ក្រសួងទេសចរណ៍​​នឹង​ប្រែក្លាយ​​ខេត្ត​កែប​ ជា​តំបន់​លំហែ​​កម្រិត​ខ្ពស់​ គ្មាន​កាស៊ីណូ

24-04-2019 10:48 am 2043
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អះអាងថា នឹង​ប្រែក្លាយ​ខេត្ត​កែប ទៅជា​តំបន់​សម្រាកលំហែ​កម្រិត​ខ្ពស់ ដោយ​ធានា​មិន​ឱ្យមាន​ការបង្កើត​កាស៊ីណូ​(Casino) និង​រោងចក្រ​សហគ្រាស​ឡើយ​។ លោក​ថា រដ្ឋាភិបាល បានសម្រេច​ឱ្យ​ក្រសួង​ទេសចរណ៍ ដឹកនាំ​ការសិក្សា​ពី​ការរៀបចំ​ផែនការមេ អភិវឌ្ឍន៍​ខេត្ត​កែប ឱ្យ​ក្លាយទៅជា​«​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់​»​សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​ទស្សនា​កម្ពុជា​ឱ្យ​កាន់តែច្រើន​។ 

​លោក ថោង ខុន បញ្ជាក់ថា ការអភិវឌ្ឍ​ខេត្ត​កែប ឱ្យ​ក្លាយទៅជា​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់​នេះ គឺ​រាប់បញ្ចូល​ទាំង​ទីក្រុង ឆ្នេរ​ខ្សាច់ កោះ ផ្សារ កំពង់ផែ​ទេសចរណ៍ ភូមិដ្ឋាន​ប្រជាពលរដ្ឋ មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ ក៏ដូចជា​រមណីដ្ឋាន​ទេសចរណ៍​នានា​ផងដែ​រ ប៉ុន្តែ​នឹង​មិនមាន​ការបង្កើតឱ្យមាន​«​កាស៊ីណូ​» និង​រោងចក្រ​សហគ្រាស​ឡើយ​»​។​

​ក្រសួង​ទេសចរណ៍​ក៏បាន​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​លំនៅដ្ឋាន​ទី​២ សម្រាប់​ភ្ញៀវទេសច​រវ័យ​ចំណាស់ ឬ​ចូលនិវត្តន៍ នៅ​ខេត្ត​កែប​នេះ ដើម្បីឱ្យ​ពួកគេ​ពន្យារពេល​ក្នុងការ​ទស្សនា និង​ស្នាក់នៅ​ក្នុង​រយៈពេល​យូរ​ក្នុងប្រទេស​កម្ពុជា ដែល​ជំរុញ​ឱ្យ​ពួកគេ​មាន​ការចំណាយ​ច្រើន​។​

​ដ្បិត​ថា ខេត្ត​កែប​ជា​ខេត្ត​តូច​ជាងគេ​នៅ​កម្ពុជា ក៏ពិតមែន ប៉ុន្តែ​ខេត្ត​នេះ​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍ ពិសេស​គុណភាព​ខ្យល់​សមុទ្រ កោះ​ទន្សាយ ផ្សារ​ក្តាម ហើយ​នាពេល​ខាងមុខនេះ ក៏​អាច​នឹងមាន​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​តូច​មួយ​បន្ថែមទៀត​។​

​បើតាម​លោក​ថោង ខុន ក្រៅពី​គម្រោង​អភិវឌ្ឍន៍​ខេត្ត​កែប​ទៅជា​តំបន់​ទេសចរណ៍​សម្រាក​លំហែ​កម្រិត​ខ្ពស់ រដ្ឋាភិបាល​ក៏​បានសម្រេច​លើ​ការសិក្សា​រៀបចំ «​ខេត្តកំពត​ទៅជា​តំបន់​ទេសចរណ៍វប្បធម៌​បេតិកភណ្ឌ និង​ក​សិ​ទេសចរណ៍​» ក្នុងពេលដែល​រដ្ឋាភិបាល​បាន និង​កំពុង​សាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​មួយ ក្នុង​គម្រោង​កិច្ចសហប្រតិបត្តិការ​ម​ហា​អនុតំបន់​ទន្លេមេគង្គ ដែល​អាច​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២០​ខាងមុខ​ផងដែរ​។​
​មួយទៀត ក៏មាន​គម្រោង​រៀបចំ​ខេត្តកោះកុង​ទៅជា «​តំបន់​អេកូ​ទេសចរណ៍​» ផងដែរ ខណៈ​ខេត្ត​ព្រះសីហនុ​បាន​ក្លាយជា​តំបន់​ទេសចរណ៍ និង​សេដ្ឋកិច្ច​ពហុ​បំណង​រួចហើយ ពោលគឺ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ទាំង​៤​របស់​កម្ពុជា​នេះ សុទ្ធតែ​មាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន ដែល​ផ្ដល់​ផលចំណេញ​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ​។​នេះ​ជា​ការគូសបញ្ជាក់​របស់​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​៕

ព័ត៌មានផ្សេងទៀត