លោក​ម៉ា​ហា​ធៀ​៖​​ដរាបណា​​ខ្ញុំ​នៅ​មានជីវិត​​ខ្ញុំ​​មិនឲ្យ​​ម៉ាឡេស៊ី​​ដួលរលំ​ឡើយ​

30-04-2019 11:37 am 1060
  ស្តាប់
​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ
ស្តាប់ជាសំឡេង

នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ម៉ា​ហា​ធៀ មហា​ម៉េដ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹង​មិនឲ្យ​ម៉ាឡេស៊ី​ដួលរលំ​ដាច់ខាត​ដរាបណា​លោក​នៅ​មានជីវិត​។ ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ការគ្រប់គ្រង​អង្គការ​មួយ​លោក​បាន​លើកឡើងថា លោក​ដឹង​ប្រទេស​ម៉ាឡេស៊ី​ប្រឈម​នឹង​បញ្ហា​ជាច្រើន ហើយ​បញ្ហា​ទាំងនោះ​ហាក់ដូចជា​មិនអាច​ដោះស្រាយបាន​នៅ​ពេលខ្លះ​។ លោក​បន្ថែមថា “​បើ​ខ្ញុំ​នៅរស់​បានយូរ​ប៉ុនណា ខ្ញុំ​នឹង​ព្យាយាម​មិនឲ្យ​ជាតិ​សាសន៍​របស់ខ្ញុំ​ធ្លាក់ចុះ បាត់បង់​សេចក្ដីថ្លៃថ្នូរ បាត់បង់​គោលដៅ​នោះឡើយ​។ យើង​បាន​យកឈ្នះ​រឿង​ជាច្រើន​ក្នុង​អតីតកាល ហើយ​ឥលូវ​នេះ​យើង​សង្ឃឹមថានឹង​ទទួលបាន​ជោគជ័យ មិនថាតែ​បច្ចុប្បន្ន​និង​អនាគត​។​”

​ការព្រួយបារម្ភ​ជុំវិញ​តម្លៃ​ឡើងថ្លៃ​និង​ការរើសអើង​នយោបាយ ដែល​ស្ថិតក្នុង​ចំណោម​បញ្ហា​ជាច្រើន​ទៀត  បាន​ញាំញី​ដល់​គណបក្ស​Pakatan Harapan​របស់លោក​ម៉ា​ហា​ធៀ​ជិត​មួយឆ្នាំ​មកហើយ បន្ទាប់ពី​ចូល​កាន់អំណាច​។ ការស្ទង់មតិ​មួយ​កាលពី​ចុង​សប្ដាហ៍​មុន​បង្ហាញថា មាន​តិច​ជា​ពាក់កណ្ដាល​នៃ​ប្រជាជន​ម៉ាឡេស៊ី​ឯកភាព​តាម​លោក​ម៉ា​ហា​ធៀ​។ លោក​សន្យា​នឹង​បម្រើ​ជា​នាយករដ្ឋមន្ដ្រី​បណ្ដោះអាសន្ន មុនពេល​ប្រគល់​តំណែង​ឲ្យ​លោក​Anwar Ibrahim​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។​

​កាលពី​ថ្ងៃ​ចន្ទ​លោក​ម៉ា​ហា​ធៀ​និយាយថា អ្វីដែល​សំខាន់​ក្នុង​ការគ្រប់គ្រង​ប្រទេសជាតិ គឺ​ស្វែងរក​គោលបំណង​រួម​ដើម្បីឲ្យ​ប្រជាជនមាន​ការរួបរួ​ម​។ “​ចាប់តាំងពី​ខ្ញុំ​ធ្វើ​នាយករដ្ឋមន្ដ្រី​លើកដំបូង ខ្ញុំ​ត្រូវបាន​គេ​សួរ​ជា​ញឹកញាប់​ពីអ្វី​ដែលជា​អាថ៌កំបាំង​របស់ខ្ញុំ សម្រាប់​ការគ្រប់គ្រង​ប្រទេសជាតិ​ឲ្យមាន​ភាព​សម្បូរ​សប្បាយ​រុងរឿង​។ ជាក់ស្ដែង​ណា​ស់គឺ​ស្ទើរតែ​គ្រប់ផ្នែក​នៃ​សង្គម​មាន​តម្រូវការ​និង​អាទិភាព​ផ្សេងៗ​គ្នា​។ វា​មិនមាន​អាថ៌កំបាំង​អ្វី​ក្រៅពី​គោល​គំនិត​ជា​មូលដ្ឋាន​និង​ទស្សនៈ​ពិតប្រាកដ​ឡើយ ដែល​ត្រូវ​យកមក​ដោះស្រាយ​បញ្ហា​រួមគ្នា​។ បើ​រកឃើញ​ចំណុច​ទាំងអស់នេះ យើង​នឹង​អាច​ស្ថាបនា​ប្រទេសជាតិ​បាន​។​” នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក​ម៉ា​ហា​ធៀ​។​

​លោក​បានបង្ហាញ​ពី​ចំណុច​សំខាន់​មួយ​ទៀតថា ការជួយ​ឲ្យ​ប្រជាជនអាច​រួបរួមគ្នា​និង​ឯកភាព​លើ​ការអភិវឌ្ឍ ការកសាង​ប្រទេសជាតិ គឺជា​កាតព្វកិច្ច​របស់​យើង ហើយ​ជា​ទង្វើ​មួយ​គិត​ប្រយោជន៍​រួម មិនមែន​គិតតែ​ខ្លួនឯង​ឡើយ​។ យើង​ក៏​ទទួលបាន​ផលប្រយោជន៍​ពី​ការ​រស់នៅក្នុង​ប្រជាជាតិ​ដែល​ទទួលជោគជ័យ​មួយ​ដែរ​។ សូមបញ្ជាក់ថា ក្នុងពេល​ចូលរួម​ក្នុង​សន្និសីទ​មេដឹកនាំ​វ័យ​៩៣​ឆ្នាំ​រូបនេះ ក៏​ទទួលបាន​ពានរង្វាន់​អ្នកដឹកនាំ​និង​ទស្សនវិទូ​ជាតិ​ផងដែរ​៕

 ពាក្យគន្លឹះ  ម៉ាឡេស៊ីលោកម៉ាហាធៀ

ព័ត៌មានផ្សេងទៀត