លោកយ៉ែម បុញ្ញឬទ្ធិ៖កម្ពុជាត្រូវការចងសម្ព័ន្ធមិត្តទាំងអស់ ដើម្បីទាញយក ផលចំណេញជូនជាតិ

02-05-2019 8:50 pm 767

លោកយ៉ែម បុញ្ញឬទ្ធិ អតីតអ្នកនាំពាក្យបក្សប្រឆាំង បានលើកឡើង ថា ប្រទេសកម្ពុជាត្រូវចងសម្ព័ន្ធមិត្តទាំងអស់ ដើម្បីទាញយកផលចំណេញជូនប្រទេសជាតិ ជាពិសេសដើម្បីពង្រឹងសេដ្ឋកិច្ចផងដែរ។

អតីតអ្នកនាំពាក្យបក្សប្រឆាំង លោកយ៉ែម បុញ្ញឬទ្ធិ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី២ ខែឧសភានេះ ថា”ការរៀបចំកសាងសង្គមជាវិជ្ជមាន​ សង្គមជឿនលឿនថ្លៃថ្នូរ​ ដោយប្រើធម៌អហិ​ង្សា! អ្នកនយោ​បាយ-អ្នកដឹកនាំ​ មានកិច្ចការមមាញឹកនូវពេល ដែលសង្គ្រាមភូមិសាស្ត្រនយោបាយ​ សង្គ្រាមសេដ្ឋកិច្ច-ពាណិជ្ជកម្ម​ ឡើងកម្ដៅ​ ដែលក្នុងកាលវិភាគ​ខែមេសា​-ឧសភា-មិថុនា​ នៃកិច្ចសហប្រតិ​បត្តិការអន្តរជាតិ​ រឹតតែខ្វែង​ដៃ​ខ្វែង​ជើងថែមទៀត​ ហើយភាពប្រទាញប្រទង់របស់ប្រទេសជិតខាង​ ប្រទេសមហាអំណាច​ មានកាន់តែខ្លាំងឡើង”។

លោកបានសរសេរបញ្ជាក់ ថា”យើងនៅតែមានជំនឿថា​ អ្នកនយោបាយ-អ្នកដឹកនាំ​ នឹងយកចិត្តទុកដាក់លើជំនួយ​ លើប្រាក់កម្ចី​ លើការអនុគ្រោះពន្ធ​ លើដំណោះស្រាយនយោយ។ ល។ ពីព្រោះវាសុទ្ធសឹងតែ​ជាមូល​ដ្ឋា​ន​គ្រឹះ ក្នុងការរៀបចំសង្គម​ សេដ្ឋកិច្ច​ និងនយោបាយ​ សម្រាប់ប្រទេសដ៏តូចរបស់យើង​ ដែលត្រូវបានរងគ្រោះខ្ទេចខ្ទាំដោយសង្គ្រាម​ ដោយប្រការផ្សេងៗកន្លងមក​ ទម្រាំបានមកដល់សព្វថ្ងៃនេះ។ កម្ពុជាត្រូវការចង​សម្ព័ន្ធ​មិត្តទាំងអស់​ ទាញយកផលចំណេញជូនជាតិ​ ដើម្បីពង្រឹងកម្លាំងសេដ្ឋកិច្ឋ​ កម្លាំងយោធា កម្លាំងសង្គម​ និងកម្លាំងនយោបាយ​ ដែលខ្មែរត្រូវតែខ្លាំងព្រមគ្នា​ ក្នុងការប្រកួតប្រជែង សម័យសាកលភាវូបនីយកម្ម”​៕  

ព័ត៌មានផ្សេងទៀត