ក្រសួង​សាទរ​លទ្ធផល​​សាកល្បង​​ជម្រើស​​បញ្ចេញ​កាបូន​តិច​​នៅ​សាលារៀន​​ចំនួន​៥​

29-04-2019 3:45 pm 497
  ស្តាប់
ស្តាប់ជាសំឡេង

​សិក្ខាសាលា មួយ​ត្រូវបាន​ធ្វើឡើង ដើម្បី​ផ្សព្វផ្សាយ​សមិទ្ធផល​សម្រេច​បាន និង​បិទ​បញ្ចប់​គម្រោង​«​រៀបចំ​បង្កើត និង​អនុវត្ត​សាកល្បង​វិធីសាស្ត្រ និង​ជម្រើស​នានា​ដែល​បញ្ចេញ​កាបូន​តិច និង​ធន់​នឹង​អាកាសធាតុ​ក្នុង​តំបន់​ទីប្រជុំជន​»​។ គម្រោង​នេះ​មាន​ការគាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ​និង​បច្ចេកទេស​ពី​កម្មវិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា​(CCCA) សម្រាប់​ការអនុវត្ត​គម្រោង​សាកល្បង​នៅ​វិទ្យាល័យ​, អនុវិទ្យាល័យ និង​សាលាបឋមសិក្សា​ចំនួន​ប្រាំ​គឺ ១-​វិទ្យាល័យ​ស៊ីសុវត្ថិ ទី​២ វិទ្យាល័យ​ហ៊ុនសែន ប៊ុនរ៉ានី​អា​រុណ​វត្តី ទី​៣ អនុវិទ្យាល័យ​ចតុមុខ ទី​៤ អនុវិទ្យាល័យ​ហ៊ុនសែន​ព្រៃវែង និង​ទី​៥ សាលាបឋមសិក្សា​ភ្លើង​ឆេះ​រទេះ ដែលមាន​រយៈពេល​២​ឆ្នាំ និង​១​ខែ​គត់ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១ មេសា ឆ្នាំ​២០១៧ មក​។​

​តាមរយៈ​សិក្ខាសាលា​នេះ សមិទ្ធផល​ដែល​គម្រោង​សម្រេចបាន គឺ​ទី​១ ការកសាង​សមត្ថភាព​ស្តីពី​គោលការណ៍​សាលា​មេត្រី​បរិស្ថាន ចំណេះដឹង​នៃ​ការប្រែប្រួល​អាកាសធាតុ ការធ្វើ​និង​ថែទាំ​សួន​ជីវៈចម្រុះ ការដាំ​បន្លែ ការ​ទុកដាក់​កាកសំណល់ ការ​សន្សំសំចៃ​ទឹក​ដោយ​ប្រើប្រាស់​ភ្លៀង ការដំឡើង​ង​ប្រព័ន្ធ​សូ​ឡា ការប្រើ​អំពូល LED ជំនួស​អំពូល​ធម្មតា និង​ដាក់​កង្ហា​ក្នុង​ថ្នាក់រៀន ការសង់​បង្គន់​អនាម័យ និង​កន្លែង​លាងដៃ ការធ្វើ​សួន​ជីវៈចម្រុះ​និង​ដាំ​ដើមឈើ ជាមួយ​សាលារៀន​គោលដៅ​ទាំង​៥ ដែល​គម្រោង​បានធ្វើ​ការជ្រើសរើស​។​

​ទី​២ ការសាកល្បង​ការប្រើប្រាស់​ម៉ូតូ​អាគុយ (E-Bike) ចំនួន​១២​គ្រឿង​ដោយ​មន្ត្រីរដ្ឋបាល​ក្រសួងបរិស្ថាន​ដើម្បី​បង្ហាញ​ពី​ការប្រើ​មធ្យោបាយ​ដឹកជញ្ជូន​ប្រកបដោយ​បច្ចេកវិទ្យា​ប្រើ​កាបូន​តិច និង​ធ្វើ​ការសិក្សា​ស្តីពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច​នៃ​ការប្រើប្រាស់ E-Bike ផលចំណេញ​ផ្នែក​បរិស្ថាន និង​ផ្តល់​អនុសាសន៍​ចូលរួមចំណែក​ក្នុង​ការរៀបចំ​គោលនយោបាយ​ជំរុញ​ការប្រើប្រាស់​ម៉ូតូ​អាគុយ​អោយបាន​ទូលំទូលាយ​។​

​ទី​៣ ការរៀបចំ​ចងក្រង និង​ផលិត​ជា​ភាពយន្ត​ឯកសារ ស្ពត​វីដេអូ​ខ្លី និង​ចាក់ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ វិទ្យុ និង​ការរៀបចំ​សារ​អប់រំ​ស្តីពី​បរិស្ថាន​ជា​ខិត្តប័ណ្ណ​(Brochure) និង​ផ្ទាំង​រូបភាព (Poster) ដើម្បី​ជា​ប្រយោជន៍​ដល់​សិស្សានុសិស្ស និង​ដល់​សង្គម​ទាំងមូល​។​

​តាម​តយៈ​គម្រោង​នេះ ក្រសួង​បរ​ស្ថាន អះអាងថា ពិតជា​បាន​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ជាពិសេស​ផែនការ​យុទ្ធសាស្ត្រ កម្មវិធី និង​សកម្មភាព​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​៕

 ពាក្យគន្លឹះ  ក្រសួងបរិស្ថាន

ព័ត៌មានផ្សេងទៀត