សកម្មជនអតីតបក្សប្រឆាំង ចង់ជួបសម្ដែងការគួរជាមួយលោកស ខេង នៅកូរ៉េខាងត្បូង

01-05-2019 9:42 pm 6213

លោកយឹម ស៊ីណន សកម្មជនអតីតបក្សប្រឆាំង និងក្រុមការងារយុវជន ចង់ជួបសម្ដែងការគួរសមជាមួយលោកស ខេង រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ខណៈរូបលោកកំពុងបំពេញ​ទស្សនកិច្ចនៅ​ប្រទេស​កូរ៉េខាងត្បូង។ លោកឧបនាយករដ្ឋមន្រ្ដីស ខេង និងគណៈប្រតិភូ បានទៅដល់ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោកឡុង ឌីម៉ង់ ឯកអគ្គរាជ​ទូត​កម្ពុជាប្រចាំនៅទីនោះ,មន្រ្តីជាន់ខ្ពស់តំណាងក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។

បន្ទាប់ពីទទួលបានព័ត៌​មាននេះភ្លាមលោកយឹម ស៊ីណន សកម្មជនអតីតបក្សប្រឆាំង បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួន ថា រូបលោកសូមស្វាគមន៍លោកស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួ​ងមហា​ផ្ទៃ ដែលបានមកធ្វើទស្សនៈកិច្ច នៅប្រទេសកូរ៉េខាងត្បូង។

លោកស៊ីណន បានសរសេរបញ្ជាក់ទៀត ថា”ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប និងក្នុងនាមក្រុមការងារចលនាយុវជន ខ្ញុំពិតជាមានចិត្តរំភើប ហើយមានបំណងដឹកនាំក្រុមការងារ ដើម្បីចូលជួបសម្តែងការគួរសម ក្នុងនាម​សម្តេចជាថ្នាក់ដឹកនាំកំពូល នៃជាតិមួយរូបប្រកបដោយគុណធម៌ សច្ចៈធម៌ និងព្រហ្មវិហារធម៌ ដែលជាគំរូដល់យុវជនខ្មែរ”។ លោកសង្ឃឹមថា លោកស​ ខេង នឹងផ្តល់ឱកាសសម្រាប់រូបលោក និងក្រុមការងារបានជួប នៅពេលណាមួយ អំឡុងពេលបំពេញទស្សនៈកិច្ច នៅលើទឹកដីកូរ៉េនេះ។

សូមជម្រាប ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកស ខេង នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជីន យុង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសុវត្ថិភាព នៃសាធារណរដ្ឋកូរ៉េ ហើយជំនួបនោះនឹងផ្ដោត​លើ​ការលើកកម្ពស់ ​សមត្ថភាពមន្រ្តីរដ្ឋបាលថ្នាក់ក្រោមជាតិ ការដកបទពិសោធន៍ការងារសុវត្ថិភាពចរាចរណ៍ ការប្រឆាំងភេវរកម្ម និងការអភិវឌ្ឍ សមត្ថភាពមន្រ្តីនគរបាលជាតិ។ ដោយឡែក ក្រៅពីជំនួបពិភាក្សា ដ៏មាន​សារៈសំខាន់នេះលោកស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន និងមជ្ឈមណ្ឌលE-Government នៃសា​ធារ​ណ​រ​ដ្ឋកូរ៉េផងដែរ៕​

ព័ត៌មានផ្សេងទៀត