ស្រីៗ​​នៅ​កូរ៉េខាងត្បូង​​បើ​មិន​ផាត់មុខ​​នឹង​ត្រូវ​គេ​សួរ​​សំណួរ​ដ៏​ចាក់​​ដោត​​ឆ្លើយ​មិន​រួច​

03-05-2019 9:32 am 943
រូបភាពស្ដ្រីជនជាតិកូរ៉េខាងត្បូងដែលផាត់មុខមាត់របស់នាង

​ការតុបតែង​ខ្លួន ដូចជា​ផាត់មុខ លាប​ពណ៌​សក់ លាប​ពណ៌​ក្រចក រហូត​ឈានដល់​ការវះកាត់​កែ​សម្ផស្ស បាន​ក្លាយជា​រឿង​សាមញ្ញ​ទៅហើយ​សម្រាប់​យុវវ័យ​នៅ​កូរ៉េខាងត្បូង​ទាំងស្រី​ទាំងប្រុស គ្រាន់តែ​ថា​ស្ដ្រី​អាច​ប្រឈម​នឹង​សំណួរ​ចាក់​ដោត​ខ្លាំង​ជាង​បុរស​ប្រសិនបើ​មិន​ធ្វើ​ដូច្នេះ​។ អាច​និយាយបានថា​យុវវ័យ​នៅក្នុង​ពិភពលោក​សព្វថ្ងៃ ចូលចិត្ដ​តែងខ្លួន​ឲ្យ​ស្រស់ស្អាត​ស៊ិច​ស៊ី ប៉ុន្ដែ​នៅ​កូរ៉េខាងត្បូង​គឺ​ល្បីល្បាញ​ជាងគេ​បំផុត ពិសេស​គឺ​ការវះកាត់​កែ​សម្ផស្ស​តែម្ដង​។​

​សម្រាប់​យុវវ័យ​ជា​ស្ដ្រី​នៅ​កូរ៉េខាងត្បូង​បើ​មិន​តុបតែង​ខ្លួន​ពេល​ចេញទៅ​ធ្វើការ ទៅ​ណាត់ជួប ឬ​ពេល​ធ្វើដំណើរ​តាម​ទីសាធារណ​ទេ ពួកគេ​នឹងរង​សំណួរ​ដ៏​ចាក់​ដោត​មិន​ខាន​។ សំណួរ​នោះ​គឺថា​តើ​អ្នកឯង​ឈឺ​មែន​ទេ​? អ្នកឯង​ឈប់​តុបតែង​ខ្លួន​ហើយ​? អ្នកខ្លះ​ត្រូវបាន​គេ​បោះពាក្យ​ឲ្យ​ថា អ្នកឯង​មើលទៅ​ដូចជា​នឿយហត់​ខ្លាំងណាស់​។ ក្នុងន័យនេះ​គេ​ចង់​ប្រៀបធៀប​ថា​ស្ដ្រី​ដែល​មិនបាន​តុបតែង​ខ្លួន​មើលទៅ​គឺ​អាក្រក់ គ្រាន់តែ​មិន​និយាយ​ចំ​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត​បើតាម​ការលើកឡើង​ពី​ស្ដ្រី​ជនជាតិ​កូរ៉េខាងត្បូង​ដោយផ្ទាល់ នៅពេល​ពួកគេ​មិន​តុបតែង​ខ្លួន មិន​ផាត់មុខ ផាត់​មាត់​ទេ ពួកគេ​តែង​ទទួលរង​នូវ​ការរើសអើង​ពិសេស​នៅ​កន្លែងធ្វើការ​។ ចំពោះ​ស្ដ្រី​ដែលមាន​រូបរាង​ស្អាត ស្បែង​ស្អាត មុខមាត់​ស្អាត​ជាដើម តែងតែ​ទទួលបាន​ការគោរព​ខ្លាំង​ពី​បុរស​។ 

​ទាំងអស់​នេះហើយ​ជា​ហេតុផល​ដែល​យុវវ័យ​ជា​ស្ដ្រី​នៅ​កូរ៉េខាងត្បូង តែងតែ​យក​ការតុបតែង​ខ្លួន វះកាត់​កែ​សម្ផស្ស​ជាដើម ជា​រឿង​សំខាន់បំផុត​សម្រាប់​ខ្លួន​។ បន្ថែម​លើ​នេះ​ការថែរក្សា​រាង​ឲ្យ​ស្រស់ស្អាត ស្រ​ឡូ​ន​មិន​ធាត់​ក៏​ជា​រឿង​សំខាន់​ផងដែរ ដើម្បី​ប្រជែង​ក្នុង​ទីផ្សារការងារ​ពិសេស​គឺ​អាជីព​ជា​តារា​៕

ព័ត៌មានផ្សេងទៀត