ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទក្លែងបន្លំឯកសណ្ឋាននិងស្លាកលេខម៉ូតូនគរបាល

29-04-2019 10:53 am 512

​នគរបាល​រដ្ឋបាល​ជ័យជំនះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ នៅ​ចំណុច​ផ្លូវ​នរោត្តម កែង​ផ្លូវ​លេខ​១៥៤ ភូមិ​៧ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ពី​បទ​ក្លែងបន្លំ ប្រើប្រាស់​ឯកសណ្ឋាន​នគ​របាល​ជាតិ និង​ប្រើប្រាស់​ស្លាក​លេខ​ម៉ូតូ​នគរបាល​ក្លែងក្លាយ កាលពី​ម៉ោង​២១:៣០​នាទី ថ្ងៃទី​២៧ ខែ​មេសា ។​

​ជនសង្ស័យ​ឈ្មោះ ប្រាក់ ច័ន្ទ​ដា​រាវ​ង្ស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ ។​

​វត្ថុតាង​ចាប់​បាន​រួម​មាន ឯកសណ្ឋាន​នគរបាល​ពណ៌​ទឹកដោះគោ មាន​ខោ​ចំនួន​១ អាវ​ចំនួន​១ សក្តិ​មួយគូ សញ្ញា​សឹង្ហ​១ និង​ម៉ូតូ​១​គ្រឿង ម៉ាក់ Zommer X ពណ៌​បៃតង បិត​ស្កុត​ប៉ា​រ៉ា ស្លាក​លេខ​ក្លែងក្លាយ ន​ប​១-៤៦៥២  ។​

​ដើម​ហេតុ​នៃ​ការចាប់ខ្លួន គឺ​នៅ​យប់​ថ្ងៃ​កើតហេតុ ក្រោយ​ចប់​ការងារ​ជា​សន្តិសុខ​ឯកជន ជនសង្ស័យ​បាន​ប្តូរ​ឯកសណ្ឋាន​សន្តិសុខ​ចេញ ហើយ​យក​ឯកសណ្ឋាន​នគរបាល​ជាតិ​ដែល​ទុក​នៅ​ក្រោម​កែបម៉ូតូ មក​ពាក់​រួចហើយ​ក៏​បាន​ជិះ​ម៉ូតូ​ដើរ​លេង ។ 

​លុះដល់​ចំណុច​កើតហេតុ ក៏​ជួប​កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ និង​បាន​ត្រួតពិនិត្យ ទើប​ដឹងថា ជនសង្ស័យ​មិនមែន​ជា​នគរបាលជាតិ ក៏បាន​សម្រេច​ឃាត់ខ្លួន​និង​វត្ថុតាង​រួមជាមួយ យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ​តែម្តង ៕

ព័ត៌មានផ្សេងទៀត