ស្រីលង្កា​​បញ្ជាក់​ពី​ចំនួន​​មនុស្ស​ស្លាប់​ជាថ្មី​​មានតែ​២៥៣​នាក់​​ប៉ុណ្ណោះ​​ថយចុះ​១០០​នាក់​

26-04-2019 11:01 am 342
អាជ្ញាធរ​រឹតបន្ដឹង​សន្ដិសុខ​​ក្រោយ​មាន​ការវាយប្រហារ

​អាជ្ញាធរ​ក្នុងប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បានបញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់​ដោយសា​រការ​បំផ្ទុះ​គ្រាប់បែកកាល​ពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន មានតែ​២៥៣​នាក់​ប៉ុណ្ណោះ​មិនមែន​៣៥៣​នាក់​ដូច​តួលេខ​បានប្រកាស​កន្លងមក​ទេ​។ នេះ​បើតាម​ការអះអាង​របស់​ក្រសួង​សុខាភិបាល​។ ចំនួន​៣៥៣​នាក់​ជា​តួលេខ​ខុស ហើយ​គេ​បន្ទោស​ទៅលើ​កំហុស​នៃ​ការរាប់​សាកសព​។ ការវាយប្រហារ​ដ៏​កក្រើក​ទៅលើ​ព្រះវិហារ​និង​សណ្ឋាគារ​ជាច្រើន​កន្លែង​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​ស្រីលង្កា បណ្ដាលឲ្យ​មនុស្ស​ប្រមាណ​៥០០​នាក់​របួស​ផងដែរ​។ 

​មនុស្ស​៩​នាក់​សង្ស័យថា​បានធ្វើ​សកម្មភាព​វាយប្រហារ ខណៈ​ប៉ូលិស​បាន​បន្ដ​ចុះ​ឆែកឆេរ​និង​បង្ហាញ​រូបថត​មនុស្ស​៧​នាក់​ទៀត​ដែល​កំពុង​តាម​ចាប់ខ្លួន ករណី​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​។ អាជ្ញាធរ​បាន​បន្ទោស​ក្រុម​អ៊ីស្លាម​និយម​ក្នុងស្រុក​National Thowheed Jamath (NTJ) និង​ថា​ការវាយប្រហារ​នេះ​កើតឡើង​បាន​ដោយមាន​ជំនួយ​ពី​ក្រៅប្រទេស​។ ចំណែក​ក្រុម​រដ្ឋ​អ៊ីស្លាម​វិញ​បាន​ចេញមុខ​ទទួលខុសត្រូវ ព្រមទាំង​បាន​បង្ហោះ​វីដេអូ​នៃ​សកម្មភាព​បុរស​៨​នាក់ ប៉ុន្ដែ​មិន​បានបង្ហាញ​ភស្ដុតាង​ពាក់ព័ន្ធ​ដោយផ្ទាល់​ទេ​។ សូមបញ្ជាក់ថា​មកដល់​ពេលនេះ ប៉ូលិស​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៧០​នាក់​ហើយ​៕

ព័ត៌មានផ្សេងទៀត