អាមេរិក​លើកពី​ភាព​អាចទៅរួចដែល​ក្រុម​ភេរ​វករ​បន្ត​រៀបចំ​ផែនការវាយប្រហារ​ស្រីលង្កា​

27-04-2019 12:02 pm 384

​ដ្បិត​ករណី​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ប្រទេស​ស្រីលង្កា បាន​កន្លងផុតទៅ​ជាច្រើន​ថ្ងៃ​ទៅហើ​យក្តី ប៉ុន្តែ​អាមេរិក​នៅតែ​បន្ត​ចេញ​សារ​ណែនាំ​ប្រជាពលរដ្ឋ​របស់ខ្លួន ពិចារណា​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ស្រីលង្កា ហើយអ្នកដែលកំពុងស្ថិតនៅក្នុងប្រទេសនេះស្រាប់ ត្រូវមានការប្រុងប្រយ័ត្ន ដើម្បី​ចៀសវាង​គ្រោះថ្នាក់ ដែល​អាច​កើតឡើង​ជាយថាហេតុ​។ នៅ​ក្នុងនោះ អាមេរិក​ក៏​បានលើកឡើង​ពី​ភាព​អាចទៅរួច ដែល​ក្រុម​ភេរ​វករ នៅតែ​បន្ត​រៀបចំ​ផែនការ​សម្ងាត់ វាយប្រហារ​ប្រទេស​ស្រីលង្កា​បន្ថែមទៀត​។​

ការ​ក្រើនរម្លឹក​របស់​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​កន្លែង នៅ​ព្រះវិហារ​និង​សណ្ឋាគារ នៅក្នុង​រដ្ឋធានី​Colombo នៃ​ប្រទេស​ស្រីលង្កា​កាលពី​ចុង​សប្តាហ៍​មុន បណ្តា​លឲ្យមនុស្ស​២៥០​នាក់​ស្លាប់បាត់​បង់ជីវិត​។ រំលង​បាន​ប៉ុន្មាន​ថ្ងៃ ក៏មាន​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក បាន​កើតឡើង​មួយ​ករណី​ទៀត នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​ស្រីលង្កា នៅ​ថ្ងៃទី​២៥​មេសា​។ 

​នៅក្នុង​ការវាយប្រហារ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ គេ​បាន​ចាប់ខ្លួន​មនុស្ស​៩​នាក់​សង្ស័យថា បានធ្វើ​សកម្មភាព​វាយប្រហារ​។ អាជ្ញាធរ​បាន​បន្ទោស​ក្រុម​អ៊ីស្លាម​និយម​ក្នុងស្រុក​National Thowheed Jamath (NTJ) និង​ថា​ការវាយប្រហារ​នេះ កើតឡើង​បាន​ដោយមាន​ជំនួយ​ពី​ក្រៅប្រទេស ខណៈ​ក្រុម​រដ្ឋ​អ៊ីស្លាម​វិញ​បាន​ចេញមុខ​ទទួលខុសត្រូវ​៕

ព័ត៌មានផ្សេងទៀត