ប៉ូលិស​ដេញតាម​ចាប់ខ្លួន​។ ប៉ូលិស​បានទទួល​ព័ត៌មាន​ដែរ​ថា​បុរស​ពីរ​នាក់​នៃ​ក្រុម​វាយប្រហារ​នេះ​ជា​បងប្អូន​បង្កើត ហើយ​ក្នុងនោះ​មាន​ម្នាក់​បាន​រៀបការ​ជាមួយ​ស្ដ្រី​ដែលជា​អ្នក​បំផ្ទុះ​គ្រាប់បែក​សម្លាប់​ខ្លួនឯង​។​

​មន្ដ្រី​ស៊ើបអង្កេត​បាន​បញ្ជាក់ថា បុរស​ឈ្មោះ​Zahran​ជា​មេក្រុម​រួម​នឹង​បុរស​ម្នាក់ទៀត សង្ស័យ​មាន​ទំនាក់ទំនង​ជា​មួយក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​។ ពេលនេះ​ពួកគេ​កំពុង​បន្ដ​ស៊ើបអង្កេត​វត្ថុ​ជា​កម្មសិទ្ធិ​របស់​ជនបង្ក រួមទាំង​គណនី​ធនាគារ​ផង​ដើម្បី​បញ្ជាក់ឲ្យ​ច្បាស់លាស់​ពី​ប្រវត្ដិ​ទាក់ទង​នឹង​ការវាយប្រហារ​។ ចំពោះ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ចេញមុខ​ទទួលខុសត្រូវ​ថា ការវាយប្រហារ​ដោយ​បំផ្ទុះ​គ្រាប់បែក​សម្លាប់​មនុស្ស​រាប់រយ​នាក់​នេះ​ជា​ទង្វើ​របស់​ពួកគេ ប៉ុន្ដែ​មិន​បានបង្ហាញ​ព័ត៌មាន​លម្អិត​ឡើយ​។​

​សូមបញ្ជាក់ថា ក្រោយ​រងគ្រោះ​ដោយសា​រការ​បំផ្ទុះ​គ្រាប់បែក​យ៉ាង​កក្រើក​ដូច្នេះ ស្រីលង្កា​បាន​បង្កើន​ការប្រុងប្រយ័ត្ន​កាន់តែខ្លាំង ខ្លាច​ពួក​ភេរ​វករ​រៀបចំ​ផែនការ​វាយប្រហារ​កន្លែង​ផ្សេង​។ តាម​ព័ត៌មាន​ដែល​ចុះផ្សាយ​ប៉ុន្មាន​ថ្ងៃក្រោយ​កើតហេតុ មាន​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​តំបន់​ផ្សេងទៀត​ក្នុងប្រទេស​ស្រីលង្កា ប៉ុន្ដែ​មិន​បង្ក​គ្រោះថ្នាក់​ឬ​ការខូចខាត​អ្វី​ឡើយ​។ ប៉ូលិស​ក៏បាន​រកឃើញ​គ្រឿងផ្ទុះ​នៅតាម​តំបន់​មួយចំនួនទៀត​ដែរ ហើយ​រហូត​មកដល់ពេលនេះ​ស្ថានភាព​សន្ដិសុខ​ក្នុងប្រទេស​ស្រីលង្កា កំពុង​ស្ថិតក្នុង​ការប្រកាស​អាសន្ន​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត