លោកសុខ ឥសាន៖ អ្នកថារាជរដ្ឋាភិបាលលក់ខ្ទេចលក់ខ្ទីនោះជាការលាបពណ៌មួលបង្កាច់

29-04-2019 2:00 pm 2325

អ្នកនាំពាក្យបក្សកាន់អំណាច លោកសុខ ឥសាន បានលើកឡើង ថា ការនិយាយថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា លក់ខ្ទេចលក់ខ្ទីរនោះ គ្រាន់តែជាការឃោសនាមួលបង្កាច់ និងបោកបញ្ឆោត​ប្រជាជន ដើម្បីបានអំណាចតែប៉ុណ្ណោះ។

លោកសុខ ឥសាន បានសរសេរនៅក្នុងគ្រុបតេលេក្រាម អ្នកសារព័ត៌មាន ថា ដោយសារព្រះរាជាណាចក្រកម្ពុជា​ បានឆ្លងកាត់ដំណាក់កាលប្រវត្តិសាស្ត្រដ៏ឈឺចាប់​ ខ្លោចផ្សារ​ ប្រជាជនបានរង​ទុក្ខវេទនាយ៉ាងឃោ​រឃៅ​បំផុត ពីរបបអាណានិគម​និយម​ ចក្រព័ត្តនិយមឈ្លានពាន និងរបបប្រល័យពូជសាសន៍បានជាកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ១៩៩១​ បានតម្រូវឲ្យបញ្ចប់សង្គ្រាម​នៅកម្ពុជាហើយធ្វើការ​អភិវឌ្ឍន៍​ប្រទេ​ស​ឡើងវិញ​ឲ្យរីកចំរើន​ ប្រជាជនមានជីវភាពរុងរឿង​ សម្បូរសប្បាយដូចនៅបណ្តាប្រទេសនៅលើពិភពលោកដែរ​។

អ្នកនាំពាក្យបក្សកាន់អំណាច បានសរសេរបន្ត ថា ហេតុដូច្នេះហើយ បានជាចាប់ពីក្រោយការបោះឆ្នោតឆ្នាំ១៩៩៣តរៀង មកដល់បច្ចុប្បន្ននេះ​ ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេស ចាំបាច់មានការទាក់ទាញវិនិ​យោគិន​បរ​ទេ​ស ចូលមកអភិវឌ្ឍន៍ឲ្យរីកចំរើន តាមសំណូមពរត្រូវការ របស់ប្រទេសជាតិ និងប្រជាជនទូទៅ​។ ដូច្នេះការវិនិយោគមិនមែនជាការលក់ខ្ទេចខ្ទី​ លក់ដីធ្លី​ លក់ព្រៃព្រឹក្សា​ បឹងបួរដូចពួកប្រឆាំងដ៏អគតិនិយាយថានោះទេ​។

លោកសុខ ឥសាន បានលើកឡើងដែរ ថា”ការនិយាយថា រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជាលក់ខ្ទេចលក់ខ្ទីរនោះ​ វាគ្រាន់តែជាការឃោសនា បង្កាច់នយោបាយ​បោកបញ្ឆោតប្រជាជន​ ដើម្បីបានអំណាច​ប៉ុណ្ណោះ​។ ទន្ទឹមនឹងនេះ​ ការឃោសនា ដោយយកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកបិទបាំងពីមុខ​ គ្រាន់តែជាឡេះ​ ដែលយកមកធ្វើជាសំអាងប៉ុណ្ណោះ​។ ហេតុនេះ​ ការនិយាយថា រាជរដ្ឋាភិបាលកម្ពុជា លក់ខ្ទេចលក់ខ្ទីរ ​និង​កាប់បំផ្លាញព្រៃឈើអស់នោះ គឺជាបញ្ហាលាបពណ៌​ មួលបង្កាច់មកលើរាជរដ្ឋាភិបាល របស់គណបក្សឈ្នះឆ្នោតតែប៉ុណ្ណោះ”។

​លោកបញ្ជាក់ទៀត ថា មកដល់ពេលនេះហើយ​ ប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រ​ប់វិស័យ​ ប្រជាជន មានហូប​ចុកគ្រប់គ្រាន់​ មានជីវភាពធូធារ​ តើមានអ្នកណាជឿ តាមការឃោសនាដ៏អយុត្តិធម៌ មកលើរារដ្ឋាភិបាល​នោះ​ មានតែប្រជាជនបន្តគាំទ្រកាន់ តែខ្លាំងថែមទៀតប៉ុណ្ណោះ​ មានរឿងអីប្រជាជនប្រឆាំងនោះ។ តាមការពិត​ មានតែពួកអាឃ្លានអំណាចតែប្រជាជន មិនផ្តល់ឲ្យនោះទេ ដែលចង់តែបង្ករអស្ថិរភាពនៅក្នុងសង្គមនោះ​”។

​លោកសុខ ឥសាន បានលើកឡើងទៀត ថា”បើយ៉ាងដូច្នេះ​ ប្រើឧបាយកលយ៉ាងណា ក៏មិនបានផង​ ប្រជាជនចេះដឹងខុសត្រូវ និងការពិតអស់ហើយ។ ពួកឧទ្ទាមក្រៅច្បាប់ខិតខំ ទាល់តែងាប់ខ្លួនទៀត​ ក៏នៅតែមិនបាន​ឈ្នះដែរ​ កុំស្រមើស្រមៃឲ្យសោះអានាង​”៕  

ព័ត៌មានផ្សេងទៀត