លោក​គីម ជុង​អ៊ុន​​ជិះ​រថភ្លើង​​ទៅ​រុស្ស៊ី​​ជួបពិភាក្សា​​ការងារ​​ជាមួយ​​លោកពូ​ទីន​

24-04-2019 10:46 am 349
លោកពូទីន(ឆ្វេង)​និងលោកគីម ជុងអ៊ុន

​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ចេញដំណើរ​តាម​រថភ្លើង​ពិសេស​របស់លោក ទៅកាន់​ប្រទេស​រុស្ស៊ី​ហើយ​នៅ​ថ្ងៃទី​២៤​មេសា​នេះ ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ ពូ​ទីន​ជា​លើកដំបូង​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​ស្របពេល​កូរ៉េខាងជើង កំពុង​ស្វែងរក​ការ​រឹតចំណង​មិត្ដ​ភាពជា​មួយ​ប្រទេស​សម្ព័ន្ធមិត្ដ ខណៈ​ជាប់គាំង​លើ​កិច្ចពិភាក្សា​ពី​ដំណើរការ​រំលាយ​នុយក្លេអ៊ែ​រ​ជាមួយ​សហរដ្ឋអាមេរិក​។ 

​កិច្ចពិភាក្សា​ទល់មុខ​គ្នា​នេះ​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២៥​មេសា នៅ​ទីក្រុង​Vladivostok​ភាគ​ខាងកើត​ប្រទេស​រុស្ស៊ី​។ ចំពោះ​របៀបវារៈ​នៃ​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី មិនត្រូវ​បានបង្ហាញ​ឲ្យដឹង​ឡើយ​។ សូមបញ្ជាក់ថា ក្រៅពី​ចិន​រុស្ស៊ី​គឺជា​សម្ព័ន្ធមិត្ដ​ជិតស្និទ្ធ​បំផុត​មួយ​របស់​កូរ៉េ​ខាងជើង​។ កន្លងមក​រុស្ស៊ី​ក៏​តែង​ចេញមុខ​គាំទ្រ​កូរ៉េខាងជើង លើ​បញ្ហា​ធំៗ​មួយចំនួន​ដូចជា​ស្នើឲ្យ​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើ​ង​ជាដើម​៕

ព័ត៌មានផ្សេងទៀត