កម្ពុជា​​ចាត់ទុក​​«​អាស៊ាន​»​​ជា​ខែល​​ការពារ​​អធិបតេយ្យ និង​ឯករាជ្យ​​​សមាជិក​​

30-04-2019 10:19 am 793
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

​នៅ​ថ្ងៃទី​៣០ មេសា​នេះ គឺជា​ខួប​២០​ឆ្នាំ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន​។​រយៈពេល​២០​ឆ្នាំ​មកនេះ កម្ពុជា​បាន​អះអាងថា ខ្លួន​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាជិក ក្នុង​ការកសាង​សហគមន៍​អាស៊ាន​មួយ ដែល​ផ្តោតលើ​ប្រជាជន និង​យក​ប្រជាជន​ជា​ស្នូល ក្នុង​ស្មារតី​នៃ​ភាពម្ចាស់ការ និង ការទទួលខុសត្រូវ​រួម​។​កម្ពុជា​បានចាត់ទុក «​អាស៊ាន​»​ជា​ខែល​ការពារ​សន្តិសុខ អធិបតេយ្យ និង ឯករាជ្យភាព​របស់​ស​មាជិក ខណៈដែល​អង្គការ​តំបន់​នេះ​កំពុង​ក្លាយជា​កន្លែង​នៃ​ការប្រកួតប្រជែង​ឥទ្ធិពល​នៃ​ពួក​មហាអំណាច​។

​អាស៊ាន​ក្លាយជា​ស្នូល​មួយ​នៃ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា ដែល​អាច​ឆ្លុះបញ្ចាំង​បាន​តាមរយៈ​ការផ្សារភ្ជាប់​ការអភិវឌ្ឍ​ផ្នែក​នយោបាយ សង្គម សេដ្ឋកិច្ច​របស់​កម្ពុជា​ទៅនឹង​សមាហរណកម្ម​តំបន់ និង កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​នេះ​ជា​ការលើកឡើង​ក្នុង​សា​លិខិត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​អបអរសាទ​ខូប​២០​ឆ្នាំ​ដែល​កម្ពុជា​ចូល​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន​។​

​អាស៊ាន​ត្រូវបាន​បង្កើតឡើង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៨ សីហា ១៩៦៧​។ កម្ពុជា បាន​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​១៩៩៩​។ គិត​មកដល់ពេលនេះ កម្ពុជា​បាន​ក្លាយជា​សមាជិក​ទី​១០​របស់​អាស៊ាន​រយៈពេល​២០​ឆ្នាំ​ហើយ​។​

​រយៈពេល​២០​ឆ្នាំ​មកនេះ កម្ពុជា​បាន​អះអាងថា ខ្លួន​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សមាជិក ក្នុង​ការកសាង​សហគមន៍​អាស៊ាន​មួយ ដែល​ផ្តោតលើ​ប្រជាជន និង យក​ប្រជាជន​ជា​ស្នូល ក្នុង​ស្មារតី​នៃ​ភាពម្ចាស់ការ និង ការទទួលខុសត្រូវ​រួម​។​នៅក្នុង​វិស័យសេដ្ឋកិច្ច កម្ពុជា​ទទួល​ផលប្រយោជន៍​ធំធេង តាមរយៈ​ការផ្តោះប្តូរ​សេដ្ឋកិច្ច​ជាមួយ​សមាជិក ហើយ​អាស៊ាន​ជា​ទីផ្សារ​នាំចេញ​ធំ​ជា​គេ​ទី​បី​របស់​កម្ពុជា បន្ទាប់ពី អឺរ៉ុប និង អាមេរិក​។​

​សម្រាប់​កម្ពុជា អាស៊ាន​ជា​ខែល​សន្តិសុខ​ជាទី​ទុកចិត្ត​មួយ​ដល់សមាជិក ក្នុង​ការពា​ឯករាជ្យភាព និង អធិបតេយ្យ​របស់ខ្លួន ដើម្បី​តស៊ូ និង ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​បរទេស ហើយ​កម្ពុជា​បាន​ចូលរួម​យ៉ាង​ពេញទំហឹង​ក្នុង​គោលការណ៍​គ្រឹះ​របស់​អាស៊ាន​។​

​តែ​យ៉ាងណា​កម្ពុជា បាន​អះអាងថា អាស៊ាន មិនមែនជា​អង្គការ​ល្អឥតខ្ចោះ​ទេ ពោលគឺ​នៅមាន​ចំណុចខ្សោយ និង បញ្ហា​ប្រឈម​មួយចំនួនទៀត​ដែល​ត្រូវ​ដោះស្រាយ​។​កម្ពុជា​ប្តេជ្ញា​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ធានាថា តំបន់​អាស៊ាន​ជា​កន្លែង​សន្តិភាព សុ​វត្តិភាព និង ជា​អង្គការ​តំបន់​មួយ​មាន​សារៈសំខាន់​ចំពោះ​ប្រជាជាតិ​។​

​សូមបញ្ជាក់ថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន ត្រូវបាន​បង្កើតឡើង​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៨ សីហា ១៩៦៧​។ ប្រទេស​៥ គឺ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​ប្រទេស​សឹង្ហ​បុរី គឺជា​ស្ថាបនិក​នៃ​អង្គការ​អន្តររដ្ឋាភិបាល​ថ្នាក់​តំបន់​មួយ​នេះ​។​គោលបំណង​សំខាន់​នៃ​អង្គការ​នេះ គឺ​ការជំរុញ​នូវ​កំណើនសេដ្ឋកិច្ច វឌ្ឍនភាព​សង្គម និង ការវិវត្ត​សង្គម​សម្រាប់​សមាជិក​ទាំងអស់ រួមជាមួយ​ការការពារ​ស្ថិរភាព​នៅក្នុង​តំបន់ និង ការផ្ដល់​យន្តការ​មួយ​សម្រាប់​ប្រទេស​ជា​សមាជិក​ដើម្បី​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី​៕

 

 ពាក្យគន្លឹះ  អាស៊ាន

ព័ត៌មានផ្សេងទៀត