កម្ពុជា​​ចុះ​អនុស្សារណៈ​​ជាមួយ​ចិន ​សម្រាប់​ការ​នាំចេញ​អង្ករ​​៤០​ម៉ឺន​តោន​​

25-04-2019 9:47 am 1286
  ស្តាប់
ស្តាប់ជាសំឡេង

​ស្របពេល​ដែល​អឺរ៉ុប​បានប្រកាស​យកពន្ធ​អង្ករ​ពី​កម្ពុជា ប្រទេស​ចិន​ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលេច​ជាមួយ​កម្ពុជា បាន​ព្រមព្រៀង បង្កើន​ការទិញ​អង្ករ​ពី​កម្ពុជា រហូតដល់​៤០​ម៉ឺន​តោន ដែល​មកដល់ពេលនេះ បាន​ឈានដល់​ការចុះ​អនុស្សារណៈ ជា​ផ្លូវកា​រហើយ​។ 

​បើតាម​ការប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម គឺ​កម្ពុជា​-​ចិន បាន​ឯកភាពគ្នា​លើ​សេចក្តីព្រាង​អនុស្សារណៈ​មួយ ពាក់ព័ន្ធ​នឹង​ការទិញ​អង្ករ​៤០​ម៉ឺន​តោន​ពី​កម្ពុជា​នាំចូល​ទៅ​ប្រទេស​ចិន​។ អនុស្សារណៈ​នេះ នឹងត្រូវ​ចុះហត្ថលេខា នៅក្នុង​វេទិកា​ខ្សែក្រវាត់ និង​ផ្លូវ លើក​ទី​២ នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃទី​២៧ មេសា ខាងមុខ​។​

​សេចក្តីប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម ឱ្យដឹងថា ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​ក្រុមហ៊ុនហ្គ្រី​ន ត្រេ​ដ ដែលជា​សេនាធិការ បានធ្វើ​ការពិភាក្សា​ជាមួយ​ក្រុមហ៊ុន​សាជីវកម្ម COFCO នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ថ្ងៃទី​១២ មេសា ឆ្នាំ​២០១៩ លើ​ការរៀបចំ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MoU) សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា ចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។​

​ក្រសួងពាណិជ្ជកម្ម​បាន​បញ្ជាក់ថា ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​លើ​សេចក្តីព្រាង​អនុស្សារណៈ រួចហើយ​។ ចំណុច​សំខាន់ៗ នៅក្នុង​អនុស្សារណៈ​ដែល​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា គឺ​ពាណិជ្ជកម្ម​អង្ករ ភាគី​ចិន យល់ព្រម​ទិញ​អង្ករ ផ្កា​ម្លិះ អង្ករ​ក្រអូប អង្ករ​ស និង​ចុងអង្ករ របស់​ប្រទេស​កម្ពុជា ក្នុង​បរិមាណ​៤០​ម៉ឺន​តោន ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ រហូតដល់​ចុង​ខែធ្នូ ឆ្នាំ​២០២០​។ អនុស្សរណៈ​នេះ​នឹង​ចូល​ជា​ធរមាន​ភ្លាម បន្ទាប់ពី​គូភាគី​ទាំងពីរ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សារណៈ​ដំបូង ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៨ ស្តីពី​ការចូល​អង្ករ​ចំនួន ៣០​ម៉ឺន​តោន​។​

​ចំណុច​សំខាន់​មួយទៀត គឺ​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច ដោយ​ភាគី​ទាំងពីរ នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សរណៈ​រៀងរាល់​ត្រីមាស ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតឡើង​ជាយថាហេតុ​ប្រសិនបើ​កើតឡើង​ក្នុងអំឡុងពេល​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។​

​សូមបញ្ជាក់ថា ការប្រកាស​ទិញ​អង្ករ​ពី​កម្ពុជា​កើន​ដល់​៤០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ របស់​មហា​យក្ស​ចិន​នេះ បាន​ធ្វើឡើង​ដោយ​លោក​ប្រធានាធិបតី​ស៊ី ជិន​ពីង នៅ​ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក​ហ៊ុន សែន នាទី​ក្រុង​ប៉េកាំង កាលពី​ខែមករា ឆ្នាំ​២០១៩ កន្លងទៅ ហើយក៏​ស្រប​ពេលដែល​អឺរ៉ុប​បានប្រកាស​យកពន្ធ​អង្ករ​ពី​កម្ពុជា ផងដែរ​។ 

​បន្ថែម​ពីលើ​នេះ ចិន​នឹង​ប្រឹងប្រែង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម រវាង​កម្ពុជា​-​ចិន ឲ្យ​កើនឡើ​ងដល់​១០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៣ ខណៈ​បច្ចុប្បន្ន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បាន​កើន ឡើងដល់​៥,៦​ពាន់​លាន​ដុល្លារ​៕

 ពាក្យគន្លឹះ  នាំចេញអង្ករ

ព័ត៌មានផ្សេងទៀត