ក្រុម​អតីត​បក្សប្រឆាំង​ប្រដូច​ករណី​លោក​កឹម សុខា ទៅនឹង​លោកស្រី​អ៊ុង សាន​ស៊ូ​ជី​

30-04-2019 10:58 am 2714
  ស្តាប់
​លោកស្រី​អ៊ុង សាន​ស៊ូ​ជី និងលោកកឹម សុខា
ស្តាប់ជាសំឡេង

​លោកស្រី​អ៊ុង សាន​ស៊ូ​ជី ជា​អតីត​មេដឹកនាំ​បក្សប្រឆាំង​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ លោកស្រី ធ្លាប់បាន​របប​យោធា​ភូមា ឃុំឃាំង​នៅក្នុង​ផ្ទះ​រយៈពេល​១៤​ឆ្នាំ កាលពី​ទសវត្សរ៍​ឆ្នាំ​៩០​។ ពេលនោះ ពិភពលោក​ទាំងមូល ទាមទារ​ឲ្យមាន​ការដោះលែង​អ្នកស្រី ឲ្យទទួល​បាន​សេរីភាព​ពេញលេញ​ឡើងវិញ​។ ពេលនេះ ក្រុម​អតីត​មេដឹកនាំ​គណបក្សប្រឆាំង មាន​លោក​សម រង្ស៊ី និង​លោក​យ៉ែម បុញ្ញ​ឫទ្ធិ បាន​លើកយក​ករណី​លោកស្រី​អ៊ុង សាន​ស៊ូ​ជី នេះ ប្រដូច​នឹង​លោក​កឹម សុខា ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​ដែរ​។ 

​ស្រប​ពេលនេះ លោកស្រី​អ៊ុង សាន​ស៊ូ​ជី កំពុង​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​កម្ពុជា លោក​សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​គេច​ពី​សំណាញ់​ច្បាប់​កម្ពុជា បាន​លើកយក​ករណី​របស់លោក​កឹម សុខា មក​ប្រដូច​នឹង​ករណី​របស់​អ្នកស្រី ស៊ូ​ជី​។ លោក​ថា លោក​កឹម សុខា កំពុងតែ​ត្រូវបាន​ឃុំឃាំង​ក្នុងផ្ទះ ដូច្នេះ ពិភពលោក​ទាំងមូល ក៏​ទាមទា​រឲ្យរដ្ឋាភិបាល​កម្ពុជា ដោះលែង​លោក​កឹម សុខា ឲ្យទទួល​បាន​សេរីភាព​ពេញលេញ​ឡើងវិញ​ដែរ ពីព្រោះ​តុលាការ គ្មាន​ភស្តុតាង និង​គ្មាន​សាក្សី ក្នុង​ការចោទប្រកាន់ ទៅលើ​លោក កឹម សុខា នោះទេ​។ លោក​សម រង្ស៊ី និយាយថា ពេលនេះ លោក​កឹម សុខា ជា​អ្នកទោសនយោបាយ ដូច​លោកស្រី អ៊ុង សាន​ស៊ូ​ជី កាលពី​ប្រមាណ​១០ ឆ្នាំមុន​ដែរ​។​

​លោក​សម រង្ស៊ី និយាយថា ដំណើរ​ទស្សនកិច្ច លោកស្រី អ៊ុង សាន​ស៊ូ​ជី នៅ​កម្ពុជា​សប្តាហ៍​នេះ ធ្វើឲ្យ​សាធារណមតិ ចងចាំ​ថា លោកស្រី ត្រូវបាន​របប​ផ្តាច់ការ នៅ​ប្រទេស​ភូមា ឃុំឃាំង​ក្នុង​គេហដ្ឋាន​របស់​លោកស្រី រយៈពេល​សរុប ១៤ ឆ្នាំ​។ ការ​ឃុំឃាំង​ក្នុងផ្ទះ​បែបនេះ បានធ្វើឲ្យ​ពិភពលោក​ទាំងមូល ទាមទារ​ឲ្យមាន​ការដោះលែង​លោកស្រី អ៊ុង សាន​ស៊ូ​ជី ឲ្យទទួល​បាន​សេរីភាព​ពេញលេញ​ឡើងវិញ​។ លោក​ប្រៀបធៀប​ថា​៖«​ឥឡូវនេះ លោក​កឹម សុខា ក៏​កំពុងតែ​ត្រូវបាន​របប​ផ្តាច់ការ ឃុំឃាំង​ក្នុងផ្ទះ ជាង ៦ ខែ​មកហើយ ដូច​លោកស្រី អ៊ុង សាន​ស៊ូ​ជី ពីមុន​អ៊ីចឹង​ដែរ​។ ដូច្នេះ ពិភពលោក​ទាំងមូល ក៏​ទាមទារ​ឲ្យ​របប​ហ៊ុន សែន ដោះលែង​លោក​កឹម សុខា ឲ្យទទួល​បាន​សេរីភាព​ពេញលេញ​ឡើងវិញ ពីព្រោះ​តុលាការ​អាយ៉ង ទី​ក្រុងភ្នំពេញ រក​ភស្តុតាង​ក៏​គ្មាន សាក្សី​ក៏​គ្មាន ក្នុង​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន មកលើ​លោក​កឹម សុខា ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​»​។​

​ស្រដៀង​គ្នា​នេះដែរ មន្ត្រីជាន់ខ្ពស់ និង​ជា​អតីត​តំណាងរាស្ត្រ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជា​មនុស្ស​ជំនិត​បំផុត​នឹង​លោក​កឹម សុខា គឺ​លោក​យ៉ែម បុញ្ញ​ឫទ្ធិ ក៏បាន​លើកយក​ករណី​លោកស្រី​អ៊ុង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា ប្រដូច​ទៅនឹង​លោក​កឹម សុខា ដែល​កំពុង​ដាក់ឲ្យ​ស្ថិតនៅ​ក្នុងផ្ទះ​។ 

​លោក​យ៉ែម បុញ្ញ​ឫទ្ធិ លើកឡើងថា​៖«​យើង​នៅ​ចាំបាន គឺ​លោកស្រី​ជា​អតីត​អ្នកទោសនយោបាយ ដែល​ត្រូវបាន​របប​យោធា​នៅ​ប្រទេស​ភូមា ឃុំឃាំង​ក្នុង​គេហដ្ឋាន​របស់​លោកស្រី នៅ​ទសវត្សរ៍​៩០ អស់​រយៈពេល​ជាង​១០​ឆ្នាំ ដែល​ធ្វើឱ្យ​ពិភពលោក​ទាមទារ​ឱ្យមាន​ការដោះលែង ស្រដៀង​គ្នា​នឹង​ករណី​របស់លោក​កឹម សុខា ផងដែរ​»​។​

​លោក​យ៉ែម បុញ្ញ​ឫទ្ធិ បាន​រៀបរាប់ថា លោក​កឹម សុខា អ្នកតស៊ូ​ផ្នែក​សិទ្ធិមនុស្ស​ដោយ​អហិង្សា​ត្រូវបាន​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ព្រៃ​ស​លើក​ទី​១ ពីថ្ងៃ​ចុងឆ្នាំ​២០០៥ ហើយ​ដែល​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​នៅ​ថ្ងៃទី​១៧ មករា ឆ្នាំ​២០០៦​។ 

​លោក​បុញ្ញឫទ្ធិ បញ្ជាក់ថា លោក​កឹម សុខា នៅតែ​បន្ត​ការតស៊ូ​នយោបាយ​ដោយ​ឥត​រួញ​រា ហើយ​ត្រូវបាន​ចាប់ខ្លួន​ជា​លើក​ទី​២ ទាំង​កណ្ដាលអធ្រាត្រ យប់​ថ្ងៃទី​២​ឆ្លង​ចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ នាំខ្លួន​ទៅ​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង "​ម​៣" និង​បាន​ផ្ទេរ​មក​បន្ត​ឃុំខ្លួន​ក្នុងផ្ទះ​របស់ លោក​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោងជាង ៣​ទៀបភ្លឺ ពី​ថ្ងៃទី​១០ កញ្ញា ឆ្នាំ​២០១៨ រហូត​ដល់ពេលនេះ​។​

​សូមបញ្ជាក់ថា បើ​គិត​ចាំប់តាំងពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ មកដល់ពេលនេះ លោក​កឹម សុខា បាត់បង់​សេរីភាព​ជិត​៦០០​ថ្ងៃ​ហើយ ហើយ​សហគមន៍​អន្តរជាតិ ជាពិសេស​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ផ្តល់​សេរីភាព​ឲ្យ​លោក​កឹម សុខា និង​បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាចធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ​។​ប៉ុន្តែ មកដល់ពេលនេះ នៅ​មិនទាន់មាន​តម្រុយ​វិជ្ជមាន​ណាមួយ ពី​រដ្ឋាភិបាល​កម្ពុជា​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត