មន្ដ្រី​អាមេរិក​ថា​​ក្រុម​រដ្ឋ​អ៊ីស្លាម​​កំពុង​​ជ្រើស​យក​​អា​ហ្វ​ហ្គានី​ស្ថាន​ជា​ទីតាំង​​វាយប្រហារ​

30-04-2019 3:40 pm 982
  ស្តាប់
រូបភាព​កងទ័ព​​ក្រុមរដ្ឋអ៊ីស្លាម
ស្តាប់ជាសំឡេង

​អ្នក​ប្រយុទ្ធ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​បានធ្វើ​សកម្មភាព​បង្ហូរឈាម​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុងប្រទេស​ស៊ី​រី​និង​អ៊ីរ៉ាក់ កំពុង​ឆ្ពោះទៅកាន់​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ហើយ ដើម្បី​បន្ដសកម្មភាព​ជា​ក្រុម​ជី​ហាដ​បើក​ការវាយប្រហារ​របស់​ពួកគេ ប្រឆាំងនឹង​សហរដ្ឋអាមេរិក​ដូច​មុន​ទៀត​។ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​អាមេរិក​ម្នាក់​។ ការព្រមាន​ដូច្នេះ​ធ្វើឡើង​ស្របពេល​ក្រុម​រដ្ឋ​អ៊ីស្លាម កំពុង​ព្យាយាម​ពង្រីក​ឥទ្ធិពល​នៅក្នុង​តំបន់ ក្រោយ​បាត់បង់​មូលដ្ឋាន​ធំ​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយក៏​ស្របពេល​តំបន់​អាស៊ី​ខាងត្បូង​រងគ្រោះ​ដោយសារ​ការវាយប្រហារ​ផងដែរ​។​

​មន្ដ្រី​ស៊ើបការណ៍​ជាន់ខ្ពស់​របស់​អាមេរិក​ម្នាក់​ប្រចាំ​ទីក្រុង​កា​ប៊ុល​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បាន​និយាយ​ក្នុង​បទសម្ភាសន៍​ថ្មីៗ​នេះ​ថា មាន​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​មួយចំនួន​កំពុង​ត្រឡប់មក​កាន់​អា​ហ្វ​ហ្គានី​ស្ថាន និង​ព្យាយាម​សាបព្រោះ​មនោគមន៍វិជ្ជា ជំនាញ និង​បទពិសោធន៍​ដែល​គេ​មាន​។ ប្រសិនបើ​គ្មាន​ការបន្ដ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅ​អា​ហ្វ​ហ្គានី​ស្ថានទេ ការវាយប្រហារ​នឹង​កើតឡើង​ក្នុងប្រទេស​នេះ ជា​ការវាយប្រហារ​ដ៏​គួរឲ្យភ្ញាក់ផ្អើល​ក្នុងឆ្នាំនេះ​។​

​មន្ដ្រី​អាមេរិក​ដដែល​មិនបាន​រៀបរាប់​ពី​ផែនការ​វាយប្រហារ​ណាមួយ​ទេ ប៉ុន្ដែ​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​ពាក់ព័ន្ធ​និង​បាន​ជំរុញឲ្យមាន​ការវាយ​ប្រ​ហារ​ធំៗ​មួយចំនួន​នៅ​អាមេរិក ក្នុងនោះ​មាន​ការបាញ់ប្រហារ​ក្នុង​រដ្ឋ Florida​កាលពី​ឆ្នាំ​២០១៦​ជាដើម​។ កាលនោះ​ខ្មាន់កាំភ្លើង​បានបង្ហាញ​ភាព​ស្មោះស្ម័គ្រ​នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​បាន​បាញ់សម្លាប់​មនុស្ស​រហូត​ដល់​៤៩​នាក់​ក្នុង​ក្លឹប​រាត្រី​មួយកន្លែង​។​

​តាមរយៈ​របាយការណ៍​ថ្មី​មួយ​របស់​អង្គការសហប្រជាជាតិ​ឲ្យដឹងថា អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋ​អ៊ីស្លាម​មាន​ចន្លោះ​ពី​២,៥០០​ទៅ​៤,០០០​នាក់​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ជា​ចំនួន​ដូចគ្នា​ដែល​មន្ទីរ​បញ្ច​កោណ​បានបញ្ជាក់​កាលពី​ពីរ​ឆ្នាំមុន​។ វត្ដ​មាន​របស់​ពួកគេ​អាច​ធ្វើឲ្យមាន​ភាពស្មុគស្មា​ញ​ដល់​កិច្ចព្រមព្រៀង​សន្ដិភាព​ជាមួយ​ក្រុម​តា​លី​បង់ ដែល​ប្ដេជ្ញា​នឹង​ការពារ​ក្រុម​ភេរ​វករ​ប្រើ​អា​ហ្វ​ហ្គានី​ស្ថានជាទី​លាន​វាយប្រហា​រ​ប្រឆាំង​បរទេស​៕

ព័ត៌មានផ្សេងទៀត