ចិន​​ប្រកាស​​ជួយ​កម្ពុជា ​គ្រប់​បញ្ហា ​រួមទាំង​បញ្ហា​ EBA ផង​​

28-04-2019 10:03 am 1786
  ស្តាប់
(រូបពីfn) លោកហ៊ុន សែន និង លោក វ៉ាន់ ហូ​នី​ង សមាជិក​គណៈអចិន្ត្រៃយ៍ ​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន
ស្តាប់ជាសំឡេង

​បើតាម​ការបញ្ជាក់​រប​ស់លោក​កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ពី​ទីក្រុង​ប៉េកាំង ដែល​ស្រង់​សម្តី​ដោយ​អង្គភាព​ព័ត៌មាន Fresh News អះអាងថា លោក វ៉ាន់ ហូ​នី​ង សមាជិក​គណៈអចិន្ត្រៃយ៍ នៃ​ការរិយាល័យ​នយោបាយ និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​បក្ស​កុម្មុយនីស្ត​ចិន បានបង្ហាញ​ជំហរ​យ៉ាង​មុង​មាំ​ថា រដ្ឋាភិបាល​ចិន និង​ជួយ​ដោះស្រាយ​គ្រប់​បញ្ហា​របស់​កម្ពុជា ដែល​ជួយ​ប្រទះ ដោយ​ក្នុងនោះ​រួមមាន​ទាំង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ព្យួរ​ពី​កម្ពុជា​ផងដែរ​។​

​លោក​កៅ គឹមហួន បញ្ជាក់ថា លោក​ហ៊ុន សែន បានលើកឡើង​ពី​ស្ថានភាព​វិវឌ្ឍន៍​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គម និង​ការវិនិយោគ​នៅ​កម្ពុជា ដោយ​ចង់ឃើញ​ក្រុមហ៊ុន​ចិន ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​នៅតែ​បន្ត​មាន​វត្ត​មាននៅ​កម្ពុជា ហើយក៏​បាន​ស្នើឱ្យ​រដ្ឋាភិបាល​ចិន លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ និង​ក្រុមហ៊ុន​ចិន​ថ្មី​ផ្សេងទៀត​ទៅ​បណ្តាក់ទុន និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។​

​ពេលនោះ លោក​ហ៊ុន សែន ក៏​បានបង្ហាញ​ពី​ធ្វើកំណែទម្រង់​មួយចំនួន​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​នយោបាយ​អនុគ្រោះ​ពន្ធ ការបន្ថយ​តម្លៃ​ដើម​សេវា ការសម្រួល​មិនឱ្យ​ភាព​សាំ​ញាំ​លើ​ការផ្តល់សេវា សម្រួល​ការដឹកជញ្ជូន បញ្ចុះតម្លៃ​ផ្ទុក លើកដាក់​កុងតឺន័រ និង​ការ​បញ្ចុះតម្លៃ​អគ្គិសនី​ជាដើម​។ កំណែទម្រង់​ទាំងនេះ ដើម្បី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​បរទេស រួមទាំង​ក្រុមហ៊ុន​ចិន​ដែល​កំពុង​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាពិសេស​កាត់បន្ថយ​តម្លៃ​ផ្សេងៗ​ធ្វើយ៉ាងណា​ឱ្យ​ក្រុមហ៊ុន​ទាំងនោះ​មានលទ្ធភាព​ប្រកួតប្រជែង ហើយ​អាច​បន្តធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ នេះ បើតាម​ការអះអាង​បញ្ជាក់ តាមរយៈ​លោក​កៅ គឹមហួន​។​

​លោក​ហ៊ុន សែន បានស្នើ​ចិន​បើក​ទីផ្សារ​ថែមទៀត ដើម្បីឱ្យ​ផលិតផល និង​កសិផល​កម្ពុជា​កា​ន់​តែ​ច្រើន ដែលជា​ការជួយ​ជំរុញ​ដល់​ការនាំចេញ​របស់​កម្ពុជា​មក​ប្រទេស​ចិន​។ លោក​វ៉ាន់ ហូ​នី​ង ក៏​បានបង្ហាញ​ពី​គោលជំហរ​យ៉ាង​មុតមាំ និង​ច្បាស់លាស់​របស់​រដ្ឋាភិបាល​ចិន ដោយ​លោក​អះអាងថា កម្ពុជា គឺជា​មិត្ត​ពិត ជា​មិត្ត​ដែកថែប​របស់​ប្រទេស និង​ប្រជាជន​ចិន ដូច្នេះ​បើ​កម្ពុជា​ជួប​បញ្ហា​អ្វី​ចិន​នឹង​ជួយ​ដល់​ប្រទេស​កម្ពុជា​។​

​លោក​កៅ គឹមហួន បាន​ដក់ស្រង់​សម្តី​លេខា​បក្ស​កុម្មុយនីស្ត​ចិន​មក​បញ្ជាក់ថា ភាគី​ចិន​បាន​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការដក EBA របស់​សហភាព​អឺរ៉ុប​ពី​ប្រទេស​កម្ពុជា តែ​លោក​ថា មិនមាន​ការប៉ះពាល់​ធ្ងន់ធ្ងរ​ទេ ហើយ​ចិន​នឹង​រិះរក​វិធី​ផ្សេងៗ​ជួយ​ដល់​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនEBAចិន

ព័ត៌មានផ្សេងទៀត