លោកមុត ចន្ថា៖លោកសម រង្សី តែងតែប្រមាថលោកកឹម សុខា

24-04-2019 2:48 pm 2963

អតីតមន្រ្ដីនៃអតីតគណបក្សសង្រ្គោះជាតិមួយរូប គឺលោកមុត ចន្ថា ដែលជាមនុស្សជំនិតរបស់លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិផងនោះ បានលើកឡើង ថា លោកសម រង្ស៊ី និងក្រុមរបស់​លោ​ក តែងតែប្រ​មាថ​មកលើលោកកឹម ​សុខា តាំងពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី មិនទាន់រួបរួមគ្នា បង្កើតគណបក្សសង្រ្គោះជាតិមកម្លេះ។ មកដល់បច្ចុប្បន្ននេះលោកសម រង្ស៊ី នៅតែប្រមាថលោកកឹម សុខា ដូចជាយករូបលោកកឹម សុខា ទៅធ្វើជាល្បែងភ្នាល់,ធ្វើបក្សប្រហារដែ​លលោកកឹម សុខា ដែលលោកមិនគាំទ្រ និងការប្រញ៉ាប់បញ្ចុះតម្លៃលោកកឹម សុខា ថាជាប់គុកឥតប្រយោជន៍ជាដើម។

លោកមុត ចន្ថា បានសរសេរនៅលើគណនីហ្វេសប៊ុក នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដែលខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

កុំខំដំឡើងតម្លៃខ្លួន!

ទោះបីកន្លងមកជាពិសេសនៅមុនឆ្នាំ២០១២ លោកសម រង្សី និងក្រុមរបស់គាត់តែងតែលាបពណ៌ ជេរប្រមាថមកលើលោកកឹម សុខា និងអ្នកគាំទ្រនៃគណបក្សសិទ្ធិមនុស្ស ទោះជាយ៉ាងណាក៏ដោយ ដើម្បីផល​ប្រ​យោ​​​ជន៍​ជាតិ តាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ លោកកឹម សុខា សុខចិត្តរួបរួមជាមួយគណបក្សសមរង្សី បន្ទាប់ពីលោក សម រង្សី និងក្រុមរបស់គាត់ដឹងខ្លួន ថា គណបក្សសមរង្ស៊ី បច្ចុប្បន្នបក្សភ្លើងទៀន ទៅមុខលែង​រួច ធ្លាក់​ចុះបន្ទាប់ពីគណបក្សសិទ្ធិមនុស្ស ស្ទុះឡើងនៅក្នុងការបោះឆ្នោតឃុំ/សង្កាត់ នៅឆ្នាំ២០១២។

ជាការពិត គោលជំហ៊រនយោបាយរបស់លោកកឹម សុខា ដែលលោកតែងតែថ្លែងបញ្ជាក់ជាច្រើនដងកន្លងមករួចមកហើយ គាត់នៅតែរក្សាដដែលនោះ គឺ«គាត់ចង់ឲ្យមានការរួបរួបរួមជាតិទាំងមូល មិនមែនចង់រួប​រួមតែ​ជា​មួយសមរង្សីនោះទេ»។ ក៏ប៉ុន្តែការរួបរួមជាមួយលោកសម រង្សីនោះ គ្រាន់ជាការចាប់ផ្តើមតែប៉ុណ្ណោះ ហើយអ្នកដែលផ្កាប់មុខមិនដឹងខ្យល់អីបង្អាប់ថា កឹម សុខា មានតែ ០៣កៅអី ទៅសុំចូលគេដែលមាន ២៦កៅ​អី​នោះ ត្រូវសួរទៅលោកសម រង្សី ហេតុម្តេចពីមុនលោកកឹម សុខា បបួលរួបរួម បែរជាប្រមាទលោក កឹម សុខា ហើយបែរក្រោយមកបបួលលោក កឹម សុខា រួបរួមទៅវិញ? តើលោក សម រង្សី ល្ងង់រហូតមិនដឹងថា​លេខ​២៦​ច្រើនជាងលេខ០៣ មែនទេ? លោកសម រង្ស៊ី ដឹងថាមាស៣គីឡូក្រាម មានតម្លៃជាងដែក២៦គីឡូក្រាម។

ដូចគ្នានឹងបច្ចុប្បន្ននេះដែរលោកសម រង្សី តែងតែប្រមាថលោក កឹម សុខា ដូចជាយកគាត់ទៅធ្វើជាល្បែងភ្នាល់ ធ្វើបក្សប្រហារដែលលោកកឹម សុខា មិនគាំទ្រ ប្រញ៉ាប់បញ្ចុះតម្លៃលោក កឹម សុខា ថាជាប់គុកឥត​ប្រយោ​ជ​ន៍​​ជាដើម។ ចុះហេតុអ្វីបានជាលោកសម រង្សី នៅតែយកឈ្មោះ និងរូបរបស់លោ​កកឹម សុខា ទៅភ្ជាប់ជាមួយខ្លួនគាត់ (សម រង្ស៊ី) ហេតុម្តេចមិនផ្តាច់ខ្លួនពីលោកកឹម សុខា បើវាយតម្លៃថាលោក កឹម សុខា ឥតតម្លៃ​នោះ​? ឬមួយលោកសម រង្ស៊ី ដឹងច្បាស់ថា សហគមន៍អន្តរជាតិមិនខ្វល់ពីគាត់ «សម រង្ស៊ី»ទៀតទេ ព្រោះគេនិយាយតែពីឈ្មោះ«កឹម សុខា»ក្នុងដំណោះស្រាយនយោបាយជាកត្តាចំបង?សូមពិចារណាផងចុះ ជាពិសេ​ស​អ្នកផ្កាប់មុខ មិនដឹងខ្យល់។ លោកកឹម សុខា នៅតែប្រាថ្នាបង្រួបបង្រួមជាតិ។ លោក កឹម សុខា ថ្លែងថាៈ«បើអ្នកប្រមាថខ្ញុំ សុំកុំប្រមាថជាតិខ្ញុំ»៕

ព័ត៌មានផ្សេងទៀត