​ក្រោយ​ការវាយប្រហារ​ភេរវកម្មស្រីលង្កា​រឹតបន្តឹងលើ​ការប្រើ​សម្លៀកបំពាក់​រុំ​មុខ​ជិត​

29-04-2019 2:24 pm 410
  ស្តាប់
ស្តាប់ជាសំឡេង

​ស្ថិតក្រោម​ច្បាប់​គ្រា​អាសន្ន លោក​ប្រធានាធិបតី​ស្រីលង្កា​ម៉ៃ​ស្រ៊ូ​ផា​ឡា ស៊ី​រី​សេនា​( Maithruipala Sisirsena )​បានប្រកាស​ដាក់​កំហិត ចំពោះ​ការប្រើប្រាស់​សម្លៀកបំពាក់​រុំ​មុខ​ជិត ក្នុង​រយៈពេល​មិន​ជាក់លាក់​។ បម្រាម​នេះ​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​តទៅ​។ សេចក្តីថ្លែងការណ៍​ពី​ការិយាល័យ​ប្រធានាធិបតី បញ្ជាក់ថា ការហាមឃាត់​នេះ គឺ​ដើម្បី​ធានា​ដល់​សន្តិសុខ​ជាតិ ... គ្មាន​នរណាម្នាក់ គួរ​លាក់បាំង​មុខរបស់​ពួកគេ ដែល​បង្កឲ្យមាន​ការលំបាក ដល់​ការកំណត់​អត្តសញ្ញាណ​ឡើយ​។​

​សម្លៀកបំពាក់​រុំ​មុខ​ជិត ឃើញតែ​ប្រឡង់​ភ្នែក ភាគច្រើន​ប្រើប្រាស់​ដោយ​ស្ត្រី​ជនជាតិ​មូស្លីម​កាន់សាសនា​អ៊ីស្លាម​។ យ៉ាងណា បម្រាប​ដែល​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​នេះ ប្រហែល​មិនពាះ​ពាល់​ធ្ងន់ធ្ង​រពេក ទៅលើ​អ្នករស់នៅ​ក្នុងប្រទេស​ស្រីលង្កា និង​កាន់សាសនា​អ៊ីស្លាម​នោះទេ​។ មិន​ប៉ះពាល់​ធ្ងន់ធ្ងរ ដោយសារ​នៅ​ក្នុងប្រទេស​ស្រីលង្កា មាន​ប្រជាជន​មូស្លីម កាន់សាសនា​អ៊ីស្លាម​១០​ភាគរយ ក្នុងចំណោម​ប្រជាជន​សរុប​២១​លាន​នាក់ ដែល​ភាគច្រើន​កាន់​សាសនាព្រះពុទ្ធ​។​

​បម្រាម​នេះ បាន​ប្រកាសឡើង​ក្រោយ មាន​ការវាយប្រហារ​ភេរវកម្ម ដោយ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត លើ​ព្រះវិហារ​និង​សណ្ឋាគារ​ប្រណិតៗ​ជាច្រើន​កន្លែង បណ្តាលឲ្យ​ស្លាប់​មនុស្សជាង​១៥០​នាក់​កាលពី​ថ្ងៃទី​២១​ខែមេសា​ឆ្នាំ​២០១៩​។ ក្រុម​IS​បាន​ចេញមុខ​ប្រកាសថា ការវាយប្រហារ​ភេរវកម្ម​នេះ ជា​ថ្វីដៃ​របស់​គ្នា​ពួកគេ ខណៈ​ប៉ូលិស​ស្រីលង្កា​បន្ត​តាម​ប្រមាញ់ ក្រុម​សកម្មប្រយុទ្ធ​ក្នុងស្រុក មាន​ឈ្មោះថា NTJ ជា​ក្រុម​ជនសង្ស័យ​នៅ​ពីក្រោយ​ការវាយប្រហារ​ភេរវកម្ម​ដ៏​កក្រើក​។ កាលពី​ថ្ងៃអាទិត្យ​ប៉ូលិស​បាន​ចុះ​ប្រតិបត្តិការ វាយឆ្មក់​នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុម​នេះ ស្ថិតនៅ​ភាគ​ខាងកើត​ទីក្រុង​កាតា​ន​គូ​ឌី​(Kattankudy)​។ មកទល់ពេលនេះ ចំនួន​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​បង្ហូរឈាម​នេះ បាន​កើនឡើង​ដល់​១៥០ នាក់​។ ទន្ទឹមនឹងនោះ អាជ្ញាធរ​ប្រទេស​ស្រីលង្កា ក៏​កំពុង​តាម​ប្រមាញ់ ក្រុម​IS​ប្រហែល ១៤០​នាក់​ទៀត ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក ប៉ុន្តែ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ទេ​៕

ព័ត៌មានផ្សេងទៀត