​ក្រសួងបរិស្ថាន​​អំពាវនាវ​ពលរដ្ឋ​ប្រយ័ត្ន​ចាញ់បោក​មេខ្យល់​​នាំទៅ​កាប់​ទន្ទ្រាន​​យក​ដីព្រៃ​របស់​រដ្ឋ​​

24-04-2019 9:55 am 462
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​បរិស្ថាន បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ស្លូតត្រង់ កុំ​ចាញ់បោក​មេខ្យល់​ខិលខូច និង​ស្នើឱ្យ​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព​ខុសច្បាប់​លើ​ករណី​ឈូ​ល​ឆាយ កាប់ឆ្ការ រុករាន​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ ជាពិសេស​ដី​រដ្ឋ​នៅ​តំបន់​ឧទ្យាន​ជាតិ​ព្រះសីហនុ​«​រាម​» ឧទ្យាន​ជាតិ​ព្រះមុនីវង្ស «​បូកគោ​» ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​-​កុសមៈ​«​គីរីរម្យ​» តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ ដែនជម្រកសត្វព្រៃ​លំផាត់ និង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​។

​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភ​ក្ត្រា ថ្លែងប្រាប់​ឲ្យដឹងថា ខណៈ​ទីផ្សារ​ដីធ្លី​នៅ​កម្ពុជា មានតម្លៃ​ខ្ពស់ ក្រុម​មេខ្យល់​ជា​ជនខិលខូច​មួយចំនួន បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ជា​ខែល​ដើម្បី​រំលោភបំពាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ ដែល​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ និង​តំបន់ការពារធម្មជាតិ​នានា​ក្នុងប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ដើម្បី​មក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​ពេលខ្លះ​ក្រុម​ជនខិលខូច​បាន​ប្រើប្រាស់​ប្រជាពលរដ្ឋ​ស្លូតត្រង់ ឱ្យ​បំពាន​ចូល​កាន់កាប់​ដីធ្លី​ដែលមាន​កម្មសិទ្ធិ​ត្រឹមត្រូវ ដើម្បី​យកមក​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​រូបនេះ បានលើកឡើង​ទៀតថា មាន​ក្រុម​ជនខិលខូច​បាននិងកំពុង​អនុវត្ត​ទ្រឹស្តី «​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​»​។ ពួកគេ​បាន​ភូតកុហក​បោកប្រាស់​ពលរដ្ឋ​ស្លូតត្រង់​ដោយ​យក​ដី​រដ្ឋ ឬ​ដី​ដែល​មានកម្ម​សិទ្ធិមក​ធ្វើជា​របស់ខ្លួន និង​លក់​ក្នុង​តម្លៃថោកៗ​ឱ្យ​ពលរដ្ឋ​។ ពេលខ្លះ​ពួកគេ​បាន​ញុះញង់​ពលរដ្ឋ​ឱ្យ​សាងសង់​ខ្ទម​តូចៗ និង​ដាំ​ដំណាំ​ផ្សេងៗ​លើដី​របស់គេ​ដែលមាន​កម្មសិទ្ធិ ដើម្បី​តវ៉ា​ថា​ខ្លួន​បាន​តាំង​ទីលំនៅ​ជា​យូរ​មកហើយ និង​ប្រសិនបើ​ចង់ឱ្យ​រុះរើ​ចេញ​ត្រូវមាន​សំណង ឬ​ផ្តល់​ចំណែក​ដី​ណាមួយ​ដល់​ខ្លួន​ជាដើម​។ 

​លោក នេត្រ ភ​ក្ត្រា ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់ សូមកុំ​ចាញ់បោក​មេខ្យល់​ខិលខូច និង​សូមកុំ​ចូលរួម​ក្នុង​សកម្មភាព​រំលោភបំពាន​ច្បាប់ ដែលនាំឱ្យ​មានការ​ប្រឈម​ចំពោះមុខ​ច្បាប់ ព្រោះ​គ្មាន​ជនណាម្នាក់​អាចយ​កដី​រដ្ឋ​ទៅ​លក់ដូរ​បានឡើយ​។ លោក​បាន​ក្រើន​រំ​ឮ​ក​ប្រជាពលរដ្ឋ​ថា មុននឹង​ទិញ​លក់​ដី ត្រូវ​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​ដី​រដ្ឋ ឬ​ដី​ដែលមាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ ដែលនាំឱ្យ​បងប្អូន​បាត់បង់​ផលប្រយោជន៍​។ 

​លោក នេត្រ ភ​ក្ត្រា ក៏​បានបញ្ជាក់​ផងដែ​រថា អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​និង​កំពុងតែធ្វើកា​រ​ស៊ើបអង្កេត​វែកមុខ​រក​មេខ្យល់​ទាំងអស់ និង​ចង់​ចង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ក៏ដូចជា​ការពិនិត្យ និង​ដកហូត​មកវិញ​នូវ​ដី​រដ្ឋ​ដែល​ទន្ទ្រាន​កាន់កាប់ ដោយ​ខុសច្បាប់​ពី​ក្រុម​ជនខិលខូច​។ លោក នេត្រ ភ​ក្ត្រា ថា កន្លងទៅនេះ អាជ្ញាធរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​ច្បាប់​ប្រឆាំង នឹង​បទល្មើស​នៃ​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​នៅក្នុង​តំបន់​ការពារ ហើយ​មេក្លោង​មួយចំនួន​ដែល​នៅ​ពីក្រោយ​បទល្មើស​នេះ ត្រូវបាន​ចាប់ខ្លួន និង​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ជំនុំជម្រះ​ក្តី​តាមច្បាប់ប​ណ្តើ​រៗ​ហើយ​។ 

​ក្រសួង​បរិស្ថាន បានប្រកាស​ឱ្យ​ជនខិលខូច​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​រាល់​សកម្មភាព​ខុសច្បាប់​ជាអាទិ៍​ការ​ឈូ​ល​ឆាយ ការ​កាប់ឆ្ការ ដុត រុករាន​ទន្ទ្រាន​ដីព្រៃ ការសាងសង់​ខ្ទម ឬ​រោង ការដាំ​ដំណាំ ឬ​ការ​អាស្រ័យ​ផល​លើដី​របស់​រដ្ឋ​។ ជាមួយគ្នានេះ​អាជ្ញាធរ​ក៏បាន​ប្រកាស​ឱ្យ​ឈប់​ជាបន្ទាន់​នូវ​រាល់​ការទិញ​លក់​ដី​រដ្ឋ​និង​ការបញ្ជាក់​ការទិញ​លក់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​។ ក្រសួង​បរិស្ថាន ក៏បាន​ព្រមាន​ផងដែ​រថា ជន​ដែល​នៅតែ​រំលោភបំពាន នឹងត្រូវ​ប្រឈមមុខ​ច្បាប់ ជា​កំហិត​យោងតាម​ច្បាប់​ស្តីពី​ការការពារ​តំបន់​ធម្មជាតិ ច្បាប់​ព្រៃឈើ និង​ច្បាប់​ភូមិបាល​ផងដែរ​៕

ព័ត៌មានផ្សេងទៀត