Zoo Cafe ទីតាំង​ជួបជុំ​រវាង​អ្នក​ស្រឡាញ់​សត្វ​និង​ផ្ទេរ​ចំណេះដឹង​ចិញ្ចឹមសត្វ​កម្រ​

27-04-2019 7:32 pm 1451
  ស្តាប់
​លោក ណៃ សុខន្ត​រ៉ា ម្ចាស់​ហាង​កាហ្វេ​សួន​សត្វ ឬ​ហៅ​ថា Zoo Caf’e និងសត្វចិញ្ចឹមរបស់លោក ប្រភេទសត្វ raccoon ។ រូបថត៖ ទេព កោសល្យ ។
ស្តាប់ជាសំឡេង

​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​ផ្ទុក​ទៅ​ដោយ​សត្វ​ចិញ្ចឹម​កម្រ​ច្រើន​ប្រភេទ បាន​ក្លាយជា​ទី​ជួបប្រជុំគ្នា​សម្រាប់​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម និង​ផ្ទេរ​ចំណេះដឹង​ពី​ការចិញ្ចឹម​សត្វ​កម្រ ។ ហាង​កាហ្វេ​នេះ បាន​កើតឡើង​ដោយសារ​ចំណង់​ចំណូលចិត្ត​របស់​ម្ចាស់​ហាង​ផ្ទាល់ ដោយ​លោក​ជឿថា សត្វ​ចិញ្ចឹម​ទាំងនោះ នឹង​អាច​ទាក់ទាញ​ចិត្ត​ភ្ញៀវ ព្រោះ​ពួកគេ​មើលទៅ​គួរឱ្យ​ស្រឡាញ់ ហើយ​អាច​នឹង​មាន​អារម្មណ៍​ចម្លែក ។ ក្រៅពី​ចូល​ក្រេប​រសជាតិ​កាហ្វេ លេង​ជាមួយ​សត្វ​ចិញ្ចឹម​ទាំងនោះ ភ្ញៀវ​អាច​សាកសួរ​សុំ​យោបល់ ចំណេះដឹង ទាក់ទង​នឹង​ការចិញ្ចឹម​សត្វ​កម្រ​ដោយ​មិន​គិតថ្លៃ​បាន​ពី​ម្ចាស់​ហាង...

​ហាង​កាហ្វេ​សួនសត្វ​មួយកន្លែង មាន​វត្តមាន​នៅ​ម្តុំ​សាលាបឋមសិក្សា​ទួល​ទំពូង បាន​ក្លាយ​ជា​ទីតាំង​មួយ​សម្រាប់​ជា​ទី​ប្រជុំ​របស់​អ្នក​ចូលចិត្ត និង​ស្រឡាញ់​សត្វ​កម្រ ។ Zoo Caf’e ត្រូវបាន​បង្កើត​ឡើង​ដោយសារតែ​ចំណង់​ចំណូលចិត្ត​នៃ​ការ​ចិញ្ចឹមសត្វ​កម្រ​របស់​ម្ចាស់​ហាង ក៏ដូចជា​ជំនឿ​ចិត្ត​របស់​ម្ចាស់​ហាង ដែល​ជឿ​ថា សត្វ​ទាំងនោះ នឹង​ទាក់ទាញ​អារម្មណ៍​របស់​អតិថិជន​បាន​ដូចគ្នា ដោយសារតែ​ពួកគេ មើលទៅ​គួរឱ្យ​ស្រឡាញ់ ។​

​លោក ណៃ សុខន្ត​រ៉ា ម្ចាស់​ហាង​កាហ្វេ​សួន​សត្វ ឬ​ហៅ​ថា Zoo Cafe បាន​ប្រាប់​វិទ្យុ​វាយោ​ថា ដើម​ហេតុ​នៃ​ការបង្កើត​ហាង​កាហ្វេ​សួនសត្វ គឺ​ដោយសារ​លោក​ចង់​បម្លែង​ពី​ការចិញ្ចឹម​សត្វ​កម្រ​លក្ខណៈ​គ្រួសារ មក​បង្ហាញ​ជា​សាធារណៈ ម្យ៉ាង​ដើម្បី​ឱ្យ​សត្វ​ចិញ្ចឹម​ទាំងនោះ​មានឱកាស​រីករាយ​ជា​មួយមនុស្ស​ថ្មីៗ​នៅ​ពិភព​ខាងក្រៅ ក៏ដូចជា ចង់​បង្ហាញ​ពី​ប្រភេទ​សត្វ​ចិញ្ចឹម​កម្រ​ទៅ​ដល់​ពលរដ្ឋ​ទូទៅ ។ លោក​ប្រាប់​ថា លោក​គិតថា ពលរដ្ឋ​នឹង​ចូលចិត្ត បាន​ស្គាល់ ពិសេស​វត្ត​មាន​សត្វ​ចិញ្ចឹម​កម្រ​ទាំងនោះ នឹង​អាច​ជា​ការ​ជម្រុញ​ដល់​ពលរដ្ឋ​ឱ្យ​ស្រឡាញ់ និង​ចិញ្ចឹមសត្វ​ទាំងនោះ​ថែមទៀត​ផង​…
​សំឡេង​លោក ណៃ សុខន្ត​រ៉ា ៖

​លោក​បញ្ជាក់ថា សត្វ​កម្រ​ទាំងនោះ គឺ​លោក​សំដៅ​ទៅលើ​ប្រភេទ​សត្វ​ចិញ្ចឹម ដែល​នាំចូល​មកពី​ក្រៅប្រទេស ហើយ​គ្រប់​សត្វ​ចិញ្ចឹម​ទាំងនោះ គឺ​សុទ្ធតែ​មាន​ច្បាប់​ស្នើសុំ​ពី​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ទាំងអស់ ។​

​លោក​បញ្ជាក់ថា នៅក្នុង​កាហ្វេ​សួនសត្វ គឺ​លោក​មាន​សត្វ​ចិញ្ចឹម​កម្រ​ប្រមាណ​៨-៩​ប្រភេទ ។ លោក​បាន​រៀបរាប់​ប្រាប់​អំពី​ប្រភេទ​សត្វ​ទាំងនោះ ដែល​ភាគច្រើន គឺ​ឈ្មោះ​សុទ្ធតែ​ជា​ភាសាបរទេស​… 
​សំឡេង​លោក ណៃ សុខន្ត​រ៉ា ៖​

​លោក​សុខន្ត​រ៉ា បានបញ្ជាក់​ថា គ្រប់​សត្វ​ចិញ្ចឹម​នៅក្នុង​កាហ្វេ​សួនសត្វ គឺ​ភាគច្រើន លោក​បាន​ចិញ្ចឹម​តាំង​ពី​ពួក​វា​នៅ​តូចៗ​នៅឡើយ ។ ជា​ផែនការ​ទៅ​ថ្ងៃមុខ លោក​គ្រោង​នឹងដាក់​សត្វ​ចិញ្ចឹម​ប្រភេទ​ផ្សេង​ទៀត​បន្ថែម ដែល​លោក​គិតថា មនុស្ស​គ្រប់គ្នា​នឹង​ចូល​ចិត្ត ហើយ​នឹង​មាន​អារម្មណ៍​ថា​ចម្លែក …
​សំឡេង​លោក ណៃ សុខន្ត​រ៉ា ៖

​គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៩ អាជីវកម្ម​កាហ្វេ​សួន​សត្វ មាន​អាយុកាល​ចំនួន​១​ឆ្នាំ​ហើយ ។ ម្ចាស់​ហាង​កាហ្វេ​រូបនេះ​បាន​អះអាងថា កាល​ពី​បើក​ដំណើរការ​ដំបូង កាហ្វេ​សួនសត្វ គឺ​មាន​ភ្ញៀវ​ច្រើន ច្រើន​រហូត​គ្មាន​កន្លែង​សម្រាប់​អង្គុយ ក៏​ព្រោះ​ដោយសារ​តែ​អាជីវកម្ម​នេះ មាន​ការភ្ញាក់ផ្អើល​ខ្លាំង និង​ច្រើន​ពី​សំណាក់​ភ្ញៀវ ។  ក្រោម​ហេតុផល​នេះ កាហ្វេ​សួនសត្វ​នឹង​ខិតខំ​ធ្វើ​បច្ចុប្បន្នភាព កែលម្អ​ដើម្បី​ឱ្យ​មាន​ទីតាំង​អង្គុយ​គ្រប់គ្រាន់ ។​

​ទីធ្លា​ហាង​កាហ្វេ​សួនសត្វ ត្រូវបាន​បែងចែក​ជា​ពីរ គឺ​ជាន់​ក្រោម​ផ្ទាល់​ដី និង​ជាន់​ខាងលើ ។ ជាន់​ខាងក្រោម ត្រូវបាន​រចនា​ដោយមាន​ទូ​ចិញ្ចឹម​ត្រី​សមុទ្រ​មួយ​ធំ​នៅ​ចំ​កណ្តាល សម្រាប់​ឱ្យ​ភ្ញៀវ​អង្គុយ​ទស្សនា​បំបាត់​ភាព​តានតឹង ចំណែក​ជាន់​ខាងលើ គឺ​ត្រូវ​បាន​រចនា​ដោយ​មាន​ទូកញ្ចក់​តូច​ព័ទ្ធជុំវិញ ជាទី​តាំង​សត្វ​ចិញ្ចឹម​ដែល​ភ្ញៀវ​អាច​ដើរ​ទស្សនា​បាន និង​មាន​បន្ទប់​កញ្ចក់​មួយ​ដាច់ដោយឡែក ដែល​អាច​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ចូល​លេង​កម្សាន្ត ឬ​ថត​លេង​ជាមួយ​សត្វ​ចិញ្ចឹម​កម្រ​ទាំងនោះ​បាន ។ នេះ​បើ​តាម​ការរៀបរាប់​របស់លោក ណៃ សុខន្ត​រ៉ា ។​
​សំឡេង​លោក ណៃ សុខន្ត​រ៉ា ៖

​លោក ណៃ សុខន្ត​រ៉ា បាន​ប្រាប់ថា ចំណង់​ចំណូលចិត្ត​នៃ​ការ​ចិញ្ចឹមសត្វ គឺ​លោក​បាន​មក​ពី​ការផ្ទេរ​ចំណូលចិត្ត​ពី​ឪពុក​លោក​ដែលជា​អ្នក​ចូលចិត្ត​ចិញ្ចឹមសត្វ​ដូចគ្នា ។ ភ្ជាប់​ជាមួយ​គ្នា​នេះ បើ​និយាយ​អំពី​ចំណេះដឹង​នៃ​ការចិញ្ចឹម លោក​បាន​ប្រាប់ថា លោក​ធ្លាប់បាន​រៀនសូត្រ​ជំនាញ​ទាំងនោះ តាមរយៈ​ការធ្វើ​ទស្សនកិច្ច​កសិដ្ឋាន​នៅ​ប្រទេស​ថៃ ការស្រាវជ្រាវ​ពីលើ​អ៊ីនធឺណិត និង​បាន​ពី​ការដក​បទពិសោធន៍​ចិញ្ចឹម​ខ្លួនឯង​ផ្ទាល់ ។​

​នៅពេល​សួរ​ថា តើ​អ្វី​ជា​ភាពជោគជ័យ​នៅ​ក្នុង​គោលបំណង​នៃ​ការបង្កើត​ហាង​កាហ្វេ​សួន​សត្វ​? លោក សុខន្ត​រ៉ា បាន​ប្រាប់ថា ភ្ញៀវ​បាន​ចាប់ផ្តើម​យល់ និង​ស្គាល់​ពី​សត្វ​ចិញ្ចឹម​កម្រ​នោះ​ច្រើន ម្យ៉ាងទៀត លោក​សង្កេតឃើញថា ចំនួន​នៃ​អ្នក​ចង់​ចិញ្ចឹមសត្វ​កម្រ​ទាំងនោះ​បាន​កើនឡើង បើ​ធៀប​ទៅ​នឹង​កាលពី​អំឡុង​ពីរ​ឆ្នាំមុន …
​សំឡេង​លោក ណៃ សុខន្ត​រ៉ា ៖

​ម្ចាស់​ហាង​កាហ្វេ​នេះ​បាន​បញ្ជាក់​ប្រាប់ថា ហាង​កាហ្វេ​សួន​សត្វ ក៏​មាន​ការផ្តល់​នូវ​ការប្រឹក្សា​យោបល់ ចែករំលែក​គំនិត​យោបល់​ផ្សេងៗ ទាក់ទង​ទៅនឹង​ការ​ចិញ្ចឹមសត្វ ពិសេស​គឺ​ចំណេះដឹង​ទាក់ទង​ទៅនឹង​ការ​បង្កាត់​ពូជ ដោយ​មិន​គិតថ្លៃ ដែល​នេះ គឺជា​គំនិត​ដំបូង​ដែល​លោក​ចង់​បើកហាង​នេះ​តែម្តង ។​

​លោក​សុខន្ត​រ៉ា បាន​សង្កត់ធ្ងន់ថា ភ្ញៀវ ឬ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ចំណាប់​អារម្មណ៍​ចិញ្ចឹមសត្វ​កម្រ​ទាំងអស់ អាច​ទៅ​ជួប​លោក​ដើម្បី​ប្រឹក្សា​យោបល់ ឬ​ផ្លាស់ប្តូរ​គំនិត​នៅ​ហាង​កាហ្វេ​សួន​សត្វ ដែល​លោក​នឹង​រីករាយ​ក្នុង​ការចែករំលែក​…
​សំឡេង​លោក ណៃ សុខន្ត​រ៉ា ៖

​ក្រៅពីនេះ លោក ណៃ សុខន្ត​រ៉ា ក៏​បាន​លើក​ឡើង​ថ្លែង​ជំរុញ​ដល់​ពេទ្យសត្វ​នៅ​កម្ពុជា ឱ្យ​ស្វែងយល់​ពី​ប្រភេទ​សត្វ​ចិញ្ចឹម​កម្រ​ឱ្យបាន​ច្រើន ។ លោក​បាន​អះអាង​ថា នៅពេល​វិស័យ​ពេទ្យសត្វ​នៅ​កម្ពុជា​រីកចម្រើន នោះ​ប្រជាជន​ក៏​ហ៊ាន​ក្នុង​ការចិញ្ចឹម​សត្វ​កម្រ​ទាំងនោះ​ដែរ ៕

ព័ត៌មានផ្សេងទៀត