ក្រុមហ៊ុន​​ផលិត​អគ្គិសនី​​សេ​សាន​ក្រោម​២​​របស់​ចិន​​ងាក​មក​​វិនិយោគ​​ថាមពល​​ព្រះអាទិត្យ ​

29-04-2019 11:20 am 1173
  ស្តាប់
ស្តាប់ជាសំឡេង

​បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​ថាមពល​ដើរ​ដោយ​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​របស់​ប្រទេស​ចិន លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​china huaneng group ដែលជា​ក្រុមហ៊ុន​ផលិត​អគ្គិសនី នៅ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។ ក្រុមហ៊ុន China Hauneng Group បាន​ប្រាប់​លោក​ហ៊ុន សែន ពី​ចំណាប់អារម្មណ៍​របស់ខ្លួន ទៅលើ​ការអភិវឌ្ឍ​ថាមពល​ដោយ​ពន្លឺព្រះអាទិត្យ​បន្ថែមទៀត​។​

​លោក​ហ៊ុន សែន សរសើរ និង​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ចិន​មួយ​នេះ ដែល​បាន​ចូល​រួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការផលិត​នូវ​ថាមពល​អគ្គិសនី​។ ប៉ុន្តែ​លោក​ហ៊ុន សែន ប្រាប់​ទៅ​ក្រុមហ៊ុន china huaneng group ថា​ការផលិត​អគ្គិសនី​តាមរយៈ​ការបង្កើត​វា​រី​អគ្គិសនី មិនទាន់​គ្រប់គ្រាន់​ទេ លោក​ស្នើឲ្យ​ក្រុមហ៊ុន នេះ បន្ថែម​ការផលិត​អគ្គិសនី ដូចជា ផលិត​អគ្គិសនី​ដើរ​ដោយ​ខ្យល់ និង​ពន្លឺព្រះអាទិត្យ​បន្ថែមទៀត​។ លោក​ហ៊ុន សែន ប្រាប់​ទៅ​ក្រុមហ៊ុន​ចិន​ថា នៅ​កម្ពុជា ក្នុង​រដូវភ្លៀង​គឺ​មានទឹក​គ្រប់គ្រាន់​ក្នុងការ​បង្កើតជា​អគ្គិសនី តែបើ​នៅ​រដូវប្រាំង​វិញ គឺ​សម្បូរ​ដោយ​ពន្លឺព្រះអាទិត្យ​មាន​អាកាសធាតុ​ក្តៅ​។ ដូច្នេះ លោក​សូម​ណែនាំ​ដល់​ក្រុមហ៊ុន China hauneng group ដែល​បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន Royal Group របស់លោក​គិត ម៉េង ត្រូវ​សិក្សា​ស្រាវជ្រាវ និង​បោះទុន​ទៅលើ​ការវិនិយោគ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ នេះ​។​

​តំណាង​ខាង​ក្រុមហ៊ុន china huaneng group ប្រាប់​លោក​ហ៊ុន សែន​ថា កន្លងមក​ក្រុមហ៊ុន​បាន​សិក្សា​ពី​អាកាសធាតុ​ប្រទេស​កម្ពុជា គឺមាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់​ក្នុង​ការអភិវឌ្ឍ លើ​វិស័យ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ព្រះអាទិត្យ​។ 

​ក្រុមហ៊ុន china huaneng group បាន​ចាត់ទុកថា គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម ២ ជា​គម្រោង​គំរូ​មួយ​នៅក្នុង​ក្របខ័ណ្ឌ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​ប្រធានាធិបតី​ចិន​។ ទាក់ទង​នឹង​គម្រោង​ថ្មី គឺ​ការផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ក្រុមហ៊ុន china huaneng group គ្រោង​នឹង​វិនិយោគ​អគ្គិសនី​ចំនួន ២០០ មេហ្គា​វ៉ាត់ ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​នាពេលខាងមុខ​។ នេះ បើតាម​ការបញ្ជាក់​នៃ​តំណាង​ខាង​ក្រុមហ៊ុន china huaneng group ប្រាប់​ដល់​លោក​ហ៊ុន សែន​។​

​លោក​ហ៊ុន សែន ក៏បាន​ប្រកាស​សាទរ គម្រោង​ថ្មី​នេះ ដោយ​លោក​លើកឡើងថា ប្រជាជន​កម្ពុជា​ក៏ដូចជា​ប្រទេស​កម្ពុជា​ចង់បាន​គឺ​ថាមពល​ស្អាត ថាមពល​ដែល​គាំទ្រ​ដល់​បរិស្ថាន ជាពិសេស​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​នេះ​៕

ព័ត៌មានផ្សេងទៀត