លោក​ផៃ ស៊ីផា​ន សុំ​អធ្យាស្រ័យ​បើ​សម្តី​លោក​ទិត្យ សុធា ប៉ះពាល់​អារម្មណ៍​មហាជន​

26-04-2019 3:32 pm 14721

​ប្រជាពលរដ្ឋ​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាងខ្លាំង នឹង​សម្តី​លោក​ទិត្យ សុធា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​បាន​យក​ការ​រអ៊ូរទាំ របស់​ប្រជាពលរដ្ឋ ទាក់ទិន​នឹង​ការ​ដាច់​ភ្លើង ទៅ​ប្រៀប​ធៀប​នឹង​សម័យ​ប៉ុល ពត ថា​គ្មាន​ភ្លើង និង​មេឃ​ក្តៅហែង ហេតុអ្វី​បាន​ប្រជាពលរដ្ឋ​រស់​បាន​?

​យ៉ាងណា ជុំវិញ​ការផ្ទុះ​ប្រតិកម្ម​នេះ លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រដ្ឋាភិបាល សុំ​ការ​ខន្តី និង​អធ្យាស្រ័យ​ពី​មហាជន ប្រសិនបើ​សម្តី​របស់​លោក​ទិត្យ សុធា មានការ​ថ្នាំងថ្នាក់ និង​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាពលរដ្ឋ​។ លោក​ថា លោក​ទិត្យ សុធា មិន​មាន​បំណង​មាក់ងាយ ដល់​ការ​រអ៊ូ របស់​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្តែ​គ្រាន់តែ​លោក ចង់​ឲ្យ​យក បទពិសោធន៍ ដែល​បាន​ឆ្លងកាត់​ពី​អតីតកាល ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នា​ពេល​ប​ច្ច​ប្បន្ន​។​

​សំឡេង​

​សូមបញ្ជាក់​ថា លោក ទិត សុធា អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​លើ​ហ្វេ​សប៊ុក​កាលពី​ល្ងាច ថ្ងៃទី​២៥ ខែ​មេសា ថា សម័យ​ប៉ុល ពត នៅពេល​គេ​បង្ខំ​ឱ្យ​ធ្វើការ​ទាំង​ថ្ងៃ​ក្តៅហែង យប់​គ្មាន​ពេល​សម្រាក រស់​នៅ​មិន​បាន​ជុំ​គ្រួសារ គ្មាន​ម៉ាស៊ីនត្រជាក់ គ្មាន​កង្ហារ គ្មាន​ភ្លើង​ប្រើប្រាស់ គ្មាន​ចំណី​អាហារ​គ្រប់គ្រាន់ ម៉េច​ក៏​ចេះ​តស៊ូរ​ស់បាន ចុះ​ពេលនេះ គ្រាន់តែ​ខកខាន​ប្រើប្រាស់​ភ្លើង​មួយរយៈ ហេតុអ្វី​ក៏​ស្រែកថ្ងូរ​យ៉ាងនេះ​? អាចមកពី​ធ្លាប់បាន​រស់នៅ​សុខ​ស្រួល ទើប​ពិបាក​ទ្រាំ​នឹង​ការលំបាក​៕

ព័ត៌មានផ្សេងទៀត