អាមេរិក​ថាលោក​ម៉ា​ឌូ​រ៉ូ​ចាកចេញ​ទៅ​គុយបាគេច​ពី​ភាពចលាចលនៅវេ​ណេ​ហ្ស៊ូ​អេ​ឡា​

01-05-2019 3:14 pm 4054
  ស្តាប់
លោកជូអាន ហ្គៃដូចពេលថ្លែងទៅកាន់អ្នកគាំទ្រ
ស្តាប់ជាសំឡេង

​រដ្ឋបាល​អាមេរិក​ដែល​គាំទ្រ​មេបក្ស​ប្រឆាំង​វេ​ណេ​ហ្ស៊ូ​អេ​ឡា បាន​អះអាងថា លោក​ម៉ា​ឌូ​រ៉ូ​ប្រធានាធិបតី​នៃ​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា ថា បាន​ត្រៀមខ្លួន​រួចហើយ នៅក្នុង​ការធ្វើដំណើរ​ទៅកាន់​ប្រទេស​គុយបា ដើម្បី​គេច​ពី​ភាពចលាចល​ក្នុងប្រទេស នា​ព្រឹក​ថ្ងៃ​អង្គារ​។ ប៉ុន្តែ​ត្រូវបាន​រុស្ស៊ី ដែល​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ​យ៉ាង​ពេញទំហឹង ល្បួង​មិនឲ្យ​ចាកចេញ និង​ឲ្យយោបល់​ទៅ​លោកម៉ា​ឌូ​រ៉ូ​ថា គួរ​រក្សា​វត្តមាន​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការអះអាង​របស់​លោក​Mike Pompeo​ប្រមុខ​ការទូត​អាមេរិក​។ 

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ កងកម្លាំងប្រដាប់អាវុធ​ជាច្រើន​នាក់ ដែល​អមដំណើរ​លោក​ហ្គៃ​ដូ បាន​ប៉ះទង្គិច​ជាមួយ​ពួក​ទាហាន ដែល​គាំទ្រ​លោក​ម៉ា​ឌូ​រ៉ូ នៅឯ​កន្លែង​ជួបជុំ​នៅក្នុង​ទីក្រុង​កា​រ៉ា​កាស​។ ការប្រមូល​ផ្តុំគ្នា ដឹកនាំ​ដោយ​មេ​បក្សប្រឆាំង ដើម្បី​តវ៉ា​ដាក់​សម្ពាធ ឲ្យ​លោកម៉ា​ឌូ​រ៉ូ​ចុះ​ចេញពី​តំណែ​។ ការតវ៉ា​បាន​បង្ក​ជា​អំពើហិង្សា ដោយមាន​ការប៉ះទង្គិច​គ្នា រវាង​អ្នកគាំទ្រ​លោក​ហ្គៃ​ដូ និង​ពួកយោធា​គាំទ្រ​រដ្ឋាភិបាល ស្ទើរ​ពេញ​មួយថ្ងៃ​។ ក្រុមបាតុករ បាន​គប់​ដុំថ្ម​ដាក់​ពួកយោធា តែ​បាន​រង​នូវ​ការបង្ក្រាប​វិញ ដោយ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក រួមទាំង​ការប្រើប្រាស់​រថយន្តយោធា រុញច្រាន​ទល់នឹង​ក្រុមបាតុករ​ទៀតផង​។​

កាលពី​ថ្ងៃ​អង្គារ​លោក​ហ្គៃ​ដូ បានបង្ហាញ​រូបភាព​លោក​ឈរ​នៅ​កណ្តាល​ហ្វូង​បុរស​ជាច្រើន​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​យោធា អមដោយ​ការ​បញ្ជាក់ថា លោក​ទទួលបាន​ការគាំទ្រ​ពី​យោធា​។ ការបង្កើត​ព្រឹត្តិការណ៍​ថ្មីៗ ពី​សំណាក់​លោក​ហ្គៃ​ដូ ទំនងជា​ធ្វើឡើង​ដើម្បី​ជំរុញ​ទឹកចិត្ត​បះបោរ ឲ្យ​កញ្ជ្រោល​កាន់តែខ្លាំង​។ លោក​ហ្គៃ​នៅតែបាន​បន្ត​អំពាវនា​វ អ្នកគាំទ្រ​ចូលរួម​ធ្វើបាតុកម្ម​ជាថ្មីទៀត នៅ​ថ្ងៃ​ពុធ​នេះ​។ លោក​ក៏​នៅតែ​បន្ត​ស្រែកហៅ​កងទ័ព​ឲ្យ​ចុះចូល​ជាមួយ​លោក ដើម្បី​ទម្លាក់​លោក​ម៉ា​ឌូ​រ៉ូ​។​

​យ៉ាងណាក៏ដោយ មកទល់ពេលនេះ គេ​នៅតែ​សង្កេតឃើញថា យោធា​នៅតែ​ឈរ​ខាង​លោក​ម៉ា​ឌូ​រ៉ូ​ដដែល​។ ចំណែក​លោក​ម៉ា​ឌូ​រ៉ូវិ​ញ បាន​ថ្លែង​នៅពេល​អង្គុយ ជាមួយ​មេបញ្ជាការ​យោធា​ថា លោក​នឹង​ទទួលបាន​ជ័យជម្នះ ក្នុង​ការប្រឈមមុខ​នឹង​អ្វីដែល​លោក​ហៅថា ជា​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដែល​គាំទ្រ​ដោយ​ចក្រពត្តិនិយម​អាមេរិក​។ បន្ថែម​លើ​នេះ លោក​ព្រមាន​ថា នឹងមាន​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​អ្នក​ដែល​ប្រឆាំងនឹង​រដ្ឋធម្មនុញ្ញ​និង​សន្តិភាព​។​

​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​នៅ​ក្នុងប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡានេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​Antonio Guterres អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ ធ្វើ​អ្វី​ក៏ដោយចុះ តែ​កុំឲ្យ​បែក​ចេញជា​អំពើហិង្សា​។ លោក​ប្រធានាធិបតី​អាមេរិក ដូ​ណាល់ ត្រាំ​និយាយថា លោក​កំពុង​តាមដាន​ព្រឹត្តិការណ៍ នៅវេ​ណេ​ហ្ស៊ូ​អេ​ឡា​យ៉ាង​ជិតស្និទ្ធ ហើយ​ថា​សហរដ្ឋអាមេរិក នៅ​ឈរ​ជាមួយ​ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡានិ​ង​សេរីភាព​របស់​ពួកគេ​។ 

​គួរ​ជម្រាបជូន​ដែរថា ការប៉ះទង្គិច​គ្នា​នៅក្នុង​ការតវ៉ា​កាលពី​ថ្ងៃ​អង្គារ បាន​បណ្តាលឲ្យ​របួស​មនុស្ស​១០៩​នាក់​។ នេះ​បើតាម​ការ​ឲ្យដឹង​ពីក្រុម​សិទិ្ធមនុ​ស្ស​។ ប៉ុន្តែ​មន្ត្រី​សុខាភិបាល​របស់​ប្រទេស​វេ​ណេ​ហ្ស៊ូ​អេ​ឡា​បាន​និយាយថា មាន​មនុស្ស ៦៩ នាក់ បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​៕

 ពាក្យគន្លឹះ  វេណេហ្ស៊ូអេឡា

ព័ត៌មានផ្សេងទៀត