លោក​ហ៊ុន​សែន​សរសើរ​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​ថា​បាន​ជួយ​ដល់​កម្ពុជា​ច្រើន​

27-04-2019 2:16 pm 1631
  ស្តាប់
ស្តាប់ជាសំឡេង

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​អញ្ជើញ​ចូលរួម​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា ។ សម្រាប់​ថ្ងៃ​ទី​២៦ ខែ​មេសា លោក​បាន​ថ្លែង​សុន្ទរកថា​ពី​ប្រធានបទ​របស់​វេទិកា «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​»  ។ 

​ជា​ខ្លឹមសារ​ត្រួសៗ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកសរសើរ​អំពី​គម្រោង ខ្សែក្រវាត់ និង​ផ្លូវ ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ពីង ។ លោក​បាន​អះអាង​ថា កម្ពុជា បាន​ទទួល​ផលប្រយោជន៍​ជាច្រើន​ពី​គម្រោង​នេះ ហើយ ជាពិសេស គម្រោង ខ្សែក្រវាត់​និង​ផ្លូវ បាន​ចូល​រួមចំណែក​ដល់​ការលើកស្ទួយ​សុខមាលភាព និង​ការអភិវឌ្ឍ​តំបន់​របស់​កម្ពុជា និង​ចិន ទាំង​ក្នុង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម ។ ជុំវិញ​ប្រធានបទ​នេះ យើង​មាន​កិច្ច​អន្តរាគមន៍​ពី ទេព កោសល្យ ។ 

​ជម្រាបសួរ កោសល្យ  ចាស៎​

​បាទ​ជម្រាបសួរ កញ្ញា​រី 

​កោសល្យ ក្នុង​ដំណើរ​បេសកកម្ម​ជា​ផ្លូវការ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន សម្រាប់​ថ្ងៃ​ទី​២៦ ខែ​មេសា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​អ្វីខ្លះ ក៏​ដូចជា​បាន​ថ្លែង​សារ​អ្វីខ្លះ​នៅក្នុង វេទិកា ខ្សែក្រវាត់ និង​ផ្លូវ នៅ​ព្រឹក​នោះ ?

​បាទ​អរគុណ កញ្ញា​រី មុននឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ លោក​បាន​ជួបពិភាក្សា​ការងារ និង​ពិសារ​អាហារ​ពេលព្រឹក​ជា​មួយ​លោក ង្វៀង សួន​ហ្វ៊ុក នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​វៀតណាម នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ។​

​ក្នុងជំនួប​នោះ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ បាន​ថ្លែង​កោតសរសើរ​គ្នា​ទៅវិញទៅមក ចំពោះ​ការរីកចម្រើន និង​សមិទ្ធផល ព្រម​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្ពស់ ។​

​លោក ង្វៀង សួន​ហ្វ៊ុក បាន​លើកឡើង​ថា កម្ពុជា​-​វៀតណាម ពិតជា​រីករាយ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ មន្ត្រី​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។​

​កញ្ញា​រី បន្ទាប់​ពី​បញ្ចប់​នូវ​ជំនួប​ពិភាក្សា​ដ៏​ខ្លី​នេះ នៅ​ព្រឹក​ថ្ងៃ​ដដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ ។​

​ថ្លែង​សុន្ទរកថា​ក្នុងឱកាស​នោះ លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើង​ថា លោក​ពិតជា​មាន​ក្តីរីករាយ ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា ហើយ​លោក​កត់សម្គាល់​ឃើញថា ក្នុង​រយៈពេល​ជិត​៦​ឆ្នាំ នៃ​ការអនុវត្ត​កន្លងមក គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» សម្រេច​បាន​ផ្លែផ្កា​ច្រើន សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​លើ​សាកលលោក ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា គម្រោង​នេះ បាន​ចូល​រួមចំណែក​ដល់​ការលើកស្ទួយ​សុខមាលភាព និង​ការអភិវឌ្ឍ​តំបន់​របស់​កម្ពុជា និង​ចិន ទាំង​ក្នុង​វិស័យ​សន្តិសុខ សេដ្ឋកិច្ច និង​សង្គម ។ 

​លោកនាយក​រដ្ឋមន្ត្រី​អះអាងថា ចំនួន​ប្រទេស​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ មាន​ការកើនឡើង​គួរឱ្យកត់សម្គាល់ ដែល​នេះ ជា​សញ្ញា​នៃ​ការរីកដុះដាល និង​ភាព​កាន់តែ​រឹងមាំ​ជា​លំដាប់ នូវ​ការផ្តល់​សេចក្តី​គាំទ្រ និង​ការជឿទុកចិត្ត​លើ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» សម្រាប់​ការលើកកម្ពស់​សន្តិភាព​, ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ពង្រឹង​វិបុលភាព​តំបន់ និង​នៅលើ​សាកលលោក ។​

​លោក ហ៊ុន សែន បន្តថា ជាមួយ​វឌ្ឍនភាព​នៃ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» វេទិកា​លើក​ទី​២​នេះ នឹង​ផ្តល់​ឱកាស​ឱ្យ​យើងទាំងអស់គ្នា​ដែល​ជា​ប្រជាជាតិ មាន​ការជឿជាក់​លើ​សាកលភាវូ​ពាណិជ្ជកម្ម និង​ការបើកចំហ​សេដ្ឋកិច្ច ដោយ​ឈរ​លើ​គោលការណ៍​កិច្ចសហប្រតិបត្តិកា​រ​ជា​ដៃគូ​យូរអង្វែង រួម​គ្នា​ពង្រឹង​កម្លាំង​សាមគ្គី និង​ពូ​តដៃ​គ្នា​ការពារ​ផលប្រយោជន៍ និង​វិបុលភាព រួម​ពិភាក្សា​និង​ដាក់​ចេញ​នូវ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ និង​ការប្តេជ្ញា​ចិត្ត​យ៉ាង​ពិតប្រាកដ ដើម្បី​សម្រេច​ឱ្យបាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​ថ្មីៗ​បន្ថែមទៀត ។​

​លោក​បាន​បញ្ជាក់ថា សម្រាប់​កម្ពុជា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» បាន​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម វប្បធម៌ ។ ភាព​ជោគជ័យ​នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ដែល​ជា​គម្រោង​វិនិយោគ​ដ៏​ធំ​របស់​ចិន និង​ជា​សក្ខីភាព​មួយ​យ៉ាង​ច្បាស់ នៃ​ការកសាង​គម្រោង​ផែនការ​សហប្រតិបត្តិកា​រ «​ខ្សែក្រវាត់ និង​ផ្លូវ​» រវាង​ប្រទេស​ទាំង​ពីរ ។ គម្រោង​ទាំងនេះ ទទួលបាន​ជោគជ័យ​ល្អប្រសើរ ហើយ​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ចំនួន​១៦១ កំពុង​ធ្វើ​សហប្រតិបត្តិការ ក្នុងនោះ ក្រុមហ៊ុន​ចិន​ចំនួន​១៤៨ និង​បង្កើត​ការងារ​ឱ្យ​ប្រជាជន​កម្ពុជា​បាន​ជាង​២​ម៉ឺន​នាក់ ។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ​ជំហាន​ពីរ អាច​នឹង​បង្កើត​ការងារ​ជូន​ប្រជាជន​ប្រមាណ​៨​ម៉ឺន​នាក់​បន្ថែមទៀត ។ សមិទ្ធផល​ថ្មី​មួយទៀត តាមរយៈ​គំនិត​ផ្តួចផ្តើម​នេះ គឺ​កម្ពុជា​សម្រេចបាន​នូវ​ការកសាង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ដែល​នឹង​ក្លាយទៅជា​កម្លាំង​ចលករ​មួយ​ចូលរួម​កែប្រែ​វិមាត្រ​សេដ្ឋកិច្ច​កម្ពុជា និង​បង្កើន​ជាការ​ត​ភ្ជាប់​ក្នុង​តំបន់​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។​

​លោក​ហ៊ុន សែន បាន​ថ្លែង​ដោយ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» កំពុង​បង្កើត​កម្លាំងចលករ​ថ្មី សំដៅ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​បស់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​លើ​សាកលលោក ដើម្បី​បុព្វហេតុ​សន្តិសុខ សន្តិភាព ភាពសុខដុមរមនា វិបុលភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។​

​លោក​បាន​ថ្លែងបន្តថា ក្នុង​ស្មារតី​នេះ កម្ពុជា​-​ចិន ពិត​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការជំរុញ​កសាង​សាមគ្គីភាព និង​ការយោគយល់​គ្នា​ដោយ​ផ្អែក​លើ​តម្លៃ​នៃ​គុណធម៌ សាមគ្គីភាព មិត្តភាព និង​ជំនឿ​ទុកចិត្ត និង​សមភាព នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស និង​រវាង​ប្រជាជន​និង​ប្រជាជន ។​

​ចាស៎ កោសល្យ ក្រៅពី​ចូលរួម​បើក​វេទិកា ក៏ដូចជា ថ្លែង​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ចូលរួម​កម្មវិធី​អ្វី ឬ​ចុះ​ហត្ថលេខា​ទៅ​លើ​ឯកសារ​អនុស្សរណៈ​អ្វីខ្លះ​ទេ កោសល្យ ?

​បាទ កញ្ញា​រី ។ បន្ទាប់​ពី​បញ្ចប់​នូវ​ការចូលរួម​ក្នុង​ពិធី​បើក​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ទីស្នាក់ការ​កណ្តាល​ធនាគា​រ​ចិន នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ដែរ ។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍​សម្តែង​នូវ​ការ​អរគុណ​ជាថ្មី​ម្តងទៀត ដែល​ធនាគារ​ចិន បានអនុញ្ញាត​ឱ្យ​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្តងទៀត នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធនាគារ​ចិន ក្នុង​ទីក្រុង​ប៉េកាំង បន្ទាប់ពី​លោក និង​គណៈប្រតិភូ ធ្លាប់​បាន​ទៅ​បំពេញ​ទស្សនកិច្ច កាលពី​ឆ្នាំ​២០១៧ ។​

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​មានប្រសាសន៍​បញ្ជាក់​ថា ដោយសារតែ​មាន​ភាពរឹងមាំ​នៃ​ចំណង​ទាក់ទង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ ទើប​បានជា​មាន​ការជំរុញ​ឱ្យ​បណ្តា​ធនាគារ និង​ក្រុមហ៊ុន​ចិន​ជា​ច្រើន បាន​មក​បណ្តាក់ទុន​ក្នុងប្រទេស​កម្ពុជា ។ ជាពិសេស​នោះ គឺ​តាមរយៈ​វត្តមាន​របស់​ធនាគារ​ចិន​នេះ​ហើយ ដែល​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ចិន​ជា​ច្រើន បាន​មក​បណ្តាក់ទុន​ក្នុងប្រទេស​កម្ពុជា កាន់តែ​ច្រើនឡើងៗ ដែល​ការវិនិយោគ​ភាគច្រើន គឺ​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន វា​រី​អគ្គិសនី រោងចក្រ សហគ្រាស​តូចធំ និង​សមិទ្ធផល​សង្គម​ដទៃទៀត ។​

​កញ្ញា​រី មួយ​ចំណុច​ទៀត​នោះ បន្ទាប់​ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ទីស្នាក់ការ​កណ្តាល​ធនាគា​រ​ចិន នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ដដែល លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អញ្ជើញ​ជា​អធិបតី សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​មួយចំនួន​ដែរ ។​

​លោកនាយក​រដ្ឋមន្ត្រី បាន​ធ្វើ​ជា​សាក្សី នៃ​ពិធី​ចុះហត្ថលេខា លើ​ឯកសារ​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៣ ក្នុងការ​ធ្វើ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ធនាគារកណ្តាល​ចិន ជាមួយនឹង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ក្នុងនោះ មាន​ការចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​នៃ​ក្រសួង​និង​ស្ថាប័ន​របស់​កម្ពុជា ជាមួយ​ភាគី​ធនាគារ​ចិន ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក​ឧកញ៉ា ពង់ ឃាវ​សែ ប្រធាន​ធនាគារ​កាណាឌីយ៉ា ។​

​សូមបញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កំពុង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​» លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែ​មេសា ។​

​សម្រាប់​ថ្ងៃ​ទី​២៦ ខែ​មេសា លោក​បាន​ថ្លែង​សុន្ទរកថា​ពី​ប្រធានបទ​របស់​វេទិកា «​កិច្ចសហប្រតិបត្តិការ​ខ្សែក្រវាត់ និង​ផ្លូវ បង្កើត​ជោគវាសនា​រួម​ដ៏​ត្រចះត្រចង់​» ហើយ​នៅ​ថ្ងៃ​បន្ទាប់ៗ​ទៀត ក្នុង​សម័យប្រជុំ​តុមូល​របស់​ថ្នាក់ដឹកនាំ លោក​នឹង​អញ្ជើញ​ចែករំលែក​ទស្សនវិស័យ​លើ​ប្រធានបទ «​ការជំរុញ​ការតភ្ជាប់ ដើម្បី​ស្វែងរក​ធនធាន​ថ្មី​សម្រាប់​ការរីកចម្រើន​» ក៏ដូចជា​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សំខាន់ៗ​ផ្សេង​ទៀត​ដែរ ។​

​ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ កម្ពុជា​ក៏​រំពឹងថា​នឹង​មាន​ការចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ស្តី​ពី​ជំនួយ​របស់​ចិន ព្រម​ទាំង​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា​ផងដែរ កញ្ញា​រី ។ 

​ចាស៎ ខ្ញុំ​សូម​អរគុណ ទេព កោសល្យ  ដែល​បាន​ចូល​មក​អន្តរាគមន៍​ពាក់ព័ន្ធ​ទៅនឹង​លទ្ធផល​នៃ​កិច្ចប្រជុំ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន សម្រាប់​ថ្ងៃ​ទី​២៦ ខែ​មេសា ។ ខ្ញុំ​សូម​ជម្រាបលា កោសល្យ​ចាស៎ ។​

​បាទ ជម្រាបលា កញ្ញា​រី ៕

ព័ត៌មានផ្សេងទៀត