លោក​ស៊ី ជីន​ពីង​ប្រាប់​​អ្នកចូលរួម​​គម្រោង​ខ្សែ​ក្រវាត់​​និង​ផ្លូវ​​កុំ​ភ័យ​រឿង​បំណុល​

26-04-2019 3:04 pm 2687
  ស្តាប់
​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង
ស្តាប់ជាសំឡេង

​បណ្ដា​ប្រទេស​មួយចំនួន​ពិសេស​ប្រទេស​លោកខាងលិច ដែលមាន​សហរដ្ឋអាមេរិក​ជាអាទិ៍ បានបង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​ក្នុង​ឆ្នាំ​២០១៣​។ ព្រួយបារម្ភ​ត្រង់​ថា​គម្រោង​នេះ​មិនបាន​ផ្ដល់​ផលប្រយោជន៍​ណាស់ណា​សម្រាប់​ប្រទេស​ដែល​ចូល​រួមជាមួយ​ទេ ផ្ទុយទៅវិញ​វា​ជា​យុទ្ធសាស្ដ្រ​របស់​ចិន​ដើម្បី​ពង្រីក​ខ្លួន​ក្លាយជា​មហាអំណាច​ពិភពលោក​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត​តាមរយៈ​គម្រោង​នេះ បណ្ដា​ប្រទេស​ដែល​ចូលរួម​ហើយ​ខ្ចីប្រាក់​ពី​ចិន នឹង​ក្លាយជា​កូនបំណុល​សង​ប្រាក់​ជំពាក់​ចិន​មិន​រួច​ឡើយ​។​

ប៉ុន្ដែ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង បាន​ចេញមុខ​បញ្ជាក់​ចំពោះ​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​របស់លោក​យ៉ាងច្បាស់ៗ​។ ថ្លែង​នៅមុខ​មេដឹកនាំ​៣៧​ប្រទេស​រួមទាំង​រដ្ឋមន្ដ្រី​ជាច្រើន​ទៀត ក្នុង​កិច្ចប្រជុំ​ខ្សែក្រវាត់​និង​ផ្លូវ​លើក​ទី​ពីរ ចាប់ផ្ដើម​ពី​ថ្ងៃទី​២៥-២៧​មេសា​នេះ​ក្នុង​ទីក្រុង​ប៉េកាំង លោក​ស៊ី​អះអាងថា សូមកុំ​ព្រួយបារម្ភ​អី​ពី​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​នេះ និង​ប្ដេជ្ញា​ការពារ​មិន​ឲ្យមាន​ហានីភ័យ​នៃ​បំណុល​កើតឡើង​ដាច់ខាត​។ ចំពោះ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​លោក ក៏​មិនមែនជា​សមាគម​ផ្ដាច់មុខ​ដែរ​។​

​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​របស់លោក​ស៊ី មាន​គោលបំណង​បង្កើតឡើង​វិញ​នូវ​ផ្លូវ​សូត្រ​សម័យបុរាណ ភ្ជាប់​តំបន់​អាស៊ី​ទៅកាន់​តំបន់​អឺរ៉ុប​និង​អាហ្វ្រិក តាមរយៈ​ការវិនិយោគ​ទ្រង់ទ្រាយ​ធំ​នៃ​គម្រោង​ផ្លូវទឹក ផ្លូវគោក​និង​ផ្លូវដែក​។ គំនិត​ផ្ដូចផ្ដើម​នេះបាន​ផ្ដល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើបៗ ដែល​ត្រូវការ​ជា​ចាំបាច់​ដល់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ប៉ុន្ដែ​ក្រុម​អ្នក​រិះគន់ថា​ជា​ការបើកផ្លូវ​ជួយ​ក្រុមហ៊ុន​ចិន ខណៈ​ក្រុមហ៊ុន​ទាំងនោះ​កំពុង​ធ្វើឲ្យ​ប្រទេស​មួយចំនួន​ជាប់បំណុល និង​បង្ក​ការបំផ្លិញបំផ្លាញ​ដល់​បរិស្ថាន​ផងដែរ​។​

​ជុំវិញ​ការរិះគន់​ដូច្នេះ លោក​ស៊ី​បាន​បកស្រាយ​បន្ថែមថា ចិន​មិន​បានរៀបចំ​អន្ទាក់​បំណុល​លើ​ប្រទេស​ណាមួយ​ឡើយ ហើយ​ចិន​ក៏​មិនបាន​ប្រើប្រាស់​គម្រោង​ខ្សែក្រវាត់​និង​ផ្លូវ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ក្លាយជា​មហាអំណាច​ពិភពលោក​ដែរ​។ វា​ជា​រឿង​ចាំបាច់​ណាស់​ដែល​ត្រូវ​ធានា​និរន្ដរភាព​ពាណិជ្ជកម្ម​និង​សារពើពន្ធ​នៃ​គម្រោង​ទាំងអស់ ដូច្នេះ​ពួកគេ​អាច​សម្រេច​គោលដៅ​ដែល​បាន​គ្រោងទុក​៕

ព័ត៌មានផ្សេងទៀត