លោក​ហ៊ុន សែន ​អរគុណ​ចិន​​ដែល​ប្រកាស​​ជួយ​កម្ពុជា ​ពេល​ប្រឈម​​ការដក​EBA​​របស់​អឺរ៉ុប​

29-04-2019 2:26 pm 1416
  ស្តាប់
ស្តាប់ជាសំឡេង

​មុនពេល​ចាកចេញ​ពី​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក​ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ប្រទេស​ចិន ដែល​ប្រកាស​ជា​ឱឡារិក ថា​នឹង​បន្ត​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​ឥត​ងាករេ ជាពិសេស ចិន​សន្យា​ជួយ​ដល់​កម្ពុជា​ដែល​នឹងត្រូវ​ប្រឈម​ជាមួយនឹង​ការដក EBA របស់​សហភាព​អឺរ៉ុប​។ 

​លោក​ហ៊ុន សែន បាន​បញ្ជាក់ប្រាប់​មិត្ត​ចិន​ថា កម្ពុជា​កំពុង​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បណ្តើរៗ ពី​គោលនយោបាយ​«​ខ្សែក្រវាត់ និង​ផ្លូវ​» តាមរយៈ​ការតភ្ជាប់​លើ​គ្រប់​វិស័យ​។ លោក​អរគុណ​ចិន ដែល​បាន​ចូលរួម​ជួយ​ដល់​កម្ពុជា​ដែល​នឹងត្រូវ​ប្រឈម​ជាមួយនឹង​ការដក EBA របស់​សហភាព​អឺរ៉ុប​។ លោក​ក៏​បានស្នើ​ដល់​ក្រុមហ៊ុន​ចិន មក​ធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្តទៀត ជាពិសេស សុំឲ្យ​ចិន​បើកចំហ​ទីផ្សារ ជាង​មុន​សម្រាប់​ការ​នាំចូល​ផលិតផល​កសិផល​ពី​ប្រទេស​កម្ពុជា ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

​ភាគី​ចិន​បាន​បញ្ជាក់ថា នឹង​ជំរុញ​ការកសាង​ក្នុង​តំបន់​សេដ្ឋកិច្ច​, ការកសាង​ព្រលានយន្តហោះ ផ្លូវ​ល្បឿន​លឿន ជាពិសេស​ក្នុងការ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​តាម​គោលការណ៍​ដែល​ផ្ដល់ជូន​។ ចិន​នឹង​បន្ត​គាំទ្រ​ជួយ​ដល់​វិស័យ​ការពារជាតិ​ដល់​ប្រទេស​កម្ពុជា​ផងដែរ​។ ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ពីង ក៏បាន​ប្រកាស​ផ្តល់ជំនួយ​ចំនួន​៦០០​លាន​យ័ន ដល់​វិស័យ​ការពារជាតិ​កម្ពុជា​។ នេះ បើ​យោងតាម​ការបញ្ជាក់​រប​ស់លោក​ហ៊ុន សែន នៅលើ​បណ្តាញ​សង្គម facebook ផ្លូវការ​របស់លោក មុនពេល​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចាកចេញ​ពី​ប្រទេស​ចិន នៅ​ថ្ងៃទី​២៩ មេសា នេះ​។ 

​លោក​ហ៊ុន សែន អរគុណ​ដល់ រដ្ឋាភិបាល​ចិន ដែល​កន្លងមក​តែងតែ​ចូលរួមចំណែក​ក្នុង​ការកសាង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ លោក​ថា ស្ថានភាព​ផ្ទៃក្នុង ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​នៅតែមាន​ភាពល្អប្រសើរ បើ​ធៀប​នឹង​ឆ្នាំ​១៩៩៨ ហើយ​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ​២០១៨​នេះ គឺ​កាន់តែ​មាន​ភាពល្អប្រសើរ ដែល​ទាំងនេះ ដោយសារ​ការសហការ​គ្នា​ជា​មិត្តភាព ជា​មិត្ត​ដែក​ថែប ជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជា​បន្តបន្ទាប់​ទៀត រវាង​ចិន និង​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនEBAចិន

ព័ត៌មានផ្សេងទៀត