លោកស្រីរ៉ូណា ស្មីត នឹងមកកម្ពុជា១១ថ្ងៃ ផ្តោតសំខាន់លើស្ថានភាពសិទ្ធិមនុស្ស

24-04-2019 9:20 pm 2055

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុ​កសិទ្ធិមនុស្សប្រចាំកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បានឲ្យដឹង ថា លោកស្រីរ៉ូណា ស្មីត អ្នក​រាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា រយៈពេល១១ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។ ការមក​បំពេ​ញទស្សនកិច្ច របស់លោកស្រីរ៉ូណា ស្មីតជាថ្មីទៀតនេះ គឺតបតាមការអញ្ជើញ របស់រាជរដ្ឋាភិបាលកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានដដែល បានស្រង់សម្ដីលោកស្រីរ៉ូណា ស្មីត ថា”ខ្ញុំនឹងផ្តោតបេសកកម្មរបស់ខ្ញុំទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តន៍នានាចាប់តាំងពី​បេសកកម្មរបស់​ខ្ញុំកាល​ពី​ខែវិច្ឆិកាកន្លងមក។ ខ្ញុំមានបំណងបន្តការពិនិត្យផងដែរ ទៅលើវិស័យសិទិ្ធមនុស្ស ទាក់​ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព”។

ប្រភពដដែល បានឲ្យដឹងទៀត ថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃ លោកស្រីរ៉ូណាស្មីត គ្រោងជួបប្រជុំជាមួយមន្រ្តី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍កា​រទូត​នា​នា។ ជាមួយគ្នានេះលោកស្រីរ៉ូណា ស្មីត ក៏នឹងបំពេញទស្សនកិច្ចផងដែរទៅតាមតំបន់ផ្សេងៗ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។ នៅពេលបញ្ចប់ដំណើរទស្សនកិច្ចនេះ លោកស្រីរ៉ូណា ស្មីត នឹងធ្វើសន្និសីទសារព័ត៌​មា​នមួយ ដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋម នៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និសីទនេះនឹងប្រព្រឹ​ត្តទៅនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅការិយាល័យឧត្តមស្នងកា រអង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ៤ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។  

សូមជម្រាប ថា លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេស អ.ស.ប បំពេញបេសកកម្មផ្លូវការជាប្រចាំ​មកកាន់ប្រទេសកម្ពុជា និងធ្វើរបាយការណ៍ប្រចាំឆ្នាំទៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលក្រុមប្រឹក្សានេះ បានតែងតាំង​លោកស្រីនៅក្នុងខែមីនា ឆ្នាំ២០១៥។ លោកស្រីនឹងបង្ហាញរបាយការណ៍បន្ទាប់របស់លោកស្រី ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សក្នុងខែកញ្ញា ឆ្នាំ២០១៩៕  

ព័ត៌មានផ្សេងទៀត