លោកសុខ ឥសាន៖ក្រុមអតីតបក្សប្រឆាំង តែងតែប្រើវប្បធម៌លាបពណ៌ ដើម្បីផលចំណេញរបស់ខ្លួន

26-04-2019 10:41 am 1822

លោកសុខ ឥសាន អ្នកនាំពាក្យបក្សប្រជាជនកម្ពុជា​ បានអះអាង ថា វប្បធម៌លាបពណ៌ គឺជាវប្បធម៌ឬជាទម្លាប់និយាយមួលបង្កាច់ ដោយរំលោភលើការពិត ដើម្បីភូតកុហកកេងចំណេញ ខាងនយោបាយ​ ដែលមជ្ឈ​ដ្ឋាន​ប្រឆាំងនៅកម្ពុជា តែងតែប្រើប្រាស់ដើម្បីផលចំណេញរបស់ខ្លួន និងបក្សពួកខ្លួន​។

លោកសុខ ឥសាន បានសរសេរនៅក្នុងគ្រុបអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែមេសានេះ”ពួកប្រឆាំងតែង​បាននិយាយលាបពណ៌ ថា​ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលយួនជាអ្នកបង្កើតឡើង​  ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ជាមនុស្សមានក្បាលយួនខ្លួនខ្មែរ​ ធ្វើការបម្រើយួន​ និងលក់ក្បាលឲ្យយួន​ គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យបាត់បង់ទឹកដីខ្មែរអស់រាប់ម៉ឺនគីឡូម៉ែត្រ​  រាជរដ្ឋាភិបាលរបស់​គណ​បក្ស​ប្រជាជនកម្ពុជា ធ្វើឲ្យបាត់បង់កោះត្រល់។ ល។ និង។ ល។ ដែលសុទ្ធតែជាបញ្ហារសើបសម្រាប់ប្រជាជនកម្ពុជា​ ក្នុងចេតនាបោកប្រាស់ប្រជាជនឲ្យស្អប់ និងចងកំហឹងនឹងគណប​ក្សប្រជាជនកម្ពុជា ​ហើយមិនបោះ​ឆ្នោត​ឲ្យគណបក្សប្រជាជនកម្ពុជា​”។

​អ្នកនាំពាក្យបក្សកាន់អំណាច បានសរសេរបន្ត ថា”ដើម្បីគេចវេសពីការទទួលខុសត្រូវរបស់ខ្លួន​ ពួកឧទ្ទាមខ្មែរក្រៅច្បាប់បានលាបពណ៌ថា រាជរដ្ឋាភិបាលកម្ពុជារំលោភរដ្ឋធម្មនុញ្ញ ​ចាប់ជនចាប់ចោទកឹម​ សុខា ទាំង​បំ​ពា​ន​ច្បាប់​ លាបពណ៌កឹម​ សុខា ថា ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ​ដែលផ្ទុយពីការពិតដែលកឹម​ សុខាខ្លួនឯង និយាយដោយខ្លួនឯងផ្ទាល់មាត់ ថា ខ្លួនបានទទួលផែនការពីរដ្ឋាភិបាលអាមេរិក ដែលជួលសាស្ត្រា​ចារ្យ​ល្បីឈ្មោះ​ពីសកលវិទ្យល័យវ៉ាស៊ីងតោនឌីស៊ី និងនៅម៉ុងរ៉េអាល់ប្រទេសកាណាដាឲ្យខ្លួនផ្តួលរំលំ​យកគំរូតាមប្រទេសយូហ្គោស្លាវី និងស៊ែបី​ ដែលជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលប្រឈមមុខចំពោះក្រមព្រហ្មទណ្ឌ ពីបទ​ល្មើ​ស​សន្និដ្ឋិភាពជាមួយបរទេស​ ដែលជាបទក្បត់ជាតិត្រូវជា​ប់គុកពី១៥- ៣០ឆ្នាំ”។

​លោកសុខ ឥសាន បានសរសេរបញ្ជាក់ ថា”ទង្វើនិងសកម្មភាពរបស់កឹម​ សុខា និងពួកប្រឆាំងគឺធ្វើខ្លួនឯង និងនិយាយខ្លួនឯង​ គ្មានការលាបពណ៌ពីខាងក្រៅឡើយ​ តែគឺជាការពិត។ ដូច្នេះដើម្បីវាយបំបាក់​ឧបាយកល​លាបពណ៌​ ប្រជាជនកម្ពុជាគប្បី ត្រូវរួបរួមសាមគ្គីជាតិ​ ក្រោមការដឹកនាំរបស់គណបក្សប្រ​ជានកម្ពុជា​រួមគ្នាការពារ និងថែក្សាសន្តិភា​ព ស្ថិរភាពនយោបាយ និងសុខសុវត្ថិភាពសង្គម ឲ្យបានរឹងមាំ ​និងកុំលុះដោយការនិ​យា​​យលាបពណ៌ របស់ពួកប្រឆាំងទាំងក្នុង និងក្រៅប្រទេស​ព្រមទាំរួមគ្នាទប់ស្កាត់ និងកម្ទេចចោល រាល់ឧបាយកលពួកអមិត្ត កុំឲ្យងើបក្បាលរួចឲ្យសោះ​”៕

ព័ត៌មានផ្សេងទៀត