ឥណ្ឌូនេស៊ី​៖​មនុស្ស​ជិត​៣០០​នាក់​ស្លាប់ ដោយសារ​ធ្វើការ​ហួស​កម្លាំង​នៅក្នុង​ការបោះឆ្នោត​

28-04-2019 2:40 pm 637

​អ្នកនាំពាក្យ​នៃ​គណៈកម្មការ​បោះឆ្នោត​ទូទៅ​ឥណ្ឌូនេស៊ី​លោក​Arief Priyo Susanto ឲ្យដឹង​នៅ​យប់​ថ្ងៃ​សៅ​រ៍ថា រយៈពេល​១០​ថ្ងៃក្រោយ​បោះឆ្នោត មាន​មនុស្ស​ចំនួន​២៧២​នាក់ បាន​ធ្លាក់ខ្លួន​ឈឺ រហូតដល់​ស្លាប់​បាត់បង់​ជីវិត ដោយសារតែ​ការធ្វើការងារ​ហួស​កម្លាំង នៅក្នុង​ការបោះឆ្នោត ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៩​។ អ្នក​ដែល​ស្លាប់​ភាគច្រើនបំផុត​នោះ ដោយសារតែ​ការ​ចំណាយពេល​ជាច្រើន​ម៉ោង នៅក្នុង​ការរាប់​សន្លឹក​ឆ្នោត​ខ្ទង់លាន​សន្លឹក ដោយ​ប្រើ​ដៃ​។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ទៀតថា អ្នក​ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ចំនួន​១ ៨៧៨​នាក់​ផ្សេងទៀត បាន​ធ្លាក់ខ្លួន​ឈឺ​និង​កំពុង​សម្រាក​ព្យាបាល​ជំងឺ​។​

​ប្រឈម​នឹង​បញ្ហា​ចំពោះមុខ ក្រសួងសុខាភិបាល​ឯណេះ​វិញ បានចេញ​សារាចរ​មួយ​នៅ​ថ្ងៃទី ២៣​ខែ​មេសា ជំរុញ​ឲ្យ​មណ្ឌល​សុខភាព ផ្ដល់​ការថែទាំ​ឲ្យបាន​ម៉ត់ច​ត់​និង​លឿន​រហ័ស ដល់​បុគ្គលិក​បោះឆ្នោត​ដែល​ឈឺ ខណៈ​ក្រសួង​ហិរញ្ញវត្ថុ កំពុងធ្វើការ​ទូទាត់​សំណង ដល់​គ្រួសារ​អ្នកស្លាប់​បាត់​បង់ជីវិត​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​Arief Priyo Susanto​។​

​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​បុគ្គលិក​បោះឆ្នោត​កើនឡើង​កាន់តែច្រើន​នេះ បង្កឲ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ទៅលើ​គណៈកម្មការ​បោះឆ្នោត​ឥណ្ឌូនេស៊ី ថា​មិនមាន​ជា​ការប្រុងប្រយ័ត្ន ក្នុង​ការគ្រប់គ្រង​ការងារ​របស់​បុគ្គលិក​។​

​សូមបញ្ជាក់ថា ឥណ្ឌូនេស៊ី​បានរៀបចំ​ការបោះឆ្នោត កាលពី​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៩​។ ការបោះឆ្នោត​មាន​ប្រជាជនមាន​សិទ្ធិ​បោះឆ្នោត​ចំនួន​១៩៣​លាន​នាក់ ក្នុងចំណោម​ប្រជាជន​សរុប​២៦០​លាន​នាក់​។ នៅ​ក្នុងនោះ មាន​ការិយាល័យ​បម្រើឲ្យ​ការបោះឆ្នោត​ទូទាំងប្រទេស ចំនួន​៨០០ ០០០​ការិយាល័យ​។ ដ្បិត​ប្រជាជន​ដែល​ត្រូវ​បោះឆ្នោត មាន​ចំនួន​ច្រើន​យ៉ាងណាក៏ដោយ ប៉ុន្តែ​គណៈកម្មការ​បោះឆ្នោត រៀបចំ​ការបោះឆ្នោត​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ដែលមាន​រយៈពេល​៨​ម៉ោង ដើម្បី​ចូលរួម​កាត់បន្ថយ​ការចំណាយ​។ ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះដែរ លទ្ធផល​ក្រៅផ្លូវការ​បង្ហាញថា លោក​ចូកូ វី​ដូ​ដូ​ទទួលបាន​ការគាំទ្រ​ច្រើនជាង​គូប្រជែង ដែល​អាច​អនុញ្ញាតឲ្យ​លោក​បន្ត​ធ្វើជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​អាណត្តិ​ថ្មី​ទៀត​។ ប៉ុន្តែ​យ៉ាងណា គេ​រង់ចាំ​ការប្រកាស​លទ្ធផល​ផ្លូវការ ដោយ​គណៈកម្មការ​បោះឆ្នោត​នៅ​ថ្ងៃទី​២២ ខែឧសភា​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត