លោកមុត ចន្ថា៖ ហេតុអ្វី​លោក​សម រង្ស៉ី ព្យាយាម​បង្អាប់លោកកឹម សុខា?

29-04-2019 2:24 pm 1820

លោកមុត ចន្ថា អតីតមន្រ្ដីនៃអតីតបក្សសង្រ្គោះជាតិ និងជាមនុស្សជំនិតរបស់លោកកឹម សុខា អតីតប្រធាននៃអតីតបក្សប្រឆាំង បានលើកឡើងជាសំណួរ ថា ហេតុអីបានជាលោកសម រង្ស៉ី នៅតែព្យា​យាមបង្អាប់​លោក​កឹម សុខា?។ ការលើកឡើងជាសំណួរយ៉ាងដូច្នេះ បន្ទាប់ពីលោកសម រង្ស៊ី បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយនៅកូរ៉េខា​ងត្បូង ថា មុនពេលរូបលោកចូលមកកាន់ប្រទេសកម្ពុជា លោកត្រូវរៀបចំផែនការលម្អិតជាមុនសិន ដើ​ម្បីកុំឲ្យមានការចាប់ខ្លួនដូចលោក កឹម សុខា និងមានករណីបាញ់សម្លាប់ដូចលោក កែម ឡីជាដើម។​

ខាងក្រោមនេះជាសំណេររបស់លោកមុត ចន្ថា អតីតមន្រ្ដីនៃអតីតបក្សសង្រ្គោះជាតិ ដែលបានបង្ហោះនៅលើហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩៖

កុំយក ឯកឧត្តម កឹម សុខា បិទបាំងភាពអាម៉ាស់ និងកំសាក!

កុំជ្រុលហួសហេតុពេក គ្មាននរណាចង់ឲ្យគេចាប់ ឬមានផែនការសម្អិតមិនឲ្យគេចាប់ក៏គ្មានដែរ។

ហេតុអីលោកអតីតប្រធានគណបក្សសង្រ្គោះជាតិ សម រង្ស៉ី នៅតែលើកហេតុផលប្រៀបធៀបទាក់ទិននិងការចាប់ខ្លួននៃឯកឧត្តម កឹម សុខា? អ្វីដែលគាត់លើកឡើង ហាក់បីដូចជាគាត់ ចង់បង្អាប់ឯកឧត្តម កឹម សុខា ថាគ្មានយុទ្ធសាស្រ្តឆ្លាត និងលម្អិតដូចគាត់ ដែលនេះមានន័យថា ទាល់តែរត់ចោលស្រុកដូចគាត់ជាមុនសិន ទើបរៀបចំយុទ្ធសាស្រ្ត និងរកលុយ ដើម្បីវិលចូលស្រុកតាមក្រោយ ទើបជាអ្នកឆ្លាត!

ហេតុអីបានជាលោកសម រង្ស៉ី នៅតែព្យាយាមបង្អាប់ ឯកឧត្តមកឹម សុខា? ឬមួយលោកសម រង្ស៉ី ខ្មាស់រាស្រ្តខ្មែរ និងអន្តរជាតិ ការណ៍ដែលគាត់មិនហ៊ានប្រឈមមុខ និងភាពកម្សោយ កំសាករបស់គាត់ ទើបគាត់ខិត​ខំព្យាយាមបញ្ចុះតម្លៃវីរៈភាព និងពលិកម្មរបស់ឯកឧត្តម កឹម សុខា ដើម្បីតម្លើងតម្លៃ និងគុណសម្បត្តិរបស់គាត់? តើលោក សម រង្ស៉ី រត់ចោលស្រុកប៉ុន្មានដងនិងលើកហើយ ចាប់តាំងពីឆ្នាំ១៩៩៨មក? តើការរត់ និង​ការវិលចូលស្រុកវិញរបស់គាត់បានអ្វីមកវិញ? គឺថ្នូរនយោបាយដែលខាតមហាធំ ដូចជា ការស្នើ និងការគាំទ្ររបស់គាត់ក្នុងការធ្វើវិសោធនកម្មប្បញ្ញត្តិរដ្ឋធម្មនុញ្ញ ក្នុងការបង្កើតរាជរដ្ឋាភិបាល ពីសម្លេង ២/៣ មកត្រឹម ៥០%+១ ដែលជាការបំផ្លាញស្មារតីផ្សះផ្សារជាតិ ដែលកំណត់ដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ល។

គ្មាននរណាម្នាក់នៅក្នុងលោកនេះចង់ឲ្យគេចាប់ដាក់គុក ដូច ឯកឧត្តម កឹម សុខា និងសម្លាប់ ដូច បណ្ឌិត កែម ឡី ឡើយ ដូច្នេះលោក សម រង្ស៉ី ពុំគួរប្រមាថទេ។ ហើយគេក៏មិនគួរអួតអំពី​ការរត់ចោលស្រុក​របស់​ខ្លួនថា​ឆ្លាត និងពូកែ ជាងអ្នកដទៃនោះដែរ។ ពាក្យ «រត់» នៅក្នុងវចនានុក្រមភាសាខ្មែររបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់ច្បាស់អំពីនិយមន័យនៃពាក្យ «រត់» គឺ «រត់គេច ឬរត់ពួន ឬរត់ភៀសខ្លួន»។ ផ្អែកតាម​និយម​ន័យនេះ ពាក្យរត់ គឺខ្លាច តែមិនមែនឆ្លាតទេ។ ទ្រឹស្តីរបស់អ្នកដឹកនាំៈ «ដើម្បីយកឈ្នះឧបសគ្គ គេពុំគួររត់គេចពីឧបសគ្គ» ឬ «អ្នកដួលត្រង់ណា ត្រូវក្រោកឈរនៅត្រង់នោះ»។

ឯកឧត្តម កឹម សុខា បានបញ្ជាក់ជំហរនយោបាយតាំងពីដើមទីនៃជីវភាពនយោបាយរបស់លោក គឺលោកមិនរត់ចោលជាតិដែលផ្តល់កំណើតឲ្យលោក និងមិនបោះបង់ចោលប្រជាពលរដ្ឋ និងអ្នកគាំទ្ររបស់លោក​ឡើយ​។ តើចំណុចនេះឬដែលលោក សម រង្ស៉ី ចាត់ទុកជាភាពល្ងង់របស់ ឯកឧត្តម កឹម សុខា ក្នុងនាមជាអ្នកដឹកនាំ និងអ្នកនយោបាយបក្សប្រជាធិបតេយ្យប្រឆាំង ឬទាល់តែពូកែរត់ដូចគាត់(សម រង្ស៉ី)ជាមនុស្សឆ្លាត និងជាអ្នកយុទ្ធសាស្រ្ត!

ខ្ញុំគោរពចំពោះវីរភាពរបស់លោក សម រង្ស៉ី ហើយខ្ញុំក៏មិនប្រឆាំងជាមួយលោកដែរ តែខ្ញុំត្រូវតែនិយាយការពិត ព្រោះថាធ្វើជាមនុស្សត្រូវមានពាក្យបួនក្នុងជីវិតៈ «ការស្រឡាញ់ ភាពស្មោះត្រង់ ការពិត និងការគោរព»។ កាលបើមនុស្សម្នាក់គ្មានពាក្យទាំងនេះ នៅក្នុងជីវិតរបស់ខ្លួនទេ អ្នកស្មើនឹងគ្មានអ្វីទាំងអស់។

យើងយល់ថាការវិលចូលស្រុកមិនចាំបាច់មានផែនការលម្អិតអ្វី និងលុយនោះទេ ប៉ុន្តែត្រូវការ ៖

-ភាពក្លាហានៈ ហ៊ានថាហ៊ានធ្វើ ហ៊ានប្រឈម

-ព្រមលះបង់តម្លៃនៃការបដិសន្ធិ

-ត្រូវរ៉ូវនយោបាយនៅខាងក្រោយឆាកៈ ធានាថាគ្មានការចាប់ខ្លួន៕

ព័ត៌មានផ្សេងទៀត