អាមេរិក​យល់ព្រម​ជាមួយ​រុស្ស៊ី​និង​ចិន ដកទ័ព​ចេញពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​

27-04-2019 3:59 pm 544
  ស្តាប់
ទាហានអាមេរិកនិងអាហ្វហ្គានីស្ថានកំពុងរៀបចំធ្វើសមយុទ្ធកាលពីខែកុម្ភៈឆ្នាំ២០១៩
ស្តាប់ជាសំឡេង

​បន្ទាប់ពី​ជួបពិភាក្សា​ជាមួយ​អ្នកតំណាង​រុស្ស៊ី​និង​ចិន នៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ លោក​Zalmay Khalilzad បេសកជន​ពិសេស​អាមេរិក សម្រាប់​ការចរចា​សន្តិភាព​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដែលជា​អ្នករៀបចំ​ពេលវេលា ក្នុង​ការចរចា​ចុងក្រោយ ជាមួយ​ពួក​តា​លី​បង់ បាន​ហៅ ការ​មូលមតិ​គ្នា​នៅក្នុង​ការពិភាក្សា​ថា​ជា ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បញ្ចប់សង្គ្រាម​។ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​៣​ភាគី ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​អាមេរិក បានបង្ហាញ​ពី​ការយល់ព្រម​ដក​បទបញ្ជា និង​ការទទួលខុសត្រូវ​របស់​កងទ័ព​បរទេ​ស ចេញពី​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​សន្តិភាព​។ 

ជា​ផ្នែក​មួយ​នៃ​ដំណើរការ​សន្តិភាព ព្រោះតែ​ពួក​តា​លី​បង់ ដែលជា​តួអង្គ​សំខាន់​មួយ​នៅក្នុង​ការចរចា​សន្តិភាព​អា​ហ្វ​ហ្គានី​ស្ថាន មិន​ពេញ​ចិត្តនឹង​វត្តមាន​កងទ័ព​បរទេស នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​ឡើយ​។ ជាមួយគ្នា​នោះ រុស្ស៊ី​និង​ចិន​បាន​អំពាវនាវ​ឲ្យ​ពួកតា​លីបង់ យល់ព្រម​ជួបចរចា​ជាមួយ​អ្នកតំណាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គានី​ស្ថាន ឲ្យបាន​ឆាប់​តាមដែ​លអាច​ធ្វើបាន​។ សូមបញ្ជាក់​បន្តិច​ថា ពួក​តា​លី​បង់​តែង​បដិសេធ​ចរចា​ជាមួយ​រដ្ឋាភិបាល ដោយ​ពួកគេ​លើក​ហេតុផល​ថា ជម្លោះ​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថានពាក់​ព័ន្ធតែ​ជាមួយ​អាមេរិកទេ ចំណែក​រដ្ឋាភិបាល​គ្រាន់តែ​ជា​អាយ៉ង របស់​អាមេរិក​ប៉ុណ្ណោះ​។​

​ទន្ទឹមនឹង​អាមេរិក​យល់ព្រម​ធ្វើ​សម្បទាន សម្រាប់​ពួក​តា​លី​បង់​វិញ ក៏បាន​ប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​នឹង​ពួក​អ៊ីស្លាម​និយម និង​យល់ព្រម​ផ្តាច់ទំនាក់ទំនង​ជា​មួយក្រុម​អាល់​កៃ​ដា​ដែរ​។ ពួក​តា​លី​បង់​សន្យាថា តំបន់​ដែល​ពួកគេ​គ្រប់គ្រង នឹងមិន​ត្រូវបាន​ប្រើប្រាស់ ដើម្បី​គំរាមកំហែង​ដល់​ប្រទេស​ណាមួយ​ឡើយ​។ 

ចំពោះ​ចិន ចូលរួម​គាំទ្រ​ដល់​ដំណើរការ​ចរចា​សន្តិភាព ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន ដើម្បីឲ្យ​ជម្លោះ​ឆាប់​បិទបញ្ចប់ ព្រោះ​ជម្លោះ​នេះ គំរាមកំហែង​ដល់​សន្តិសុ​ខចិន​។ ចិន​បារម្ភ​ថា​ពួក​សកម្មប្រយុទ្ធ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន អាច​ជ្រៀត​ចូលទៅក្នុង​តំបន់​ស៊ីន​ជាំ​ង​ប្រទេស​ចិន បង្កឲ្យមាន​ភាពអនាធិបតេយ្យ​។ 

​សូមបញ្ជាក់ថា ជម្លោះ​ប្រដាប់អាវុធ​រ៉ាំរ៉ៃ​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន បានអូសបន្លាយ​រយៈពេល​១៧​ឆ្នាំ​មកហើយ​។ អាមេរិក​បញ្ជូន​ទ័ព​ទៅ​ដាក់ពង្រាយ​នៅ​ទីនោះ​ជាង​១០០, ០០០​នាក់​ក្រោយពី​មាន​ហេតុការណ៍​វាយប្រហារ​ភេរវកម្ម លើ​អគារ​ពាណិជ្ជកម្ម​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១​។ គោលបំណង​អាមេរិក ដើម្បី​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ ដែល​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ និង​ដែល​បាននិងកំពុង​រស់នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​៕

ព័ត៌មានផ្សេងទៀត