រដ្ឋមន្ត្រីក្រសួង​ការងារ​៖​ត្រូវ​រួមគ្នា​​លើកកម្ពស់​​ផលិតភាព ​និង​ការប្រកួតប្រជែង​​

24-04-2019 3:05 pm 534
  ស្តាប់
ស្តាប់ជាសំឡេង

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅ​ថ្ងៃទី​២៤ មេសា លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ជំរុញ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​សមាគម​និយោជក អង្គការ​សហជីព កម្មករ​និយោជិត ត្រូវ​រួមគ្នា​លើកកម្ពស់​ផលិតភាព និង​ការប្រកួតប្រជែង​ឱ្យ​កាន់តែ​ខ្លាំងក្លា​។ 

​លោក​អ៊ិត សំហេង បានផ្តល់​អនុសាសន៍​មួយចំនួន ដើម្បី​ជំរុញ​ឱ្យ​គ្រប់ភាគី ចូលរួម​លើកកម្ពស់​ផលិតភាព និង​ការប្រកួតប្រជែង​ឱ្យបាន​ខ្លាំង គឺ​បន្ត​ខិតខំ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ​ឱ្យ​កាន់តែ​ប្រសើរឡើង ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ ច្បាប់​ស្តីពី​សហជីព និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ ពិសេស​ត្រូវ​បន្ត​ពង្រឹង​យន្តការ​អធិការ​កិច្ចការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​តម្លាភាព ពង្រឹង​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ លើកកម្ពស់​ការយល់ដឹង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​ស្របច្បាប់​របស់​កម្មករ​និយោជិត និង​និយោជក ព្រមទាំង​បង្កើន​ការអនុវត្ត នូវ បទបញ្ជា ស្តីពី​ការអនុវត្ត​ផែនការ​ស្តីពី​ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូដកកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា ឆ្នាំ​២០១៦-២០១៩​។​អនុវត្ត បទបញ្ជា ស្តីពី​ការរក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ នៅតាម​តំបន់​រោងចក្រ សហគ្រាស និង​តំបន់ឧស្សាហកម្ម​។ ចាត់វិធានការ​ការពា​រ​ទប់ស្កាត់​កូដកម្ម បាតុកម្ម និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​ស្របតាម​នីតិវិធី​ច្បាប់ បទ​ប្បញ្ញត្តិ និង​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​។​

​បន្ត​រៀបចំ​នូវ​បណ្តា​លិខិតបទដ្ឋាន​គតិយុត្ត សម្រាប់​ដាក់ឱ្យ​ដំណើរការ​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព និង​ច្បាប់​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា​។ បន្ត​អនុវត្ត​កម្មវិធី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំឆ្នាំ​តាម​រូបមន្ត និង​យន្តការ​ត្រីភាគី​ដែល​គ្រប់ភាគី​ទទួលយកបាន​កន្លងមក ក្នុង​ការកំណត់​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​។ បន្ត​លើកទឹកចិត្ត​ដល់​មាតាបិតា អាណាព្យាបាល កម្មករ​និយោជិត និង​យុវជន ដើម្បី​ទទួល​ការបណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ និង​ដើម្បី​លើកកម្ពស់​ជំនាញ ផលិតភាព​ការងារ និង​មាន​សមត្ថភាព​ប្រកួតប្រជែង និង​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​អនុសញ្ញា​អន្តរជាតិ​ខាង​ការងារ​ដែល​បានផ្តល់​សច្ចាប័ន​។ 

​សហការ​ជាមួយ​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (ILO-BFC) គម្រោង​បទដ្ឋាន​សង្គម និង​ការងារ​ក្នុង​វិស័យ​វាយ​ន​ភ​ណ្ឌ និង​កាត់ដេរ​នៅ​ទ្វីបអាស៊ី (GIZ-SLSG) នៅ​ប្រទេស​កម្ពុជា គម្រោង​គំនិត​ផ្តួចផ្តើម​កិច្ចព្រមព្រៀង​ជា​សកល (Global Deal Initiative), កម្មវិធី​រួមគ្នា​របស់​អង្គការ សហប្រជាជាតិ «​រួមគ្នា​ដើម្បី​មុខរបរ និង​ការងារ របស់​យុវជន​នៅ​កម្ពុជា​» កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ​២០១៩-២០២៣ និង​គម្រោង​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ​ផ្សេងទៀត ដើម្បី​រួមគ្នា​សម្រេច​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​ដើម្បី​សម្រេច​មហិច្ឆតា​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។ នេះ ជា​អ្វីដែល​លោក​អ៊ិត សំហេង ផ្តល់​ជា​អនុសាសន៍​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​ពិសេស​សមាគម​និយោជក អង្គការ​សហជីព កម្មករ​និយោជិត ក្នុងប្រទេស​កម្ពុជា​៕

 ពាក្យគន្លឹះ  លោកអ៊ិតសំហេង

ព័ត៌មានផ្សេងទៀត