លោកព្រាប កុល ជួបទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ក្រោយចូលរួមសមាជ ជាមួយអតីតមន្រ្ដីបក្សប្រឆាំង

24-04-2019 12:21 pm 2546

លោកព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា កាលពីថ្ងៃទី២៣ ខែមេសាម្សិលមិញ បានជួបជាមួយលោ​កឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង ដើម្បីសម្ដែងការគួរសម និងពិភាក្សា​ការ​ងារមួយចំនួន បន្ទាប់ពីរូបលោកបានចូលរួម សមាជអ្នកប្រជាធិបតេយ្យ កាលពីចុសប្ដាហ៍កន្លងទៅ​។​

លោកព្រាប កុល បានសរសេរនៅលើ ទំព័រហ្វេសប៊ុករបស់ខ្លួន ថា ម្សិលមិញរូបបានទៅជួបជាមួយ លោកឡុង ឌីម៉ង់ ឯកអគ្គរាជទួតខ្មែរ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដើម្បីសម្តែងការគួរសម និងស្វែងយល់ពី​កិច្ចការ​ងារ របស់ស្ថានទូតខ្មែរប្រចាំនៅកូរ៉េខាងត្បូង។ លោកបានសរសេរបន្ត ថា លោកLong Dimanche (ឡុង ឌីម៉ង់) បានរៀបរាប់ពីការងារប្រចាំថ្ងៃ រួមទាំងការកែទម្រង់នៃកិច្ចការផ្តល់សេវាកម្មរបស់ស្ថានទូត ដែលមាន​តម្លាភាពជាងមុន។ ជាមួយគ្នានេះលោកព្រាប កុល និងលោកឡុង ឌីម៉ង់ ក៏បានជជែក និងផ្លាស់ប្តូរយោបល់អំពីបញ្ហាផ្សេងៗជាច្រើន ក្នុងនាមជាមនុស្សជំនាន់ក្រោយដូចគ្នា ដោ​យផ្តោតលើទស្សន:វិស័យ សម្រាប់អនា​គត​កម្ពុជា។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក៏បានរំលឹក ថា កាលពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១​ ខែមេសា ឆ្នាំ២០១៩ រូបបានចូលរួមប្រជុំ សមាជអ្នកប្រជាធិបតេយ្យ ដើម្បីពិភាក្សា និងប្រាស្រ័យទាក់ទងជាមួយគណប្រតិភូ មកពីអតីតបក្សប្រឆាំង រួមទាំងអតីតមេដឹកនាំបក្សប្រឆាំងលោកសម រង្ស៊ី ផងដែរ។

លោកព្រាប កុល បានសរសេរនៅលើហ្វេសប៊ុកបញ្ជាក់ ថា”វប្បធម៌នយោបាយថ្មី ត្រូវចាប់ផ្តើមពីការបើកចិត្តឲ្យទូលាយ និងជួបជជែកគ្នាគ្រប់ភាគី គ្រប់បក្សនយោបាយ។ អព្យាក្រិតភាពរ​បស់ខ្ញុំបង្ហាញ​ដោយភាព​ក្លា​ហា​ន នៅក្នុងការប្រាស្រ័យទាក់ទង ជាមួយគ្រប់ភាគី និងគ្រប់និន្នាការនយោបាយ ដោយមិនខ្លាចការលាបពណ៌ និងមូលបង្កាច់។ ការភ័យខ្លាចធ្វើឲ្យមនុស្សលម្អៀង (លម្អៀងព្រោះខ្លាច)”៕  

ព័ត៌មានផ្សេងទៀត