​លោកស្រី​រ៉ូ ណា​ស្មី​ត​​គាំទ្រ​ការបង្កើត​ឱ្យមាន​ក្រុម​មេធាវី​​ស្ម័គ្រចិត្ត​លោក​ហ៊ុន សែន​​

02-05-2019 3:04 pm 1231
  ស្តាប់
ស្តាប់ជាសំឡេង

​លោកស្រី រ៉ូ ណា​ស្មី​ត (Rhona Smith) អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា គាំទ្រ​ការបង្កើតឱ្យមាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​លោក ហ៊ុន សែន ដើម្បី​ជួយ​ការពារ​ក្តី​ជូន​ជនរងគ្រោះ​ដែលជា​ស្ត្រី មាន​ជីវភាព​ក្រីក្រ នៅ​ទូទាំងប្រទេស​កម្ពុជា​។

​លោកស្រី រ៉ូ ណា​ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​កោត​ស​សើរ​ដល់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​បង្កើតឱ្យមាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​ដើម្បី​ជួយ​ការពារ​ក្តី​ជូន​ជនរងគ្រោះ ដែលជា​ស្ត្រី​មាន​ជីវភាព​ក្រីក្រ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ នេះ​តាម​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​រវាង​លោកស្រី រ៉ូ ណា​ស្មី​ត និង​លោក អង្គ វង្ស វឌ្ឍា​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ ពាក់ព័ន្ធ​ក្នុង​វិស័យ​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​។​

​លោក ជិន ម៉ា​លីន បាន​បញ្ជាក់ទៀតថា លោកស្រី រ៉ូ ណា​ស្មី​ត ក៏​ផ្តល់​ជា​អនុសាសន៍​មួយ គួរតែ​ច្របាច់​បញ្ចូល​ជា​យន្តការ​តែមួយ​ទៅតាម​ច្រកចេញចូល​តែមួយ លើ​សេវា​ផ្តល់​ប្រឹក្សា​ផ្នែក​ច្បាប់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ទៅរក​សេវា​នេះ នៅតាម​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ លើ​សេវា​ផ្នែក​ច្បាប់​នេះ​តែម្តង ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ពី​ការធ្វើ​ទំនើបកម្ម គុណភាព​នៃ​សេវា ការផ្សព្វផ្សាយ តម្លាភាព​នៃ​សេវា​យុត្តិធម៌​នៅតាម​តុលាការ​។​

​ជាមួយគ្នានេះ​លោក ជិន ម៉ា​លីន បានបញ្ជាក់​ផងដែ​រថា សម្រាប់​កិច្ចពិភាក្សា​រវាង​លោកស្រី រ៉ូ ណា​ស្មី​ត ជាមួយ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ នាពេលនេះ គឺ​ផ្អែក​តែ​ទៅលើ​ទិដ្ឋភាព​ច្បាប់​តែប៉ុណ្ណោះ ពាក់ព័ន្ធ​ទៅលើ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដោយ​មិនបាន​ពិភាក្សា​លើ​រឿង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទិដ្ឋភាព​នយោបាយ ឬ​ការស្នើសុំ​ពី​សកម្មជន​សង្គម​ស៊ីវិល​មួយចំនួន ដើម្បី​មក​ដាក់​សម្ពាធ​មកលើ​រាជរដ្ឋាភិបាល​ទេ​។​

​សូមបញ្ជាក់ថា អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ស្តីពី​ស្ថានភាព​សិទិ្ធ មនុស្ស​ប្រចាំ​កម្ពុជា លោកស្រី សាស្ត្រាចារ្យ រ៉ូ​ណា ស្មី​ត (Rhona Smith) ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១១​ថ្ងៃ ពោលគឺ​ចាប់ពី​ថ្ងៃទី​២៩ ខែ​មេសា ដល់​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ ២០១៩​។ ក្នុង​ដំណើ​ទស្សនកិច្ច​របស់​លោកស្រី ផ្តោតទៅលើ​ស្ថានភាព​សិទ្ធិមនុស្ស​នា​ពេលបច្ចុប្បន្ន និង​តាមដាន​ពី​ដំណើរ​វិវត្តន៍ នានា​ចាប់តាំងពី​បេសកកម្ម​របស់​លោកស្រី​កាលពី​ខែវិច្ឆិកា​កន្លងមក​៕

ព័ត៌មានផ្សេងទៀត