ជប៉ុន​ស្នើឲ្យ​ចិន​​បង្កើត​ផែន​ការ​ច្បា​ស់លា​ស់​នៃការ​ផ្ដល់​​ប្រាក់កម្ចី​​ដល់​ប្រទេស​ដទៃ​

03-05-2019 10:27 am 758
  ស្តាប់
រូបភាពប្រាក់យ័នរបស់ចិន
ស្តាប់ជាសំឡេង

​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​លោក​Taro Aso បាន​អំពាវនាវ​ស្នើសុំ​ឲ្យ​ប្រទេ​សចិន​ជួយ​បង្កើត​ច្បាប់​ឲ្យបាន​ច្បាស់លាស់ ដើម្បី​បង្កើន​តម្លាភាព​នៃ​ប្រាក់កម្ចី​របស់​ចិន​ទៅកាន់​ប្រទេស​ដទៃ​។ សំណើ​នេះ​ធ្វើឡើង​ក្នុង​កិច្ច​ជំនួប​ជាមួយ​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​ចិន​លោក​Liu Kun នៅក្នុង​ប្រទេស​ហ្វី​ជី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ 

​ប្រទេស​ចិន​បានផ្ដល់​ប្រាក់កម្ចី​ដ៏​សម្បើម​ទៅដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន ដើម្បី​លើកកម្ពស់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែលជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់ខ្លួន ក្នុងន័យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​។ ប៉ុន្ដែ​មាន​ប្រទេស​មួយចំនួន​បាន​ផ្អាក​ទទួលយក​កម្ចី​ពី​ចិន ដោយ​ពួកគេ​ដឹងថា​មិនអាច​មានលទ្ធភាព​សង​បំណុល​ចិន​អស់​ទេ​។ 

​ជុំវិញ​ការព្រួយបារម្ភ​ដូច្នេះហើយ ទើប​រដ្ឋមន្ដ្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​បាន​ជំរុញ​ឲ្យ​ប្រទេ​សចិន កំណត់​ពី​ផែនទី​បង្ហាញផ្លូវ​ដែល​ច្បាស់លាស់ ជុំវិញ​កម្មវិធី​ផ្ដល់​ប្រាក់កម្ចី​ទាំងនោះ​។ លោក​រដ្ឋមន្ដ្រី​ជប៉ុន​ក៏​ទទូច​ឲ្យ​ចិន ឈប់​ទទួលយក​ប្រាក់កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​តទៅទៀត ព្រោះ​កម្ចី​ពី​ធនាគារ​នេះ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​។ 

​បន្ទាប់ពី​កិច្ចប្រជុំ​លោក​Aso​បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ប្រទេស​ចិន​គឺជា​ប្រទេស​ដែល​ផ្ដល់​ប្រាក់កម្ចី​ឲ្យគេ ជំនួស​ឲ្យ​ប្រទេ​សដែល​ខ្ចីប្រាក់​ពី​គេ​ស្រាប់​ទៅហើយ​។ អ៊ីចឹង​ទេ​លោក​សង្ឃឹម​ចិន​នឹងមិន​បង្កបញ្ហា​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​បង្កើន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ឡើយ​។ 

​គួរ​ជម្រាបជូន​ថា បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ភាគច្រើន​ពិសេស​គឺ​សហរដ្ឋអាមេរិក តែងតែ​ប្រកាស​ក្ដែងៗ​ថា​កម្ចី​របស់​ចិន​គឺជា​បំណុល​វ័ណ្ឌ​ក ប្រសិនបើ​ប្រទេស​ណា​ខ្ចី​ហើយ​មិនអាច​សង​រួច​ឡើយ​។ ចិន​ប្រើប្រាស់​កម្ចី​រាប់លាន​ដុល្លារ​ដើម្បី​ទាញយក​ផលប្រយោជន៍​មកវិញ តាមរយៈ​គម្រោង​ដែល​មិន​ច្បាស់លាស់​។ នៅពេល​បំណុល​នេះ​ច្រើន​លើសលប់​ហើយ​គ្មាន​លទ្ធភាព​សង ប្រទេស​កូនបំណុល​ចិន​នឹង​ត្រូវប្រគល់​អ្វីមួយ​ឲ្យ​ចិន​កាន់កាប់​ទុកជា​ការដោះដូរ​។ ចិន​ធ្វើ​ដូច្នេះ​ព្រោះ​ចង់​ក្លាយជា​មហាអំណាច​នៅក្នុង​ពិភពលោក​។ 

​តែ​យ៉ាងណាមិញ​ចិន​បាន​ឆ្លើយតប​ថា ការចោទប្រកាន់​របស់​អាមេរិក​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ហើយ​ការផ្ដល់​ប្រាក់កម្ចី​របស់​ចិន​គ្មាន​ចេតនា​គាបសង្កត់​ប្រទេស​ណា​ឡើយ​។ ចិន​មិនបាន​ប្រើប្រាស់​មធ្យោបាយ​នេះ​ជា​ឧបករណ៍​នយោបាយ ឬ​ដើម្បី​ចង់​ពង្រីក​អំណាច​របស់ខ្លួន​ទេ​។ អ្វីដែល​អាមេរិក​លើកឡើង គ្រាន់តែ​ចង់​បំបាក់​ប្រជាប្រិយភាព​ចិន​ក្នុង​ឆាក​អន្ដរជាតិ​ប៉ុណ្ណោះ​៕

 ពាក្យគន្លឹះ  ជប៉ុនចិនប្រាក់កម្ចី

ព័ត៌មានផ្សេងទៀត