តុលាការបានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន២០លានរៀល កាលពីថ្ងៃទី២ ខែឧសភា ក្រោយសវនាការជំនុំជម្រះលើសំណុំរឿងលោក សម រង្ស៊ី ចំនួន២ករណី កាលពីថ្ងៃទី២២ ខែមេសា ...
លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារសរុបកំណត់រយៈពេល៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន២០លានរៀលចូលជាថវិកាជាតិ នៅថ្ងៃទី២ ខែឧសភា ។
ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿង លោក សម រង្ស៊ី ពាក់ព័ន្ធនឹងករណីចំនួន២ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។
សំណុំរឿងទី១គឺ. ជំនុំជម្រះលើបទចោទញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់ តាមមាត្រា៤៧១ និង៤៧២ នៃក្រមព្រហ្មទណ្ឌ និងទី២. ប្រមាថលើអង្គព្រះមហាក្សត្រ តាមមាត្រា៤៣៧ស្ទួននៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៦-៨ និងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ និងនៅទីកន្លែងផ្សេងៗ ។
លោក សម រង្ស៊ី ត្រូវបានតុលាការកោះហៅឱ្យចូលខ្លួនបំភ្លឺពីបទ «ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងធ្វើឱ្យខូចទឹកចិត្តកងទ័ព» កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោយទទួលដំណឹងកោះហៅនោះ លោកបែរជាសម្តែងការមិនខ្លាចរអារ និងបានសរសេរតបលើទំព័រហ្វេសប៊ុកខ្លួនបែបផ្គើនទៅវិញថា នឹងនៅតែបន្តការអំពាវនាវកាន់តែខ្លាំង និងញឹកញាប់ ៕