​ជំនួប​​លើកដំបូង​​លោក​គីម ជុង​អ៊ុន​​អរគុណ​​លោក​វ្លា​ឌី​មៀ ពូ​ទីន​​មិន​ដាច់​ពី​មាត់​

25-04-2019 3:03 pm 1263
  ស្តាប់
លោកគីម ជុងអ៊ុន​(ឆ្វេង)​និងលោកវ្លាឌីមៀ ពូទីនពេលជួបគ្នាលើកដំបូង
ស្តាប់ជាសំឡេង

​កិច្ច​ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ជាមួយ​បុរស​ខ្លាំង​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន បាន​ធ្វើឡើង​ហើយ​នៅ​ថ្ងៃទី​២៥​មេសា​នេះ ក្នុង​ទីក្រុង​Vladivostok​ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​។ លោក​គីម​បាន​ធ្វើដំណើរ​តាម​រថភ្លើង​ពិសេស​ទៅកាន់​ទីក្រុង​Vladivostok​កាលពី​ថ្ងៃ​ពុធ ខណៈដែល​លោកពូ​ទីន​ត្រូវ​ធ្វើដំណើរ​រាប់ពាន់​គីឡូម៉ែត្រ​តាម​យន្ដហោះ​ពី​ទីក្រុង​ម៉ូស្គូ​មក​។ នៅក្នុង​កិច្ច​ជំនួប​លោក​គីម​បាន​លើកឡើងថា លោក​នៅតែ​និយាយ​អរគុណ​លោកពូ​ទីន​ម្ដង​ហើយ​ម្ដងទៀត សម្រាប់​ការ​ចំណាយពេល​ដ៏​មមាញឹក​ជួប​ជាមួយ​លោក​។​

“​យើង​ធ្វើដំណើរ​មក​រុស្ស៊ី​នៅពេលនេះ​ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី និង​ផ្លាស់ប្ដូរ​ទស្សនៈ​ជាមួយគ្នា​។ វា​ជា​ការផ្លាស់ប្ដូរ​គំនិត​ទៅវិញទៅមក​ទាក់​ទង​នឹង​បញ្ហា​លើ​ឧបទ្វីប​កូរ៉េ និង​ទិដ្ឋភាព​នយោបាយ​នៃ​តំបន់​មួយ​នេះ ដែល​អន្ដរជាតិ​កំពុង​ផ្ដោត​យកចិត្ដទុកដាក់​ខ្លាំង​។ វា​ក៏​ជាការ​បំពេញការងារ​មួយ​ក្នុងន័យ​ស្វែង​រកស្ថិ​ភា​ពនៃ​ទិដ្ឋភាព​នយោបាយ និង​ផ្លាស់ប្ដូរ​យោបល់​លើ​បញ្ហា​ទាក់ទង​នឹង​ការគ្រប់គ្រង​ស្ថានភាព​នយោបាយ​រួមគ្នា​នៅ​ពេលអនាគត​។ គោលបំណង​មួយទៀត​ដើម្បី​ផ្លាស់ប្ដូរ​ទស្សនៈ​ស្ដីពី​ការរីកចម្រើន និង​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ជាតិ​សាសន៍​ទាំងពីរ​។​” នេះ​ជា​សម្ដី​លោក​គីម ជុង​អ៊ុន​។​

​ចំណែក​លោក​ប្រធានាធិបតី​វ្លា​ឌី​មៀ ពូ​ទីន​វិញ​និយាយថា លោក​និង​លោក​គីម​បាន​ពិភាក្សា​មួយ​ទល់នឹង​មួយ​មុន​ចាប់ផ្ដើម​កិច្ចប្រជុំ​នៅ​Vladivostok​។ លោក​ថា​បាន​និយាយ​ពី​បញ្ហា​ប្រវត្ដិសាស្ដ្រ​នៃ​ទំនាក់ទំ​នង​រុស្ស៊ី​-​កូរ៉េខាងជើង និង​ទស្សនៈ​នៃ​ការអភិវឌ្ឍ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ផងដែរ​។ លោក​បន្ថែមថា លោក​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​អ្វីដែល​ចាំបាច់​ត្រូវធ្វើ ដូច្នេះ​ស្ថានភាព​បច្ចុប្បន្ន​នឹង​មើលឃើញ​ផ្លូវ​អភិវឌ្ឍឲ្យ​ល្អប្រសើរ​ទៅមុខ​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​គីម​ទៅ​រុស្ស៊ី ស្របពេល​អាមេរិក​និង​កូរ៉េខាងជើង​កំពុង​ជាប់គាំង​លើ​ដំណើរការ​រំលាយ​នុយក្លេអ៊ែ​រ​។ កិច្ចប្រជុំ​លើក​ទី​ពីរ​រវាង​លោក​ត្រាំ​និង​លោក​គីម​កាលពី​ចុង​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ បិទ​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​អ្វី​ទាំងអស់ ដោយ​អាមេរិក​នៅតែ​បន្ដ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដដែល​។ ដូច្នេះ​ដើម្បី​ជា​ជំនួយ​ដោះស្រាយ​ភាពជាប់គាំង កូរ៉េខាងជើង​ត្រូវការ​យោបល់​ពី​សម្ព័ន្ធមិត្ដ ជាក់ស្ដែង​មាន​រុស្ស៊ី​ជាអាទិ៍​ក្រៅតែពី​ប្រទេស​ចិន​។ កូរ៉េខាងជើង​ក៏​ចង់បាន​ភាពកក់ក្ដៅ​បន្ថែម​ពី​សម្ព័ន្ធមិត្ដ​ដែរ តាមរយៈ​ការ​រឹតបន្ដឹង​ចំណងមិត្ដភាព​។​

​ប៉ុន្ដែ​យ៉ាងណាមិញ​ជុំវិញ​ការរំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង អ្នកជំនាញ​មើលឃើញថា​រុស្ស៊ី​គ្មាន​ឥទ្ធិពល​អ្វី​ឡើយ​។ លោក​Philip Yun​នាយក​ប្រតិ​ប​ត្ដិ​នៃ​អង្គការក្រៅរដ្ឋាភិបាល​ប្រឆាំង​អាវុធ​នុយក្លេអ៊ែរ​NGO Ploughshares Fund បាន​និយាយ​ក្នុង​បទសម្ភាសន៍​ជាមួយ​បណ្ដាញសារព័ត៌មាន​CNN​ថា លោក​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដែល​បញ្ហា​រំលាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង បាន​ក្លាយជា​របៀបវារៈ​សំខាន់​នៃ​កិច្ច​ជំនួប​លើកដំបូង​រវាង​លោក​គីម ជុង​អ៊ុន​ជាមួយ​លោក​វ្លា​ឌី​មៀ ពូ​ទីន​។ ភ្ញាក់ផ្អើល​ដោយសា​រលោក​មើលឃើញថា រុស្ស៊ី​មាន​ឥទ្ធិពល​តិចតួច​ណាស់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។ 

​លោក​បន្ថែមថា កិច្ចប្រជុំ​ផ្ដល់ឱកាស​ឲ្យ​លោកពូ​ទីន​បញ្ចូល​រុស្ស៊ី​ក្នុង​ការសន្ទនា​ដោះស្រាយ​វិបត្ដិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង នៅពេលដែល​ទីក្រុង​ម៉ូស្គូ​ត្រូវបាន​គេ​ទុកចោល​មួយ​ឡែក បន្ទាប់ពី​ផ្ទុះ​សកម្មភាព​ការទូត​ជាមួយ​កូរ៉េខាងជើង កូរ៉េខាងត្បូង អាមេរិក​និង​ចិន​៕

ព័ត៌មានផ្សេងទៀត