ព្រះអង្គម្ចាស់Naruhitoក្លាយជា​អធិរាជ​ថ្មីនៃ​ប្រទេស​ជប៉ុន​ជា​ផ្លូវការ​

01-05-2019 12:07 pm 1222
  ស្តាប់
ស្តាប់ជាសំឡេង

​ព្រះអង្គម្ចាស់ Naruhito បាន​ក្លាយជា​អធិរាជ​ជា​ផ្លូវការ នៃ​ប្រទេស​ជប៉ុន កាលពី​ពាក់​កណ្ដាលអធ្រាត្រ ថ្ងៃ​អង្គារ​ទី​៣០​មេសា​មកម្ល៉េះ ប៉ុន្តែ​ព្រះ​រាជពិធី​ឡើង​គ្រងរាជ្យ​ផ្លូវការ ទើបតែ​រៀបចំ​ធ្វើ​បង្ហើយ នៅ​ព្រឹក​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៩​នេះ​ប៉ុណ្ណោះ​។ ព្រះអង្គម្ចាស់ ទទួលបាន​ព្រះខ័ន​អធិរាជ​ដ៏​ពិសិដ្ឋ និង​មកុដ ព្រមទាំង​ត្រា​របស់​រដ្ឋ នៅក្នុង​ព្រះ​រាជពិធី​ស្នងរាជ្យ ដែល​រៀបចំ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៩​នេះ នៅក្នុង​ព្រះរាជវាំង ស្ថិតនៅក្នុង​ទីក្រុង​តូ​ខ្យូ​។​

​នៅក្នុង​ឱកាស​នោះ ព្រះ​ចៅ​អធិរាជ​ថ្មី នៃ​ប្រទេស​ជប៉ុន Naruhito មាន​ព្រះបន្ទូល​លើកដំបូង​ថា ក្នុង​រយៈពេល​ដែល​ព្រះបិតា​របស់​ព្រះអង្គ បំពេញ​ព្រះរាជកិច្ច​ជា​ព្រះ​ចៅ​អធិរាជ គឺ​ព្រះអង្គ​តែងតែ​ធ្វើ​ការងារ​បម្រើប្រជាជន​ជប៉ុន​ទាំងអស់ ហើយ​សម្រាប់​ព្រះអង្គ​ផ្ទាល់ ក៏បាន​ទទួល​ការងារ​ដ៏​អស្ចារ្យ​នេះ បន្ត​ពី​ព្រះបិតា​របស់​ទ្រង់​។ ព្រះ​ចៅ​អធិរាជ​ថ្មី​សង្ឃឹមថា ប្រជាជន​ជប៉ុន​ទាំងអស់ នឹង​បន្ត​ទទួលបាន​សេចក្តីសុខ សុភមង្គល​, ប្រទេស​មាន​ការអភិវឌ្ឍ​ជឿនលឿន​ទៅមុខ ហើយ​ពិភពលោក​មាន​សន្តិភាព​។​

​ព្រះអង្គម្ចាស់ Naruhito ជា​បុត្រា​ច្បង​របស់​អតីត​អធិរាជ​ជប៉ុន Akihito​។ ព្រះអង្គម្ចាស់ Naruhito បាន​ឡើង​គ្រង​រាជ​បន្ត​ពី ព្រះបិតា​របស់​ទ្រង់ ដែល​បានប្រកាស អំពី​គម្រោង​ដាក់រាជ្យ​របស់​ព្រះអង្គ​ដំបូង​កាលពី​ឆ្នាំ ២០១៦ ដោយសារតែ​ព្រះជន្ម និង​ព្រះរាជសុខភាព​របស់​ព្រះអង្គ មិនអាច​បំពេញ​កាតព្វកិច្ច ជា​ព្រះមហាក្សត្រ​បាន​ដោយ​រលូន​។ ចំពោះ តួនាទី​បច្ចុប្បន្ន​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ភាគច្រើន​គឺជា និមិត្តរូប​នៃ​រដ្ឋ‍ ហើយ​មិន​មានអំណាច​ផ្នែក​នយោបាយ​ណាមួយ​នោះទេ​។​

​សូមបញ្ជាក់ថា ព្រះ​ចៅ​អធិរាជ​ថ្មី​ជប៉ុន Naruhito មាន​ព្រះជន្ម​៥៩​ព្រះវស្សា និង​ជា​ព្រះ​ចៅ​អធិរាជ​ទី​១២៦​នៃ​ប្រទេស​ជប៉ុន​។ ទ្រង់​បានទទួល​ការអប់រំ​នៅ​សាលា​សម្រាប់​កូន​អ្នកភិ​ជន​នៅក្នុង​ប្រទេស​ជប៉ុន និង​នៅ​សាកល វិទ្យាល័យ Oxford នៃ​ចក្រភព​អង់គ្លេស​ផងដែរ​។ សម្រាប់​ជីវិត​អាពាហ៌ពិពា​ហ៌វិញ ព្រះអង្គ​បាន​រៀប​អភិសេក ជាមួយ​មហេសី​របស់​ទ្រង់ ព្រះនាម​ថា Masako Owada នៅ​ឆ្នាំ​១៩៩៣ ហើយ​ទ្រង់​ទាំងពីរ មាន​បុត្រ​តែ​មួយអង្គ​ប៉ុណ្ណោះ ដែលជា​បុត្រី​ព្រះនាម Aiko មាន​ព្រះជន្ម​១៧​ព្រះវស្សា​៕ 

 

 ពាក្យគន្លឹះ  ជប៉ុនអធិរាជNaruhito

ព័ត៌មានផ្សេងទៀត