អ្នករាយ​ការណ៍​​UN​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​ផ្តើម​​ទស្សន​កិច្ច​នៅកម្ពុជា​​ជា​ផ្លូវការ

29-04-2019 10:21 am 1157
លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។

​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត នឹង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី ២៩ ខែ​មេសា ដល់​ថ្ងៃទី ០៩ ខែ​ឧសភា ឆ្នាំ ២០១៩​នេះ​។​ជា​ដំណើរ​ទស្សនកិច្ច​ដោយ​ផ្តោត​សំខាន់​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា​ចាប់តាំងពី​បេសកកម្ម កាលពី​ខែវិច្ឆិកា​កន្លងមក​។​

​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល ១១ ថ្ងៃ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា គ្រោង​ជួបប្រជុំ​ជាមួយ​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល តំណាង​សង្គម​ស៊ីវិល និង សមាជិក​សហគមន៍​ការទូត​នានា​។​ហើយ​លោកស្រី ក៏​នឹង​បំពេញ​ទស្សនកិច្ច​ផងដែរ​ទៅតាម​តំបន់​ផ្សេងៗ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយផ្ទាល់​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នៅពេលនេះ លោកស្រី រ៉ូ​ណា ស្មី​ត បាន​គូសបញ្ជាក់ថា លោកស្រី​នឹង​ផ្តោត​បេសកកម្ម​របស់ខ្លួន​ទៅលើ ស្ថានភាព​សិទ្ធិមនុស្ស​នា​ពេលបច្ចុប្បន្ន និង តាមដាន​ពី​ដំណើរ​វិវត្តន៍​នានា​ចាប់តាំងពី​បេស​ក កម្ម​របស់​លោកស្រី​កាលពី​ខែវិច្ឆិកា​កន្លងមក និង បន្ត​ការពិនិត្យ​ផងដែរ​ទៅលើ​វិស័យ​សិទិ្ធមនុស្ស ទាក់ទង​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ជាពិសេស​ទៅលើ​ការមិន​រើសអើង និង​សមភាព ព្រមទាំង​ការចូលរួម និង គណនេយ្យភាព​។​

​បន្ទាប់ពី​បានបញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត នឹងមាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​ពិភាក្សា​អំពី​លទ្ធផល​ស្រាវជ្រាវ​បឋម​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដែល​សន្និសីទ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅវេលា​ម៉ោង​០៣:០០ រសៀល នៅ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិទ​ទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី រ៉ូ​ណា ស្មី​ត មក​កម្ពុជា​រយៈពេល​១១​ថ្ងៃនេះ តុលាការ​កម្ពុជា បាន​បដិសេធ​មិនឱ្យ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​រូបនេះ  ជួប​លោក កឹម សុខា​នោះទេ ដោយ​ពន្យល់ថា លោក​កឹម សុខា កំពុងស្ថិត​ក​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ មិន​អនុញ្ញាតឱ្យ​ដើរហើរ​ក្រៅ​ទីតាំង​ដែល​តុលាការ​បានកំណត់ ឬ​ជួប​ភាគី​មួយ​ណាមួយ​បានឡើយ និង ខ្លាច​ប៉ះពាល់​ដល់​ដំណើរការ​ស៊ើបអង្កេតរ​បស់​តុលាការ​៕

ព័ត៌មានផ្សេងទៀត