លោក​នេត សាវឿនដាក់ចេញ​វិធានការ​សន្តិសុខសម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣

26-04-2019 5:04 pm 853
  ស្តាប់
លោក​នេត សាវឿន
ស្តាប់ជាសំឡេង

នៅ​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៩ មាន​ការរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​រួម ស្តីពី​សកម្មភាព និង​ការរៀបចំ​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត ការពារ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្នោះ​បោះឆ្នោត​ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។ នៅក្នុង​កិច្ចប្រជុំ​នេះ លោក​នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈបញ្ជាការ​សន្ដិសុខ​អចិន្ដ្រៃយ៍ សម្រាប់​ការបោះឆ្នោត បាន​ណែនាំ​អំពី​គោលការណ៍ និង​វិធានការ​ចំនួន​៧​ចំណុច​សំខាន់ៗ សម្រាប់​អនុវត្ត​នៅពេល​ការពារ​សន្ដិសុខ ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្ដិទី​៣ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩​។ 

​គោលការណ៍​ណែនាំ និង​វិធានការ​៧​ចំណុច​នោះ​រួម​មានដូចជា ៖

​ទី​១. គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ក្នុងនាម​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ ដែលមាន​កងកម្លាំង នគរបាល កងរាជអាវុធហត្ថ និង​កង​យោធ​ព​ខេមរភូមិន្ទ ជា​សេនាធិការ ត្រូវ​កសាង​ផែនការ​សកម្មភាព ជាក់ស្តែង ដើម្បី​ចាត់តាំង​អនុវត្ត ធានា​សន្តិសុខ សណ្តាប់ធ្នាប់​សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​ទាំងពីរ​នេះ​
​ផ្អែក​តាម​ប្រតិទិន​របស់ គ​.​ជ​.​ប និង​ត្រូវ​ធានា​នូវ​បរិមាណ​កម្លាំង​គ្រប់គ្រាន់ សម្រាប់​ផ្តល់​សេវា​សន្តិសុខ ដល់​ការរៀបចំ​បោះឆ្នោត​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ផង និង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ ២០១៩​ផង​។​

​ទី​២. កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ត្រូវមាន​អព្យាក្រឹតភាព និង​គោរព​ឲ្យបាន​ត្រឹមត្រូវ​ច្បាប់ ស្តីពី ការបោះឆ្នោត បទបញ្ជា នីតិវិធី​របស់ គ​.​ជ​.​ប និង​ក្រមសីលធម៌​។ ត្រូវ​បង្កលក្ខណៈ​ងាយស្រួល និង​ផ្ដល់​សេវា​សន្តិសុខ​ដល់​គ្រប់​គណបក្សនយោបាយ ដែល​ឈរឈ្មោះ​បោះឆ្នោត បេក្ខជន វាគ្មិន និង​ភ្នាក់ងារ​គណបក្សនយោបាយ អ្នកសង្កេតការណ៍​ជាតិ​-​អន្តរជាតិ ក្នុង​ការធ្វើសកម្មភាព​ស្របច្បាប់ ពាក់ព័ន្ធ​ដល់​ការបោះឆ្នោត និង​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត ដែល​អញ្ជើញ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ដោយ​ស្មើភាព​គ្នា​។​

​ទី​៣. ត្រូវ​ដាក់ចេញ​នូវ​វិធានការ​បង្ការ ទប់ស្កាត់​ជាមុន និង​ចាត់ចែង​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប ដើម្បី​បង្ក្រាប​ឲ្យបាន​ទាន់ពេលវេលា ទាន់​ហេតុការណ៍​ដែល​កើតឡើង ជាពិសេស​អំពើ ប្លន់​ប្រដាប់អាវុធ អំពើ​ឃាតកម្ម អំពើហិង្សា ក៏ដូចជា​បញ្ហា​ទំនាស់​នៅ​ក្នុងសង្គម និង​បាតុភាព​បង្ក​ឲ្យ​បាត់​
​សណ្តាប់ធ្នាប់​សាធារណៈ​។​ល​។ រាល់​បទល្មើស​ដែល​កើតឡើង ទោះ​ក្រោមរូបភាព​ណាក៏ដោយ ត្រូវខិតខំ​ស្រាវជ្រាវ​រកឲ្យឃើញ​ជនល្មើស ដើម្បី​នាំខ្លួន​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​ជា​ធរមាន ដោយ​ត្រូវ​ជៀសវាង ឲ្យបាន​នូវ​និទណ្ឌភាព​។​

​ទី​៤. គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវមាន​កិច្ចសហការ និង​សម្របសម្រួល​ឲ្យបាន ជាប្រចាំ​ជាមួយ គ​.​ជ​.​ប និង​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ អង្គការ​ជាតិ​-​អន្តរជាតិ និង​សង្គម​ស៊ីវិល​លើ​វិស័យ​សន្តិសុខ និង​សណ្តាប់ធ្នាប់ ព្រមទាំង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ចម្រុះ ដែល​នឹងត្រូវ រៀបចំឡើង​ដោយ គ​.​ជ​.​ប និង​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត​គ្រប់​លំដាប់ថ្នាក់ ក្នុង​គោលដៅ​ជួប ពិភាក្សាគ្នា ស្វែងរក​ដំណោះស្រាយ​សមស្រប និង​ការចាត់វិធានការ​ចាំបាច់​នានា ដើម្បី​បង្ការ ទប់ស្កាត់ និង​កាត់បន្ថយ​រាល់​បញ្ហា​ទំនាស់ ឬ​បាតុភាព​នានា ក្នុងអំឡុងពេល​នៃ​ការរៀបចំ​ការបោះឆ្នោត ការពិនិត្យ បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​។​

​ទី​៥. ក្នុង​គ្រប់​ដំណាក់កាល នៃ​ការរៀបចំ​ការបោះឆ្នោត អាច​នឹង​លេចចេញ​នូវ​បាតុភាព​ផ្សេងៗ សំដៅ រាំងស្ទះ ឬ​បន្ទូច​បង្អាក់​ដល់​ការបោះឆ្នោត ជាពិសេស ដំណាក់កាល​នៃ​ការឃោសនាបោះឆ្នោត គឺជា ដំណាក់កាល​តឹងរឹង​បំផុត ដោយហេតុថា​រយៈពេល​នេះ គឺជា​ការតស៊ូ​ខាង​នយោបាយ​ក្តៅគគុក របស់​គ្រប់​គណបក្សនយោបាយ ដែល​ចូលរួម​បោះឆ្នោត ហើយ​ជា​ដំណាក់កាល​ងាយ​នឹង​កើតឡើង​នូវ​ទំនាស់ ឬ បទល្មើស​ផ្សេងៗ ប្រសិនបើ​មិន​គោរព​ច្បាប់ ស្តីពី​ការបោះឆ្នោត បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​គោលការណ៍​ណែនាំ​ផ្សេងៗ​របស់ គ​.​ជ​.​ប​។​

​ទី​៦. ដំណាក់កាល​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ជា​ដំណាក់កាល​ដែលមាន​សារៈសំខាន់ ដែល​គណៈ បញ្ជា​ការឯកភាព​រដ្ឋ​បាល​រាជធានី ខេត្ត និង​កម្លាំង​ការពារ​សន្តិសុខ​ទាំងអស់ ត្រូវ​លើក​កំពស់​ស្មារតី​ទទួល ខុសត្រូវ​ក្នុង​ភារកិច្ច​ការពារ ដោយ​សហការ​ឲ្យបាន​ល្អ​ជាមួ​យ គ​.​ជ​.​ប និង​គណៈកម្មការ​រៀប​ចំ​ការបោះឆ្នោត គ្រប់​លំដាប់ថ្នាក់ ពិសេស ប្រធានការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត ដើម្បី​ម្ចាស់ការ និង​គ្រប់គ្រង​ឲ្យបាន​នូវ​សភាពការណ៍​សន្តិ​សុខ នៅតាម​ការិយាល័យ​បោះឆ្នោត​នី​មួយៗ​។​

​ចំពោះ​កម្លាំង​ការពារ​ផ្ទាល់ តាម​ការិយាល័យ​បោះឆ្នោត​នី​មួយៗ ត្រូវគោរព​អនុវត្តឲ្យ​បានតាម​គោលការណ៍​ច្បាប់ ស្តីពី ការបោះឆ្នោត​បទបញ្ជា និង​នីតិវិធី​របស់ គ​.​ជ​.​ប ។ រាល់​សកម្មភាព​អន្តរាគមន៍​ផ្សេងៗ​ត្រូវមាន​សំណូមពរ និង​ការ​សម្រប សម្រួល​ពី​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​)​។​

​ទី​៧. ដើម្បី​ការពារ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ និង​ការពារ​ការពិនិត្យ​បញ្ជី ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ ឲ្យមាន​ប្រសិទ្ធភាព គ្រប់​រាជធានី ខេត្ត ត្រូវ​យកចិត្តទុកដាក់ ធានា​សុវត្ថិភាព​ដាច់ខាត​នូវ​ទីកន្លែង​រក្សាទុក ឬ​ការដឹកជញ្ជូន​សម្ភា​របរិ​ក្ខារ និង​ឯកសារ​ពាក់ព័ន្ធ​ដល់ ការងារ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត ពី​គោលដៅ​មួយ​ទៅកាន់​គោលដៅ​មួយទៀត ដែល​ត្រូវ​បានកំណត់​។​

​សូមជម្រាបថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩ ៕

 

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត