លោកហ៊ុន សែន ជួប​នាយករដ្ឋមន្រ្តីវៀត​ណាម​ មុន​នឹង​គោរពវិញ្ញាណ​ក្ខន្ធ​លោកឡេ​ ឌឹក​អាញ់ ​​

03-05-2019 6:51 am 1074

លោ​កនាយករដ្ឋមន្រ្ដីហ៊ុន សែន នៅយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ បានជួបពិភាក្សាការងារជាមួយ លោកង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម មុនពិធីគោរពវិញ្ញាណក្ខន្ធលោកឡេ ឌឹកអាញ់ អតីតប្រធានរដ្ឋ​វៀ​តណាម នៅព្រឹកថ្ងៃទី៣ ខែឧសភានេះ។ ក្នុងជំនួបពិភាក្សាគ្នានេះ នាយករដ្ឋមន្រ្តីវៀតណាម បានមានប្រសាសន៍ ថា ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម រូបផ្ទាល់សូមសំដែងនូវការគោរពយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកនាយករដ្ឋមន្រ្តីកម្ពុជា ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃបំផុត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកឡេ ឌឹកអាញ់ ដែលជាមេដឹកនាំដ៏​ឆ្នើមរបស់ប្រទេស​និងប្រជាជន វៀតណាម។

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានអរគុណដល់លោកនាយករដ្ឋមន្រ្តីវៀតណាម ដែលបានជួយសំរួលដល់គណៈប្រតិភូកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកឡេ ឌឹកអាញ់ ដែលជាមេដឹកនាំកំពូល​មួយរូបរបស់​ប្រទេស​វៀតណាម ដែលមានគុណ បំណាច់ជួយរំដោះប្រទេសកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត និងការទប់ស្កាត់មិន ឲ្យវិលត្រឡប់មកវិញនៃរបប ប៉ុល ពត។

លោកហ៊ុន សែន បានមានប្រសាសន៍បន្ត ថា រូបលោកនឹងសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធលោកឡេ ឌឹកអាញ់​។ លោកនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានរៀបរាប់ពីប្រវត្តិនៃការជួបសន្ទនាជាមួយលោកឡេ ឌឹកអាញ់ ទាំងក្នុងពេលនៅមន្ទីរពេទ្យ និងការងារផ្សេងៗ ដោយបានចាត់ទុកថា លោកឡេ ឌឹកអាញ់ គឺ ជាមេដឹកនាំ​កំពូលរបស់វៀតណាម ដែលបានជួយដល់កម្ពុជាទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។

ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ ថា នេះគឺជាលើកចុងក្រោយនៃការអញ្ជើញ មកគោរពវិញ្ញាណក្ខន្ធ លោកឡេ ឌឹកអាញ់ ជាពិសេសការបញ្ជាក់ពីការគោរពស្រឡាញ់ក្នុងនាម ជាប្រទេសដែលមានភូមិផ​ងរបងជា​មួយគ្នា​។ លោកហ៊ុន សែន ថា  វត្តមានរបស់លោក និងគណៈប្រតិភូនៅពេលនេះ ក៏បានបញ្ជា​ក់ពីការគោរពស្រឡាញ់ពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រជាជនដែលធ្លាប់តែជួយគ្នា ក្នុងគ្រាមានការ​លំបាកដូច​គ្នាកាលពីអ​តីត​កាល។

គួររំលឹក​ថា លោកឡេ ឌឹកអាញ់ បានទទួលមរណភាព នៅថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩កន្លងទៅ។ លោកបានទទួលមរណៈភាពក្នុងវ័យ៩៩ឆ្នាំ ដោយសារតែជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ។លោកឡេ ឌឹក​អាញ់ ជារដ្ឋបុរសវៀតណាមមួយរូប និងជាតួអង្គនយោបាយដ៏សំខាន់នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសរវៀតណាម និងប្រទេសកម្ពុជា ពីព្រោះលោកបានចូលរួមយ៉ាងសកម្ម ក្នុងការវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត៕

 

 

ព័ត៌មានផ្សេងទៀត