លោកហ៊ុនសែន៖ នាយឧត្តមសេនីយផ្កាយ៤នឹងទុកត្រឹម២នាក់ប៉ុណ្ណោះ

27-04-2019 4:29 pm 2553
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ចំពោះ​ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ ។ លោក​ថ្លែងថា នាយ​ឧត្តមសេនីយ​ផ្កាយ​មាស​៤ នឹង​មាន​តែ​២​រូប​គត់ សម្រាប់​កងទ័ព​ក្របខណ្ឌ​ក្រសួង​ការពារជាតិ ។ ក្រៅពីនេះ នឹង​សូមឱ្យ​ស្ម័គ្រចិត្ត​ទម្លាក់​ពី​៤ មក​ត្រឹម​៣ ២ និង​១ ...

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ត្រូវបាន​ស្រង់​សម្តី​ដោយ​អង្គភាព​ហ្វ្រេស​ញ៉ូយ៍ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ថា រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ចំពោះ​ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ ដែល​ជា​ក្រសួង​គ្រប់គ្រង​លើ​កម្លាំង​កងទ័ព និង​កម្លាំង​នគរបាល ។​

​លោក​ថ្លែងថា នៅ​ថ្ងៃ​អនាគត ក្នុង​ជួរ​កងទ័ព មាន​តែ​រដ្ឋមន្ត្រី​ការពារជាតិ និង​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​ប៉ុណ្ណោះ ដែល​ពាក់​ផ្កាយ​៤, ត្រឹម​អគ្គមេបញ្ជាការ​រង និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នានា ត្រូវ​ពាក់​ផ្កាយ​៣, អគ្គនាយករង​ពាក់​ត្រឹម​ផ្កាយ​២​ប៉ុណ្ណោះ ។ 

​លោក​បន្តថា មេបញ្ជាការ​កងទ័ពជើងគោក ជើង​អាកាស ជើង​ទឹក គឺ​ពាក់​ត្រឹម​ផ្កាយ​៣ និង​តាម​បណ្តា​មេបញ្ជាការ​ភូមិភាគ​នានា ផ្តល់​ត្រឹម​ផ្កាយ​២ ។ ដោយឡែក អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ទាំងអស់ នឹង​ត្រូវ​ពាក់​ត្រឹម​ផ្កាយ​៣ ។​

​លោក​បាន​ថ្លែងបន្តថា ចំណែកឯ​ថ្នាក់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ដែល​ពាក់​ផ្កាយ​៤ និង​ទម្លាក់​មក​ត្រឹម​ផ្កាយ​៣ ។ ពាក់ព័ន្ធ​នឹង​កំណែទម្រង់​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​រូបនេះ មានប្រសាសន៍ថា នឹង​ធ្វើ​កំណែទម្រង់​លើ​កម្លាំង​នគរបាល​ផង​ដែរ ហើយ​ទាំង​ក្រសួង​ការពារជាតិ និង​ក្រសួង​មហាផ្ទៃ នឹងសិក្សា​លម្អិត​បន្ថែមទៀត​លើ​ការកែទម្រង់​នេះ ៕

ព័ត៌មានផ្សេងទៀត