ក្រសួង​ការពារជាតិ​​បញ្ជាក់ថា​ គ្មាន​គម្រោង​​ទម្លាក់​ស័ក្តិ​​នាយទាហាន​ទេ​​

02-05-2019 11:09 am 964
  ស្តាប់
​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ លោក​នាង ផាត
ស្តាប់ជាសំឡេង

​រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ លោក​នាង ផាត នៅ​ថ្ងៃទី​០២ ឧសភា នេះ បានប្រកាស​បដិសេធ​នូ​វ​ព័ត៌មាន និង​ពាក្យ​ចចាមអារ៉ាម ដែលថា​ក្រសួង​មាន​គម្រោង​ទម្លាក់​សក្តិ​នាយទាហាន ក្នុង​ផែនការ​កំណែទម្រង់កងទ័ព​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឈុំ សុជា​តិ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​។​

​លោក​ឈុំ សុជា​តិ អះអាងថា រឿងនេះ​មិនមែនជា​ការពិត​ទេ សុំឱ្យ​នាយទាហាន​ទាំងអស់​កុំ​មាន​ការភ្ញាក់ផ្អើល តាម​ការបកស្រាយ​ខុស​គោលបំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ផែនការ​កែទម្រង់​កង​យោពល​ខេ​ម​ភូមិន្ទ​។​

​លោក​ឈុំ សុជាតិ បាន​ស្រង់​សម្តី​លោក​នាង ផាត ថា ការកែទម្រង់​ឋានន្ត​សក្តិ ក្នុង​កងយោធពល​ខេ​ម​ភូមិន្ទ មាន​ផែនការ​យុទ្ធសាស្ត្រ​យូរអង្វែង​ជា​ជំហានៗ ដើម្បី​កសាង​កងទ័ព​មួយ​ដែលមាន​គុណភាព និង​ប្រសិទ្ធភាព ដឹកនាំ​បញ្ជា​ឱ្យ​សមស្រប តាម​ការ​វិវឌ្ឍន៍ នៃ​សភាពការណ៍​ជាតិ និង​អន្តជាតិ​។ មិនមែន​កាត់ ឬ​ទម្លាក់​ស័ក្តិ ដូច​ការបកស្រាយ​ភាន់ច្រឡំ​នោះទេ​»​។​

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទម្លាយ​ព័ត៌មាន​អំពី​ការកែទម្រង់​ស៊ីជម្រៅ​ទៅលើ​កងទ័ព ដោយ លោក​ចង់កាត់​បន្ថយ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​៤ ឲ្យនៅ​ត្រឹមតែ​២​រូប​ប៉ុណ្ណោះ នោះ​គឺ ១​រូប ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​១​រូប​ទៀត ជា​អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​។ ប៉ុន្តែ មិនមែន​ទម្លាក់​ឋានន្តរស័ក្តិ គ្រប់​នាយទាហាន​នោះទេ​។​

​គម្រោង​កាត់បន្ថយនាយឧត្តមសេនីយ៍ផ្កាយ៤ ដែល​ទម្លាយ​ដោយ​លោក​ហ៊ុន សែន កន្លងមក ត្រូវបាន​អ្នកវិភាគ និង អ្នកតាមដាន​សម្តែង​ការគាំទ្រ តែ​ស្នើ​សុំឱ្យ​ការ​កំណែទម្រង់​នេះ ត្រូវធ្វើឡើង​ដោយមាន​តម្លាភាព និង ភាពស្មោះត្រង់​។ តែបើ​កំណែទម្រង់​នេះ រៀបចំឡើង​មិន​ត្រឹមត្រូវ​ទេនោះ វា​អាច​នឹងមាន​ផលវិបាក​សម្រាប់​ថ្ងៃ​អនាគត​៕

ព័ត៌មានផ្សេងទៀត