អនុត្តរ​ភាព​​អាស៊ី​ប៉ា​ស៊ីហ្វិក​​៖​​សុបិន្ត​របស់​​ចិន​

29-04-2019 9:00 am 763
xi-jinping-reuters

​ជា​យុទ្ធសាស្ត្រ ក្នុង​ការគូសវាស និង កំណត់​យុទ្ធសាស្ត្រ​ព្រនង់​ធំ នៅក្នុង​ការប្រកួតប្រជែង​ក្នុងចំណោម​មហាអំណាច អាច​ត្រូវបាន​អនុវត្តតាម​ទាំង​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង ភូមិសាស្ត្រ​នយោបាយ ហើយ​ជាពិសេស ឧបករណ៍​សេដ្ឋកិច្ច និង យោធា មាន​អត្ថិរភាព​រួមគ្នា​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​មហាអំណាច អាស្រ័យ​លើ​អ្វីដែល​មហាអំណាច​ទាំងនោះ ចាត់​តុ​ក​ថា គ្រប់គ្រាន់​សម្រាប់​ការ​ប្រឈម​ជាក់លាក់​ដែល​ពួកគេ​កំពុង​ពើបប្រទះ (Scholvin&Wigell, 2019)​។

​ហេតុនេះ ភូមិសាស្ត្រ​នយោបាយ និង ភូមិសាស្ត្រ​សេដ្ឋកិច្ច បំពេញ​អោយ​គ្នា​ទៅវិញទៅមក​យ៉ាង​បរិបូរណ៍ (Lacoste, 2006)​។ ក្នុងន័យនេះ ចិន​បាននិងកំពុង​អនុវត្ត​ភូមិសាស្ត្រ​សេដ្ឋកិច្ច​ជា​អាវុធ​ភូមិសាស្ត្រ​នយោបាយ​យ៉ាង​មាន​ប្រសិទ្ធិភាព ដើម្បី​សម្រេច​សុបិន្ត​របស់ខ្លួន​។​

​ជាទូទៅ ដើម្បី​ស្តារ​តួនាទី​ជា​មហាអំណាច​ភូមិភាគ​កណ្តាល​ឡើងវិញ ចិន​ចាំបាច់​ធ្វើអោយ​ខ្លួន​ជា​ប្រទេស​អ្នកមាន​ជាមួយ​កម្លាំងយោធា​ដ៏​ខ្លាំងក្លា ពីព្រោះ​មហាអំណាច​សេដ្ឋកិច្ច​នឹង​ប្រែក្លាយជា​មហាអំណាច​យោធា​។ ដើម្បី​សម្រេច​មហិច្ចតា​នេះ ចិន​ប្រហែលជា បង្កើត​សម្ព័ន្ធមិត្ត​តំបន់​តាមរយះ​យុទ្ធ​ភូមិសាស្ត្រ​សេដ្ឋកិច្ច ដើម្បី​ទប់ទល់ និង កម្រិត​ឥទ្ធិពល​អាមេរិក និង ធ្វើអោយមាន​សុវត្ថិភាព​ដល់​សន្តិសុខ​របស់ខ្លួន នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក​។

​ចិន​ចង់​គ្រប់គ្រង​សមុទ្រ​ចិន​ខាងត្បូង ដូច​អាមេរិក​ត្រួតត្រា​សមុទ្រ​កា​រ៉ាប៊ីន​។ ចិន​ក្រោម​អំណាច​ហ្សី ពេញចិត្ត​នយោបាយ​ការបរទេស​ប្រតិសកម្ម ដើម្បី​ចិន​ខ្លាំងក្លា និង ជា​អ្នកមាន និង មាន​សមត្ថភាព​ការពារ​ខ្លួនឯង និង ក្តោប​ក្រសោប​ជោគវាសនា​របស់ខ្លួន​នៅ​ចំ​កណ្តាល​បេះដូង​នៃ​សុបិន្ត​របស់​ចិន (Miller T. 2017)​។ ចិន​ដែលមាន​និង​មានអំណាច មានបំណង​ជុំនួស​អាមេរិក​ជា​មហាអំណាច​អាស៊ី​(Khong, 2013-14)​។​

​អ្វីដែល​​គួរអោយ​កត់​សម្គាល់ គឺ​ចិន​ធ្លាប់ជា​ប្រទេស​អនុត្តរភាព​តំបន់ មុនពេល​ការមកដល់ និង ការពង្រីក​ទឹកដី​របស់​លោកខាងលិច ដែល​គាំទ្រ​ដោយ​បដិវត្ត​ឧស្សាហកម្ម​។ ចិន​ចង់​ស្តារ​មុខមាត់​ប្រវត្តិសាស្ត្រ និង​ឋាន​:​ជា​មហា​អំណាច​ភូមិភាគ​កណ្តាល​របស់ខ្លួន បានអនុម័ត​យុទ្ធសាស្ត្រ​សាកល និង មាន​មហិច្ចតា​ចង់​ឈ្នះល្បែង​នយោបាយ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តាមរយៈ​ការត្រួតត្រា​សមុទ្រ​ចិន​ខាងកើត និង ខាងត្បូង  ដោយ​ធ្វើ​ទំនើបកម្ម​យោធា និង ធ្វើជា​ក្បាលម៉ាស៊ីន​រុញច្រាន​កំណើន​សដ្ឋកិច្ច​តំន់ និង ពិភពលោក ដែល​គេ​ស្គាល់​ថា ជា​ជា​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង ការទូត​ទន់ភ្លន់​។ ការប្រើប្រាស់​ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បី​សម្រេចបាន​មហិច្ចតា​នយោបាយ​មិនមែនចិន​ទើបតែ​អនុវត្ត​នោះទេ ពីព្រោះ​ចិន​បាន​អនុវត្ត​វា​តាំងពី​សម័យបុរាណ​មក​ម្លេះ​។ មេដឹកនាំ​ចិន យោងតាម Kishore Mahbubani និង Heffery បាន​ដាក់ឱ្យអនុវត្ត​ទណ្ឌកម្ម ដើម្បី​ធ្វើ​ន​យ័ត​កម្ម ឬក៏​កម្រិត​ពានិជ្ជកម្ម​ឯកជន​ក្នុង​គោលបំណង​សម្រេចបាន​គោលដៅ នយោបាយ​ការបរទេស​។​

​ចំពោះ​គំនិត​ផ្តួចផ្តើម «​ខ្សែរ​ក្រវ៉ាត់ និង ផ្លូវ​» ដោយ​អធិរាជ​ក្រហម​ចិន ត្រូវបាន​អ្នកសិក្សា​យុទ្ធ​សស្ត្រ​មើលឃើញថា ជា​ការប្រើប្រាស់​ភូមិសាស្ត្រ​សេដ្ឋកិច្ច ដើម្បី​បំពេញ​មហិច្ចតា​ភូមិសាស្ត្រ​នយោបាយ​។  ចេញពី​ល្អាង​ទន្លេមេគង្គ​ទៅដល់​វាលស្មៅ​ដ៍​ធំធេង​នៃ​អាស៊ី​កណ្តាល ចិន​កំពុងតែ​សំញែង​សាច់ដុំ​សេដ្ឋកិច្ច​របស់ខ្លួន ដើម្បី​សម្រេចបាន​គោលដៅ​យុទ្ធសាស្ត្រ​។ តាមរយៈ​ការបង្កើត ស្ថាប័នហិរញ្ញវត្ថុ​ថ្មី  ទីក្រុង​ប៉េកាំង​កំពុង​ប្រជែង​សណ្តាប់ធ្នាប់​ពិភពលោក​ក្រោយ​សង្គ្រាមលោកលើកទីពីរ ក្រោម​ក្រសែរ​ភ្នែក​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​បំផុត​ពី​វ៉ាស៊ីនតោន ហើយ​តាមរយៈ​ការផ្តល់​មូលនិធិ និង ការកសាង​ហេ​ដ្ឋា​រចនាសម័ន្ធ​ភ្ជាប់​អាស៊ី​និង​អឺរ៉ុប​។​ល​។​

គម្រោង​វិថី​សូត្រ​ថ្នី ជា​ឧបករណ៍​សេដ្ឋកិច្ច ឆ្លងកាត់​យូ​រ៉ាស៊ី សមុទ្រ​ចិន​ខាងត្បូង និង មហាសមុទ្រ​ឥណ្ឌា  ប្រទេស​ចិន​មានបំណង​ច្បាស់លាស់ ដើម្បី​រួម​រិត​ប្រទេសជិតខាង​របស់ខ្លួន​ឱ្យ​កាន់តែ​តឹង​ឡើងៗ​ក្នុង​សំណាញ់​ពីងពាង​របស់ខ្លួន​។ គំរោង​នេះ​មាន​៩០០​គំរោង​ដែលមាន​នឹក​ប្រាក់​រហូតដល់​1.4 trillion$(Allison G. 2017)​។ វា​អាច​ត្រូវបាន​គេ​មើលឃើញថា ជា​ផែនការ​ម៉ា​សាល​ថ្មីរ​វស់​ចិន​។​

​គោលដៅ​របស់​ចិន គឺ​បង្កើត​សំណាញ់​សម្ព័ន្ធមិត្ត​មិន​ផ្លូវការ ដែល​ត្រូវបាន​ចាក់​ប្រេងរំអិល​ដោយ​លុយ​មហាសាល​របស់​ចិន ហើយ​នៅពេលដែល​ប្រទេសជិតខាង​របស់ខ្លួន​កាន់តែ​ពឹង​អាស្រ័យ​ខ្លាំង​ឡើងៗ​ទៅលើ​សេដ្ឋកិច្ច​របស់ខ្លួន ប៉េកាំង​ជឿជាក់​យ៉ាង​មុតមាំ​ថា ទំងន់​ភូមិសាស្ត្រ​នយោបាយ​របស់​ផង​ខ្លួន​នឹង​ត្រូវបាន​ពង្រឹងឡើង​។​

 ជារួម បេសកកម្ម​របស់​អធិរាជ​ក្រហម​ចិន គឺ​ធ្វើឱ្យ​ចិន​ក្លាយជា​អនុត្ត​ភាព​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ហ្សី​ចាត់ទុកថា ជា​ទីតាំង​ធម្មជាតិ ត្រឹមត្រូវ​និង​ប្រវត្តិសាស្ត្រ​របស់ខ្លួន (Miller T. 2017)​។ នេះ​មិន​មានន័យថា ចិន​ត្រូវ​ជំនួស​តួនាទី​ជា​មហាអំណាច​ស្នូល​របស់​អាមេរិក​ក្នុង​រយៈពេល​ខ្លី​នោះទេ តែ​វា​មានន័យថា​អាស៊ី ជា​ទីធ្លា​ក្រោយ​ផ្ទះ​របស់​ចិន ហើយ​អាស៊ី​ត្រូវ​ដឹកនាំ​ដោយ​ប្រទេស​អាស៊ី​ដែលមាន​ចិន​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​។ សម្រេច​សម្រួច​ទៅ សុបិន្ត​ចិន តាម​មាគ៌ា​របស់ខ្លួន ជា​សុបិន្ត​នៃ​ការកសាង​ចក្រភ​ពអា​ស៊ី​៕

​ដោយ​៖​លោក រ៉ូ វណ្ណៈ សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​។​

 ពាក្យគន្លឹះ  ចិន

ព័ត៌មានផ្សេងទៀត