លោក​ត្រាំ​ដក​អាមេរិក​ចេញពីសន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធអង្គការសហប្រជាជាតិ​

27-04-2019 10:54 am 968
  ស្តាប់
លោកដូណាល់ ត្រាំបង្ហាញសន្ធិសញ្ញាពាណិជ្ជកម្មអាវុធរបស់អង្គការសហប្រជាជាតិ
ស្តាប់ជាសំឡេង

​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ​អង្គការសហប្រជាជាតិ ជា​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​ពហុភាគី ដែល​គ្របដណ្តប់ លើ​ការគ្រប់គ្រង​ការធ្វើ​ពាណិជ្ជកម្ម​អាវុធ​អន្តរជាតិ​។ យ៉ាងណា សន្ធិសញ្ញា​នេះ គ្មាន​តំលៃ​សម្រាប់​រដ្ឋបាល​អាមេរិក​បច្ចុប្បន្ន ដែល​ដឹកនាំ​ដោយ​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ឡើយ​។ លោក​ត្រាំ​បានប្រកាស​នៅ​ថ្ងៃ​សុក្រ​ថា នឹង​បញ្ឈប់​ការផ្តល់​សច្ចាប័ន លើ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ​អង្គការសហប្រជាជាតិ ហើយ​បន្ទាប់មក​នឹង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​នេះ​តែម្តង​។ លោក​ត្រាំ​បាន​និយាយ នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់​សមាគម​កាំភ្លើង​ជាតិ​(NRA) នៅ​ថ្ងៃ​សុក្រ​ថា អង្គការសហប្រជាជាតិ នឹង​ទទួលបាន​លិខិត​បដិសេធ​ផ្លូវការ​របស់​អាមេរិក នៅពេល​ឆាប់ៗ​នេះ​។​

​លោក​ត្រាំ​បាន​ហៅ សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ​នេះ ថា​ជា​រឿង​ខុសឆ្គង​ធ្ងន់ធ្ងរ និង​គំរាមកំហែង​ដល់​សិទ្ធិសេរីភាព​របស់​អាមេរិក​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ របស់​សេត​វិមាន​បាន​និយាយថា សន្ធិសញ្ញា​នេះ មិនបាន​ដោះស្រាយ​បញ្ហា​ពិតប្រាកដ នៃ​ច​រន្ធ​ការផ្ទេរ​អាវុធ​ដែល​មិន​ទទួលខុសត្រូវ​ទេ តែ​វា​ជា​ឧបសគ្គ​រារាំង​សមត្ថភាព​របស់​អាមេរិក ក្នុង​ការលក់​អាវុធ​ទៅឲ្យ​សម្ព័ន្ធមិត្ត​និង​ដៃគូ​របស់គេ​។ សេត​វិមាន​បញ្ជាក់​បន្ថែមថា សន្ធិសញ្ញា​ពណិជ្ជកម្ម​អាវុធ គឺ​មិនចាំបាច់​សម្រាប់​សហរដ្ឋ​អាមេរិក ដើម្បី​គ្រាន់តែ​ចូលរួម​ក្នុង​ការជួញដូរ​អាវុធ ប្រកបដោយ​ការទទួលខុសត្រូវ​នោះទេ​។​

​ផ្ទុយ​ពីនេះ អង្គការសហប្រជាជាតិ​វិញ បាន​លើកសរសើរ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ ថា​ជា សមិទ្ធផល​ដ៏​សំខាន់​មួយ នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធានា​ការទទួលខុសត្រូវ ក្នុង​ការផ្ទេរ​អាវុធ​អន្តរជាតិ​។ អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ លោក Stephane Dujarric បាន​និយាយថា សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ គឺជា​ឧបករណ៍​តែមួយគត់ ដែល​ជួយ​បង្កើន​តម្លាភាព​និង​គណនេយ្យភាព ក្នុង​ការជួញដូរ​អាវុធ​អន្តរជាតិ​។ លោក​បន្ថែមទៀតថា សន្ធិសញ្ញា​នេះ​មាន​សារៈសំខាន់ ជាពិសេស​នៅ​សម័យ​បច្ចុប្បន្ន ដែល​ភាព​តានតឹង​កើនឡើង​កាន់តែខ្លាំង នៅលើ​ឆាក​អន្តរជាតិ និង​ការចាប់អារម្មណ៍​ជាថ្មី ក្នុង​ការពង្រីក​និង​ការធ្វើ​ទំនើបកម្ម​អាវុធ​។​

​លោក​ត្រាំ​សម្រេច​ដក​អាមេរិក​ចេញពី សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ​អង្គការសហប្រជាជាតិ ក្រោយ​៩​ឆ្នាំ​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​នៅ​ឆ្នាំ​២០១៣​។ ប៉ុន្តែ​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ មិនទាន់​ត្រូវបាន​ផ្តល់​សច្ចាប័ន ដោយ​ព្រឹទ្ធសភា​អាមេរិក​នៅឡើយ​ទេ​។ 

​គួរ​ជម្រាបជូន​ថា សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ​អង្គការសហប្រជាជាតិ មាន​ប្រទេស​ចំនួន​១៣០​បាន​ចុះហត្ថលេខា និង​មាន​ប្រទេស​ចំនួន​១០១​បានផ្តល់​សច្ចាប័ន និង​ចូលរួម​អនុវត្ត នៅក្នុង​នោះ​រួមមាន​ប្រទេស​មហាអំណាច​លោកខាងលិច ដូចជា​បារាំង អាល្លឺម៉ង និង​ចក្រភព​អង់គ្លេស​ជាដើម​។ សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ បាន​ចូល​ជា​ធរមាន​នៅក្នុង​ខែធ្នូ​ឆ្នាំ ២០១៤ ត្រូវបាន​គេ​មើលឃើញថា បាន​ចូលរួមចំណែក នៅក្នុង​ការគ្រប់គ្រង​លំហូរ​អាវុធ​ចូលទៅក្នុង​តំបន់​ជម្លោះ​។ សន្ធិសញ្ញា​នេះ តម្រូវឲ្យ​បណ្តា​ប្រទេ​សជាសមាជិក​ទាំងអស់ បញ្ចៀស​ការផ្ទេ​អាវុធ​ពី​ប្រទេសមួយ​ទៅកាន់​ប្រទេស​មួយទៀត ដោយ​ខុសច្បាប់ ដែល​អាច​ត្រូវបាន​យកទៅ​ប្រើប្រាស់ នៅក្នុង​ការរំលោភបំពាន​សិទ្ធិមនុស្ស ឬ​ការវាយប្រហា​រលើ​ជន​ស៊ីវិល​។ ក្រៅពី​អាមេរិក មាន​ប្រទេស​ដែលជា​ឈ្មួញ​អាវុធ​ធំៗ​ក្នុង​លោក ដូចជា​ចិន និង​រុស្ស៊ី​ក៏​មិន​ចូលរួម នៅក្នុង​សន្ធិសញ្ញា​ពាណិជ្ជកម្ម​អាវុធ​អង្គកា​រហស​ប្រជាតិ​នេះដែរ​៕

ព័ត៌មានផ្សេងទៀត